ខ្មែរប៉ុស្ដិ៍ Close

Oxfam បង្ហាញ​តួលេខ​នៃ​វិសមភាព​សង្គម​នៅលើ​ពិភពលោក មុន​​បើក​វេទិកា​សេដ្ឋកិច្ច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ នគរគំនិត 1053
Oxfam បង្ហាញ​តួលេខ​នៃ​វិសមភាព​សង្គម​នៅលើ​ពិភពលោក មុន​​បើក​វេទិកា​សេដ្ឋកិច្ចOxfam បង្ហាញ​តួលេខ​នៃ​វិសមភាព​សង្គម​នៅលើ​ពិភពលោក មុន​​បើក​វេទិកា​សេដ្ឋកិច្ច

ក្រុម​មហាសេដ្ឋីមាន​ជាង​គេ​បំផុត​​តែ​១%​ មាន​ទ្រព្យ​សម្បត្តិ​ច្រើនដល់​ទៅ​ជាង​ពីរដងលើស​ទ្រព្យ​សម្បត្តិសរុប​​របស់​​ប្រជាពលរដ្ឋ​ចំនួន​ជាង៩០%​ផ្សេង​ទៀតនៅ​លើ​ពិភពលោក។ ពិភពលោកមាន​​​វិសមភាព​សង្គម​ កាន់​តែ​ខ្លាំងឡើងៗ។ ​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ កាន់​តែ​ធំ។ នេះ​បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ របស់​អង្គការ​ Oxfam ដែល​ចេញ​ផ្សាយតែ​មួយថ្ងៃ​មុន​ ​ការបើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោកក្រុង​ដាវ៉ូស។ ជាមួយ​នឹង​តួលេខ​នេះ Oxfam ចង់​ដាស់​ស្មារតី​​ក្រុមមេដឹកនាំ​សេដ្ឋកិច្ច​និង​នយោបាយ​ ឱ្យសម្រេចចិត្ត​ជា​ផ្លូវការ​ ជួយកាត់​បន្ថយ​វិសមភាព​សង្គម​នៅ​លើ​​ពិភពលោក​​ ឱ្យ​បាន​ប្រសើរ​ឡើង​វិញ។

ស្ទើរ​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ ដែល​Oxfam ចេញ​របាយការណ៍​ប្រចាំរបស់​ខ្លួន ដើម្បី​បរិហារ​វិសមភាព​សង្គម​ នៅ​លើ​ពិភពលោក នៅ​មុន​ថ្ងៃបើក​វេទិកា​សេដ្ឋកិច្ចពិភពលោក​ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ក្រុម​ថៅកែ​ក្រុមហ៊ុន​ខ្នាត​ពហុជាតិ​ ប្រមុខដឹកនាំ នយោបាយ ឥស្សរជន​សំខាន់​តំណាង​ឱ្យ​សង្គម​ស៊ីវិល​ នៅលើ​ពិភពលោក ។

នៅ​ឆ្នាំ​នេះ អង្គការ​បានផ្តល់​​ជា​​តួលេខ​បង្ហាញអំពី​ ​វិសមភាពកាន់​តែ​ធ្ងន់ធ្ងរ គម្លាត​តែ​ខ្លាំងរវាង​អ្នក​មាន​និង​អ្នកក្រ​កាន់ និង​ការធ្លាក់​ចុះ​នៃ​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​។ បើ​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​ តាំង​ពី​ឆ្នាំ​២០១៣​មក ​សកម្មភាព​​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក​វិញ បាន​ចុះ​ថយ​​មួយ​ជា​ពីរ។

អ្នក​មាន​កាន់​តែមាន ឯ​អ្នក​ក្រ​កាន់​តែក្រ

បើ​តាម​Oxfam នៅ​ឆ្នាំ​នេះ ក្រុមអ្នក​​មាន​ជាង​គេ​បំផុត​​តែ​១%សោះ​ មាន​ទ្រព្យ​សម្បត្តិ​ច្រើនដល់​ទៅ​ជាង​ពីរដងលើស​ទ្រព្យ​សម្បត្តិសរុប​​របស់​​ប្រជាពលរដ្ឋ​ចំនួន​៩២%​ផ្សេង​ទៀតនៅ​លើ​ពិភពលោក។ មនុស្ស​ប្រុសអ្នក​មាន​ជាង​គេ​បំផុត​លើ​ផែនដី​តែ​២២​នាក់ មាន​ទ្រព្យ​ច្រើន​ជាងប្រជាពលរដ្ឋ​ភេទ​ស្រី​ទាំង​អស់​​នៅលើ​ទ្វីប​អាហ្វ្រិក​ទាំង​មូល។ លោក ប៊ីលហ្កេត ដែល​រំលែក​មរតក​មួយ​ភាគ​ទៅ​បំរើ​ប្រយោជន៍​មនុស្សធម៌​ទៅ​ហើយ មាន​ទ្រព្យ​កើន​ទ្វេ​ដង​ ក្រោយ​ពី​លោក​បាន​ចាក​ចេញ​ពី​ក្រុមហ៊ុន​ Microsoft។ ទន្ទឹម​គ្នា​នេះ ប្រជាពលរដ្ឋ​លើ​ភពផែនដី​ជិត​ពាក់​កណ្តាល​រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ពោល​គឺ​មាន​ប្រាក់​មិន​ដល់​៥​ដុល្លារ​ផងក្នុងមួយ​ថ្ងៃ​សម្រាប់​រស់​។

