ខ្មែរប៉ុស្ដិ៍ Close

គ្មាន​​ហេតុ​​​ ក៏​គ្មាន​ផល​នៃ​អំពើដែល​លោក កឹម សុខា​ បាន​ធ្វើ​​នោះ​ដែរ!​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 1332
គ្មាន​​ហេតុ​​​ ក៏​គ្មាន​ផល​នៃ​អំពើដែល​លោក កឹម សុខា​ បាន​ធ្វើ​​នោះ​ដែរ!​គ្មាន​​ហេតុ​​​ ក៏​គ្មាន​ផល​នៃ​អំពើដែល​លោក កឹម សុខា​ បាន​ធ្វើ​​នោះ​ដែរ!​

នៅព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា​ ឆ្នាំ​២០២០នេះ​ លោក​ កឹម សុខា​ មុន​ទៅ​ចូល​រួម​សវនា​បាន​លើក​ឡើងជាមួយអ្នក​សារព័ត៌មាន​​​ថា តុលាការ​មិន​អាច​ចោទ​រូប​លោក​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ដោយ​យោង​តាម​មាត្រា​ ៤៤៣​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទេ​ ដោយ​ហេតុ​ថា​ច្បាប់​នៃ​បទសន្ទិដ្ឋិភាព​នេះ​ចូល​អនុវត្ត​ជាធរមាន​នៅ​ឆ្នាំ​២០១០​ ចំណែក​ឯ​វីដេ​អូ​ និង​ភស្តុតាង​ដាក់​បន្ទុក​ចំពោះ​រូប​លោក​គឺ​​បាន​​ប្រព្រឹត្តិទៅ​តាំង​ពី​​​ឆ្នាំ​១៩៩៣​ ដូច​នេះ​ច្បាប់​នេះ​មិនអាច​មាន​ប្រ​តិសកម្ម​​(​គ្របដណ្តប់​លើ​)​ជា​មួយ​អំពើ​​ដែល​គាត់​បាន​ធ្វើ​ពី​អតី​ត​កាលនោះ​ទេ​។​

ការ​លើក​ឡើង​មក​នេះ​ មិន​ចាំ​បាច់​មេធាវី​ពន្យល់​បក​ស្រាយ​នោះ​ទេ​ សូម្បី​តែ​​ខ្ញុំ​ជា​និស្សិត​​ច្បាប់​​ម្នាក់​ក៏​អាច​ធ្វើ​ការ​ពន្យល់ បក​ស្រាយ​​ និង​លើក​អំពី​អង្គ​ហេតុ​នៃ​បទ​ល្មើស​​​​​របស់​លោក​ កឹម សុខា​ បាន​ដែរ​។ ខ្ញុំ​សូម​ពន្យល់​អំពី​អង្គ​ហេតុ​នៃ​បទ​ល្មើ​ស​នេះ​ដូច​ខាង​ក្រោម​៖

ទី១​- លោក​ កឹម​ សុខា​ បាន​ទទួល​ស្គាល់​ថា​ ទាំង​រូបភាព​​លោក សម្លេងលោក​​ និង​ទាំង​​ខ្លឹម​​សារ​ដែល​​លោក​បាន​​ថ្លែង​​​នៅក្នុង​​​វីដេ​អូដាក់​បន្ទុក​គឺ​ពិត​ជា​​ រូ​ប​ សម្លេង និង​ខ្លឹម​សារ​ របស់​គាត់ពិតប្រាកដ​មែន ​​គ្រាន់​តែ​មាន​​ការ​កាត់​យកត្រង់​ខ្លឹមសារ​ដែល​សំខាន់​ៗ​ ​ជាកង់​ៗ​ប៉ុណ្ណោះ​។​ នៅក្នុង​វីដេអូ​នោះ​​គឺលោក​​បាន​និយាយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោកគឺ​ជាមនុស្ស​តែ​ម្នាក់​ដំបូង​គេ​ ដែល​​​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ងើប​ឡើង​គាស់​រំលើង​រដ្ឋ​អំណាច​តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​មាន​បរទេស​ជាអ្នក​ជួយឱ្យ​​ទៅទទួល​ផែន​ការ​ ដោយ​មួយឆ្នាំគេ​ឱ្យ​ទៅ​​ម្ត​ង​ៗ​​។​ ដូច្នេះ​ ការ​កំណត់​យក​រយៈ​ពេល​​​ដែល​ត្រូវ​យក​មក​ធ្វើ​សវនា​ការ​ពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​ឆ្នាំ​២០១៧​ ដែល​ជាឆ្នាំ​ដែល​លោក កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​គឺ​ពិត​ជារឿង​ត្រឹម​ត្រូវ​បំផុត​ ពី​ព្រោះ​នៅ​ឆ្នាំ​១៩៩៣​នោះ​គឺ​ជាឆ្នាំ​ដែល​លោក​ កឹម សុខា​ បាន​ចាប់​ផ្តើម​អនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​ដំបូង​​បំផុត​។​

