ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 930
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៅកូរ៉េខាងត្បូង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដែលអញ្ជើញអមដំណើរលោកនាយករដ្ឋមន្ត្រី ចេញទៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះ រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់មួយចំនួននៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញជួបប្រជុំជាមួយ លោក មូន ចេអ៉ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ លោកនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយ លោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។

កិច្ចប្រជុំកំពូលពិភពលោក លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ លើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» រួមជាមួយនឹងឥស្សរជនបរទេសមួយចំនួនទៀត ដែលចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល។

សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗ មកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសាងសន្តិភាពសម្រាប់ពិភពលោក។ អង្គការ UPF ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងភរិយារបស់គាត់ គឺលោកស្រី Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។

ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈពិសេសក្នុងការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិនោះ UPF គាំទ្រដល់កិច្ចការងារនានារបស់អង្គការសហប្រជាជាតិ ពិសេសក្នុងផ្នែកកសាងសន្តិភាពបែបចម្រុះសាសនា ការអប់រំអំពីសន្តិភាព ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍ និងគ្រួសារជាដើម។

នៅក្នុងដំណើរអញ្ជើញទៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា សិស្ស-និស្សិត និងពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងផងដែរ។

តាមរយៈដំណើរបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលនេះ ត្រូវបានគេមើលឃើញថា នឹងក្លាយទៅជាការរួមចំណែកថ្មីមួយ ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង។

អត្ថបទទាក់ទង