ខ្មែរប៉ុស្ដិ៍ Close

    ប្រធានាធិបតីអាមេរិក ព្រមានអឺរ៉ុប អំពីសង្គ្រាមពាណិជ្ជកម្ម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1729
    ប្រធានាធិបតីអាមេរិក ព្រមានអឺរ៉ុប អំពីសង្គ្រាមពាណិជ្ជកម្មប្រធានាធិបតីអាមេរិក ព្រមានអឺរ៉ុប អំពីសង្គ្រាមពាណិជ្ជកម្ម

    លោក Donald Trump ប្រធានាធិបតីអាមេរិក បានគំរាមកំហែងផែ្នកពាណិជ្ជកម្មសារជាថ្មីលើអឺរ៉ុប អំពីការយកពន្ធលើការនាំចូលគ្រឿងយន្ត បើសិនជាអឺរ៉ុបមិនឯកភាពចំពោះការពន្យារកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង។ លោក Donald Trump បានព្រមានអឺរ៉ុប នៅថ្ងៃទីពីរក្នុងវេទិកាសេដ្ឋកិច្ច Davos ថាអាមេរិកនឹងការពារផលប្រយោជន៍របស់ខ្លួន ស្របពេលដែលអ្នកអង្កេតការណ៍បានព្រមានថា ភាពសុខសាន្តជាកាសកលនៃពាណិជ្ជកម្មគឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពសេដ្ឋកិច្ចពិភពលោក។

    លោក Trump បានលើកឡើងទៀតថា “ប្រទេសអឺរ៉ុប ជាប្រទេសពិបាកនិយាយគ្នាជាងប្រទេសណាៗទាំងអស់។ ពួកគេបានកេងចំណេញពីប្រទេសរបស់យើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ចុងក្រោយគឺវាងាយស្រួលណាស់ គឺយើងនឹងយកពន្ធ ២៥% លើការនាំចូលរថយន្តរបស់ពួកគេ បើសិនជាយើងមិនអាចបង្កើតកិច្ចព្រមព្រៀងបាន”។

    លោកបានបន្ថែមថា ពេលនេះលោកនឹងផ្តោតទៅលើអឺរ៉ុប បន្ទាប់ពីលោកបានបិទបញ្ចប់ជម្លោះពាណិជ្ជកម្មដ៏តានតឹងជាមួយចិន ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។

    លោក Trump បន្តថា ពីមុនលោកចង់ដោះស្រាយជាមួយចិនសិន ព្រោះលោកមិនចង់បង្កើតសមរភូមិជាមួយចិន និងអឺរ៉ុប ក្នុងពេលតែមួយនោះទេ។ ការលើកឡើងរបស់លោក Trump បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីរតនាគារអាមេរិក លោក Steven Mnuchin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងយកពន្ធលើការនាំចូលរថយន្តរបស់អឺរ៉ុប បើសិនជាអឺរ៉ុបរៀបចំប្រព័ន្ធពន្ធតាមបែបឌីជីថល ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក។

    គួរបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-អឺរ៉ុប ចុះអន់ថយ ក្រោយពេលដែលលោក Donald Trump បានឡើងកាន់អំណាចអស់រយៈពេលបីឆ្នាំមកនេះ។ លោក Trump ក៏បានដាក់ឱ្យមានការយកពន្ធលើដែកថែប និងអាលុយមីញ៉ូម ដែលភាគច្រើននាំចូលពីអឺរ៉ុប ហើយជាការឆ្លើយតប អឺរ៉ុបបានយកពន្ធលើផលិតផលរបស់អាមេរិកមួយចំនួន។

    សូមរំលឹកថា ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមិនច្បាស់លាស់មួយនៅខែមិថុនា ឆ្នាំ២០១៧ ក៏ប៉ុន្តែ ការចរចាផ្សេងទៀតត្រូវបានជាប់គាំងលើរឿងកសិកម្ម៕