នៅ​ប្រទេស​បារាំង មហាសេដ្ឋី​មាន​ប្រាក់​ដល់​វាល់ពាន់​លាន​ កាន់​រីកថ្កុំថ្កើនខ្លាំង។ បើ​តាមរបាយការណ៍​​Oxfamដដែល មហាសេដ្ឋី​​បារាំង​ដ៏មាន​ជាងគេ​បំផុត​១៤នាក់ មានកំណើន​ទ្រព្យ​​​ដល់​ ៣៤,៨% គិត​ពី​ថ្ងៃទី ៣១​ធ្នូ​២០១៨មក។ ជា​កំណើន​ដែល​លឿន​ជាង​​មហាសេដ្ឋី​ចិន​ (កើន​ទ្រព្យ​តែ​១៧%) និង​អាមេរិក​ (កើន​ទ្រព្យ​១៥%) ដល់​ទៅ​ពីរ​ដង។ តែចំនួន​អ្នក​ក្រ​វិញ​បាន​កើន​ឡើង​បន្ថែម​ប្រមាណ​ជិត​កន្លះ​លាន​នាក់​ទៀត​នៅ​ឆ្នាំ​២០១៩នេះ។

ប្រព័ន្ធពន្ធដារ​អនុគ្រោះ​ខ្លាំងសម្រាប់​​អ្នកមាន​

តាម​ការពិត អ្នក​មាន​កាន់​តែ​មាន អ្នកក្រ​កាន់​តែ​ក្រ ​គម្លាត​រវាង​អ្នក​មាន​និង​អ្នកក្រ​កាន់​តែ​ខ្លាំង​នេះ មិន​មែន​មក​តែ​ពី​​​ជោគវាសនាតម្រូវ​​ទេ។ បើ​តាម​អង្គការ Oxfam វិសមភាព​នេះ​ជា​លទ្ធផល​នៃ​នយោបាយ​សង្គម​និង​ពន្ធដារ ដែ​ល​បង្រួមការ​បង់វិភាគទាន​របស់​អ្នក​មាន​ (និងក្រុមហ៊ុន)។ តាម​ធម្មតា​ ដើម្បី​សម្តែងសាមគ្គីភាព​ពន្ធដារ អ្នក​មានច្រើន ​ត្រូវ​បង់​ពន្ធ​ច្រើន អ្នកមាន​តិច​ត្រូវ​បង់​ពន្ធ​តិច។ ប៉ុន្តែបើ​តាម​អ្នកនាំពាក្យ​អង្គការ​Oxfam ​មួយ​រយៈ​ក្រោយ​នេះ បារាំង​បាន​ជ្រើសរើស​នយោបាយ​បែប​មូលធននិយម បន្ធូរបន្ថយ​ពន្ធ តែ​ធ្វើ​ឱ្យ​សេវា​សាធារណៈ សេវាដឹកជញ្ជូន អប់រំ សុខភាព ដែល​ជា​កត្តា​ដ៏​សំខាន់​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រីក្រ ធ្លាក់​ផុយស្រួយ​។

