ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកាខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1229
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកាខាងមុខកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកាខាងមុខ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» ក្នុងគោលបំណងបង្កើតការមូលមតិគ្នាជាអន្តរជាតិប្រកបដោយថាមពលស្តីពីសារៈសំខាន់នៃក្របខ័ណ្ឌពហុភាគីក្នុងការដោះស្រាយបញ្ហានិងការប្រឈមរបស់ពិភពលោក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាគន្លឹះលើមូលបទរបស់កិច្ចប្រជុំកំពូលស្តីពី «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស» នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នេះនឹងជំរុញឱ្យមានការពិភាក្សាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្នជាពិសេសទាក់ទងនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិក៏ដូចជាសម្រេចបាននូវដំណោះស្រាយដែលមានលទ្ធភាពក្នុងការចូលរួមចំណែកកសាងពិភពលោកមួយពោរពេញដោយសន្តិភាព។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកំឡុងពេលស្នាក់នៅកូរ៉េខាងត្បូងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជួបប្រជុំជាមួយលោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។ លោក ក៏នឹងអញ្ជើញចូលរួមពិធីពិសារអាហារថ្ងៃត្រង់រៀបចំដោយលោក ជុង សៃឃ្យូន (Chung Sye-kyun) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ថា អង្គការ UPF ជាបណ្តាញអន្តរជាតិ-អន្តរសាសនានៃក្រុមបុគ្គលក៏ដូចជាស្ថាប័ន រួមមានអ្នកតំណាងមកពីសាសនាផ្សេងៗមកពីរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជនទាំងឡាយ ដែលមានគោលដៅខិតខំប្រឹងប្រែងកសាងសន្តិភាពសម្រាប់ពិភពលោក។ អង្គការ UPF ត្រូវបានបង្កើតឡើងដោយលោក Sun Myung Moon និងភរិយារបស់គាត់ គឺលោកស្រី Dr. Hak Ja Han Moon នៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ដែលមានឋានៈពិសេសក្នុងការប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិនោះ UPF គាំទ្រដល់កិច្ចការងារនានារបស់អង្គការសហប្រជាជាតិ ពិសេសក្នុងផ្នែកកសាងសន្តិភាពបែបចម្រុះសាសនា ការអប់រំអំពីសន្តិភាព ព្រមទាំងការពង្រឹងចំណងអាពាហ៍ពិពាហ៍និងគ្រួសារជាដើម៕

អត្ថបទទាក់ទង