ទី២- ចំណែក​នៅក្នុង​វីដេអូ​​​ដែល​លោក កឹម សុខា​ បាន​ស្នើ​ឱ្យ​តុលាការ​ចាក់​នៅក្នុង​សវនា​ការ​ដែលមាន​រយៈពេល​ជាង​១ម៉ោង​នោះ​ក៏​មាន​សម្តី​និយាយប​​ញ្ជាក់​របស់​លោក​ កឹម​ សុខា​ ដែរ​ថា​«ខ្ញុំ​ កឹម សុខា​ ធ្វើ​២០ឆ្នាំ​មក​ហើយ​ដែល​តស៊ូនេះ​​​​…….; គឺ​ខ្ញុំ​សន្សំ​២០​ឆ្នាំ​ហើយ​ប​ងប្អូន​……​​» ។​ សម្តី​​លោក កឹម សុខា​ ដែល​បាន​និយាយ​​នេះ​​គឺ​ជាតម្រុយ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​សកម្ម​ភាព​ដែល​បាន​ធ្វើ​នា​ពេល​បន្ត​បន្ទាប់​​មក​ទៀត​ ហើយ​សកម្មភាព​នោះ​គឺ​បាន​ស៊ី​សង្វាក់​គ្នា​​ឥត​ខ្ចោះ​ជាមួយ​នឹង​សម្តី​ដែល​បាន​និយាយ​ពី​មុន និង​មាន​សកម្មភាព​ជាក់​ស្តែង​ថែម​ទៀត​។​

ទី​៣- ​​តាម​រយៈ​សម្តី​និយាយ​របស់​លោក​ កឹម សុខា​ និង​ការ​ពិនិត្យ​ឃើញ​នូវ​សកម្មភាព​ជាក់​ស្តែង​គឺ​បាន​ឆ្លុះ​បញ្ចាំង​ថា​ លោក​ កឹម សុខា​ ពិត​ជាបាន​អនុវត្ត​តាម​ផែន​ការ​របស់​បរទេស​ដែល​បាន​រៀប​ចំ​ត្រឹម​ត្រូវ​តាម​លំដាប់​លំដោយ​ គឺ​ការ​ចាប់​ផ្តើមធ្វើ​​ កំពុង​ធ្វើ​ និង​បន្ត​ធ្វើ​ សកម្មភាព​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​រហូត​​ដល់​​ថ្ងៃ​ដែល​លោក​ កឹម សុខា​ ត្រូវ​បាន​​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា​ ឆ្នាំ​២០១៧​ យ៉ាង​ពិត​ប្រាកដ​។

សរុប​មក​ ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​មាន​វិធាន​ការ​ច្បាប់​ទប់​ស្កាត់​ទាន់​ពេល​វេលា​នូវ​អំពើ​ក្បត់​ជាតិ​របស់​លោក កឹម សុខា​ ជាមួយ​បរទេស​ទេ​នោះ​ គឺ​នឹង​ធ្វើ​ឱ្យ​មាន​មហន្តរាយ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​ទាំង​មូល​ជាក់​ជាមិន​ខាន​។ ដូច្នេះ​ បើ​គ្មាន​​ហេតុ​ទេ​ ក៏​គ្មាន​ផល​នៃ​អំពើដែល​លោក កឹម សុខា​ បាន​ធ្វើ​​នោះ​ដែរ។​​ ក្នុង​នាម​ខ្ញុំ​ជានិស្សិត​​ច្បាប់​ ខ្ញុំ​សូម​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ចំណា ត់​ការ​របស់​រាជ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ដែ ល​បាន​នាំ​ខ្លួន​លោក កឹម សុខា​ មក​ជំនុំ​ជំរះ​នា​ពេល​នេះ​ ហើយ​ការ​សម្រេច​ក្តី​យ៉ាង​ណា​ចំពោះ​លោក​ កឹម សុខា​ ថា​ត្រូវ​មាន​ទោស​ ឬគ្មាន​ទោសនោះ​ គឺ​ជា​ឆន្ទា​នុសិទ្ធិ​របស់​តុលាការ​។​

ដោយ​៖ និស្សិតឆ្នាំ​ទី​៤​ នៃ​​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​