ខ្មែរប៉ុស្ដិ៍ Close

    ពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុនត្រូវលុបចោលដោយសារភ័យខ្លាចវីរុសកូរ៉ូណា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 2261
    ពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុនត្រូវលុបចោលដោយសារភ័យខ្លាចវីរុសកូរ៉ូណាពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុនត្រូវលុបចោលដោយសារភ័យខ្លាចវីរុសកូរ៉ូណា

    ភ្នាក់ងារគ្រួសារព្រះចៅអធិរាជជប៉ុនបានអោយដឹងនាល្ងាចថ្ងៃចន្ទនេះថា ពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុន ណារូហ៊ីតូ ដែលនឹងត្រូវប្រារព្ធធ្វើឡើងនាចុងសប្ដាហ៍នេះនៅឯព្រះបរមរាជវាំង ត្រូវលុបចោលវិញ ដោយយោងលើមូលហេតុការភ័យខ្លាចការឆ្លងនៃវីរុសកូរ៉ូណាប្រភេទថ្មី។

    ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដែលនឹងមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ គឺជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មឈានចូល ៦០ព្រះវស្សា ហើយក៏ដូចជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្មលើកដំបូងហើយ បើរាប់ចាប់តាំងពីពេលដែលព្រះចៅអធិរាជអង្គនេះឡើងសោយរាជ្យកាលពីថ្ងៃទី ១ ខែឧសភា បន្តពីព្រះបិតាទ្រង់ គឺព្រះចៅអធិរាជ អាគីហ៊ីតូ ដែលបានដាក់រាជ្យកាលពីថ្ងៃទី ៣០ ខែមេសា។

    បើតាមគម្រោង ព្រះចៅអធិរាជ ណារូហ៊ីតូ និងព្រះជាយា ព្រះនាង ម៉ាសាកូ នឹងចេញមកស្វាគមន៍សាធារណជនចំនួន ៣ដងនៅព្រឹកថ្ងៃអាទិត្យនៅថែវ Chowa-Den នៃព្រះបរមរាជវាំង រួមជាមួយនិងអ្នកអង្គម្ចាស់ ហ្វូមីហ៊ីតូ និងព្រះជាយាព្រះអង្គ ព្រះនាម គីកូ និងបុត្រីទាំងពីរ គឺព្រះនាង ម៉ាកូ និង កាកូ។

    បើតាមការបញ្ជាក់នៅឯសន្និសីទសារព័ត៌មានមួយ លោក Kenji Ikeda បានឱ្យដឹងថា «យើងបានសម្រេចចិត្តលុបចូលនៅការបង្ហាញព្រះកាយជាសាធារណៈ ដែលជាធម្មតាមានមនុស្សម្នាចូលរួមច្រើន គឺដោយសារតែការភ័យខ្លាចពីការរីករាលដាលនៃវីរុសកូរ៉ូណា»។

    គួរបញ្ជាក់ថា បុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជជប៉ុនក៏ធ្លាប់បានលុបចោលផងដែរកាលពីឆ្នាំំ ១៩៩៦ ទៅតាមបំណងប្រាថ្នារបស់ព្រះចៅអធិរាជ អាគីហ៊ីតូ ដោយសារតែមានវិបត្តិចំណាប់ខ្មាំងនៅឯស្ថានទូតជប៉ុនក្នុងប្រទេសប៉េរូ៕

    អត្ថបទទាក់ទង