ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-គុយបា បន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 875
    កម្ពុជា-គុយបា បន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតកម្ពុជា-គុយបា បន្តកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យ សេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត

    នៅវិមានសន្តិភាព នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំនៅកម្ពុជា។

    ក្នុងជំនួបនោះ លោកស្រី Liurka Rodriguez Barrias បានមានប្រសាសន៍ថា លោកស្រីពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជានាពេលនេះ។ លោកស្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកម្ពុជា និងបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាគឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមិត្តភាពជិតស្និទ្ធហើយជាទំនាក់ទំនាងមួយដែលមានអាយុកាលជាង ៦០ឆ្នាំហើយនៅឆ្នាំនេះ។

    លោកស្រី បានមានប្រសាសន៍បន្ថែមទៀតថា បេសកកម្មរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណងមិត្តភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាកាន់តែរឹងមាំបន្ថែមទៀត ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ។លោកស្រីនឹងខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការឱ្យមានសភាពកាន់តែសកម្មបន្ថែមទៀតជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត។

    លោក ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះលោកស្រី Liurka Rodriguez Barrias ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅក្នុងប្រទេសកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ស្របទៅនឹងការលើកឡើងរបស់លោកស្រី Liurka Rodriguez Barrias ជាមួយនឹងការវាយតំលៃរបស់លោកស្រីទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយលោកនាយករដ្ឋមន្ត្រី ក៏បានយល់ស្របជាមួយលោកស្រីផងដែរទាក់ទងទៅនឹងការពង្រីក ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈជំរុញនូវកិច្ចសហប្រតិបត្តិការនូវវិស័យផ្សេងៗ ដែលប្រទេសយើងទាំងពីរមានស្រាប់មកហើយ។

    នៅក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សូមឱ្យធ្វើយ៉ាងណាពិនិត្យលើកិច្ចព្រមព្រៀងដែលយើងបានចុះហត្ថលេខាហើយ ហើយជំរុញការអនុវត្តនេះតាមកិច្ចព្រមព្រៀងទាំងនោះ ហើយនៅពេលនេះសូមពិនិត្យទៅលើអ្វីផ្សេងៗទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

    ជាទីបញ្ចប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជូនពរលោកស្រី Liurka Rodriguez Barrias ឱ្យបេសកកម្មរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕

    អត្ថបទទាក់ទង