​​ស្ត្រីជន​រង​គ្រោះ​ខ្លាំង​ជាងគេ​បំផុតនៃវិសមភាព

Oxfam បាន​ឧទ្ទិស​របាយការណ៍​ឆ្នាំ​នេះ​ ​ដល់​ស្ត្រី ជា​ពិសេស។ យើង​ធ្លាប់​បាន​ឮ​និយាយ​ច្រើន​មក​ហើយ អំពី​ វិសមភាព​រវាង​ស្ត្រី​និង​បុរស នៅ​ក្នុង​ទីផ្សារ​ការងារ ក្នុង​សង្គម​ជាទូទៅ … តែ​​​ភាព​មាន​បាន​ ក៏​ប្រកាន់​ភេទ​ដែរ។ ស្ត្រី​ជា​ជនរងគ្រោះ​ជួរ​មុន​នៃ​វិសមភាព​សង្គម​និង​ភាព​ក្រីក្រ។ នៅក្នុង​របាយការណ៍ អង្គការ​បាន​បរិហារ​ ប្រព័ន្ធ​សេដ្ឋកិច្ច​រើសអើងភេទ និង​អយុត្តិធម៌ ដោយ​​បុរស​មានទ្រព្យ​ធន​៥០%​លើ​សស្ត្រី។ បុរស​កាន់​តួនាទី​ខ្ពស់​ច្រើន​ជាង​ស្ត្រី​។ ចំណែក​កិច្ចការ​ថែទាំ ដែល​ទទួល​ប្រាក់ខែ​ទាប ឬ​គ្មាន​សោះ ជាបន្ទុក​របស់​ស្ត្រី។ នៅលើ​ពិភពលោក​យើង​នេះ ៣/៤​នៃ​ការងារ​ថែទាំ (​​មើលកូន មើល​ម្តាយ​ឪពុក​ចាស់ មើល​កូនចៅ​ពិការ កិច្ចការ​ផ្ទះ​ ចង្ក្រាន​ជើង​ឆ្នាំង បោស​សម្អាត​ បោកគក់ ចាត់ចែង​ចំណាយ​​លុយកាក់ ឬ​ការងារ​រក​អុស-រកទឹក​សម្រាប់​ស្ត្រី​ក្នុង​ប្រទេស​ក្រីក្រ​ខ្លាំង)​ ជា​ភារៈ​របស់​ស្ត្រី។

បើ​គិត​ជា​តម្លៃ​ វាស់​វែង​តាម​បែប​សេដ្ឋកិច្ច​ទៅ ការងារ​ថែទាំ​ទាំង​អស់​នេះមាន​ទម្ងន់​មិន​តិច​ជាង ១០៨០០​ពាន់លាន​ដុល្លារ​ទេ។ ពោល​គឺ​ស្មើ​នឹង​បី​ដង​នៃ​តម្លៃ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ឌីជីថល ដែល​កំពុង​លូតលាស់​ខ្លាំង និង​បង្កើត​ភាព​មានបាន​ដ៏​មហិមា​ នៅ​លើ​ពិភពលោក។ ប៉ុន្តែការងារ​ថែទាំបែរ​​ជា​​មិន​ត្រូវ​បាន​ពិភពលោក​មើល​ឃើញ​​តម្លៃ​ពិត​ ទៅ​វិញ។ ពិត​ជា​អយុត្តិធម៌​មែន!

អង្គការ​Oxfam មិនចេញ​របាយការណ៍​នេះ ដើម្បី​ទាមទារ​ដាច់​ខាត​ថា​ត្រូវ​តែ​បង់​ថវិកា​ឱ្យ​ស្ត្រី​ដែល​ទទួលបន្ទុក​ការងារ​ថែទាំ​នេះ​ទេ ប៉ុន្តែ​ចង់​ឱ្យ​ពិភពលោក​ទទួល​ដឹង​ថា​ ការងារ​ស្ត្រី​ ថ្លៃ​ ប៉ុនណា បើ​គិត​ជា​លុយ។ Oxfam នៅ​បារាំង បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ តម្រែតម្រង់​ទិស​នៅនយោបាយ​​កាត់​បន្ថយ​វិសមភាព​ជា​បន្ទាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ ព្រោះ​បារាំង​ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេងៗ​នៅលើ​ពិភពលោក កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​តែ​មួយ គឺ​វិសមភាព​សង្គម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ផ្ទុះ​ចលនាបះបោរ​​ប្រជាជន។ ចលនា​អាវកាក់​លឿង​ ជា​ឧទាហរណ៍​ជាក់​ស្តែង​សម្រាប់​បារាំង។

​នៅ​ទី​បញ្ចប់ Oxfam ក៏​បាន​ធ្វើ​​បញ្ជី​វិធានការមួយ​ខ្សែ​​ ​ឱ្យ​ពិភពលោក​​​អនុវត្ត ជាមួយ​​កម្មវត្ថុ​​លុប​បំបាត់​​វិសមភាព​ស្ត្រី​និង​បុរសនៅ​ក្នុង​ពិភពការងារ ធានាថា​ប្រព័ន្ធ​ចូលនិវត្តន៍​នឹងបង្រួម​​​វិសមភាព និង​ត្រូវ​រៀប​ចំ​ប្រពន្ធ​ពន្ធដា​រ​ ឱ្យ​អ្នក​មានបាន​​​ចូល​រួម​ចំណែក​បង់​ពន្ធ​ប្រកប​ដោយ​សមភាព​៕

RFI