ខ្មែរប៉ុស្ដិ៍ Close

    នៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1576
    នៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រនៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ

    នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ។

    គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ។ ក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវ ប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

    គម្រោងស្តារឡើងវិញផ្លូវទាំងពីរខ្សែនេះ នឹងបែងចែកជា៣ផ្នែក រួមមាន៖
    ផ្នែកទី១៖ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន ប្រវែងជាង ៤គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) បែងចែកដោយគំនូសចែកទ្រូងផ្លូវសាងសង់ចិញ្ចើមផ្លូវសងខាង ផ្លូវថ្មើរជើងសងខាង ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

    ផ្នែកទី២៖ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន ដល់រង្វង់មូលកួរស្រូវ ប្រវែងជាង ៤គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវនៅតាមទីប្រជុំជន។

    ផ្នែកទី៣៖ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែងជាង ៦៣គីឡូម៉ែត្រ នឹងត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក)។ រួមមានគន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ និងម៉ូតូ បែងចែកដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន៕

    អត្ថបទទាក់ទង