ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន ​សិង្ហបុរី​ នឹង​​ជួប​​វិបត្តិ​​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ដោយ​​ឥទ្ធិពល​​កូរ៉ូណាវីរុស?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1892
ជប៉ុន ​សិង្ហបុរី​ នឹង​​ជួប​​វិបត្តិ​​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ដោយ​​ឥទ្ធិពល​​កូរ៉ូណាវីរុស?ជប៉ុន ​សិង្ហបុរី​ នឹង​​ជួប​​វិបត្តិ​​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ដោយ​​ឥទ្ធិពល​​កូរ៉ូណាវីរុស?

អាជ្ញាធរ​សិង្ហបុរី បានប្រកាស​​​នៅ​ថ្ងៃ​ចន្ទទី ១៧​កុម្ភៈ​នេះ ថា កំណើន​សេដ្ឋកិច្ច​ជាតិ​ ឆ្នាំ​២០២០ នឹ​ង​ធ្លាក់​ចុះ​ទាប​ជាង​ការ​ព្រាង​ទុក ដោយហេតុ​តែ​វិបត្តិ​កូរ៉ូណាវីរុសដែល​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ និង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម។ ជា​ការ​ធ្លាក់​ចុះ​​ទាបខ្លាំង ស្ទើរ​អាច​ដល់​ថ្នាក់មាន​កំណើន​សេដ្ឋកិច្ច​ដើរ​ថយក្រោយផង។ ចំណែក​ជប៉ុន​វិញ ក៏​នឹង​អាច​ជួប​គ្រោះ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ដែរ ព្រោះ​បន្ទាប់​ពី​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ធ្លាក់​ទាប​បំផុត​ មិន​ធ្លាប់​មាន​នៅ​ត្រីមាស​ទី​បួន​ឆ្នាំ​២០១៩មក ជប៉ុន​ត្រូវ​ប្រឈម​នឹង​ការ​គំរាមកំហែង​កូរ៉ូណាវីរុស​មួយ​ទៀត។

​កំណើន​សេដ្ឋកិច្ច​ចុះ​ថយ​ពី​រ​ត្រីមាស​ជាប់​គ្នា អាច​ចាត់ទុក​បាន​ថា​ប្រទេស​មាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ។ ហើយ​នេះជាអ្វី​​​ដែល​​​ទំនង​ជា​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន។​ កាលពី​​ត្រី​មាស​ទី​បួន​ឆ្នាំ​២០១៩ ​ដោយ​សារ​នយោបាយ​ដំឡើង​ពន្ធលើ​តម្លៃ​បន្ថែម ​ផលិតផលសរុប​ក្នុង​ស្រុក (PIB)ជប៉ុន​ បាន​ធ្លាក់​ទាប​បំផុត គិត​ចាប់​តាំង​ពី​៥ឆ្នាំ​មក។ ក្នុង​​ឆ្នាំ​២០១៩ដដែល ជប៉ុន​ជួប​ គ្រោះ​មហន្តរាយ​ធម្មជាតិ ព្យុះ​កំណាចៗ ដែល​បាន​បង្ក​ផលវិបាក​យ៉ាង​ខ្លាំង​​ដល់​វិស័យ​​ពាណិជ្ជកម្ម​​។ ចូល​ដល់​​ត្រីមាស​ទីមួយ​ឆ្នាំ​២០២០ ជប៉ុន​រង​ការ​គំរាម​កំហែង​ទ្រង់ទ្រាយ​ធំ​មួយ​ទៀត ដែល​គេ​មិន​ទាន់​អាច​វាស់​វែង​អំពី​ទំហំ​នៃ​ផលវិបាកបាន​នៅ​ឡើយ នោះ​គឺ​ជំងឺ​រាត​ត្បាត​Covid​-19។

គិត​មកទល់​ថ្ងៃ​អង្គារ​ទី ១៨ កុម្ភៈ​នេះ ជប៉ុន​ជា​ប្រទេសដែល​​មាន​ចំនួន​អ្នក​កើត​ជំងឺ​កូរ៉ូណា​វីរុស​ច្រើន​ជាងគេ​លំដាប់​ទី​ពីរ​ បន្ទាប់​ពី​ចិន។ បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជប៉ុន ​កូវីត​ថ្មី ​ប៉ះពាល់​ខ្លាំង​លើ​ផ្នែក​សេវាកម្ម។ វិស័យ​ទេសចរណ៍ ត្រូវ​គាំង​ស្តូក​ស្តឹង តាំង​ពី​ចិន​ចេញ​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ។

ក្រៅ​ពី​ជប៉ុន សិង្ហបុរី ក៏​ទំនង​ជា​អាច​ធ្លាក់​ក្នុង​វិបត្តិ​កំណើន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ​ដែរ។ នៅ ក្នុង​សេចក្តី​ថ្លែងការណ៍​ ចុះថ្ងៃទី​១៧​កុម្ភៈ ក្រសួង​ពាណិជ្ជកម្ម​សិង្ហបុរី បាន​អះអាង​ដោយ​ចំៗ​ថា ដោយ​ហេតុ​កូរ៉ូណាវីរុស កំណើន​សេដ្ឋកិច្ច​ជាតិ នឹង​ធ្លាប់​ទាប​ជាង​ការ​ព្យាករលើក​មុន​ និង​មិន​​បាន​ច្រាន​ចោល​សេណារីយោនៃ​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយក្រោយទេ។ ចំនួន​ទេសចរ​ចាប់​ធ្លាក់​ចុះ ការ​នាំ​ចេញ​ចាប់​បន្ថយ​ល្បឿន ប្រជាពលរដ្ឋ​ក៏​លែង​សូវ​ចាយ​វាយ ចេញដើរ ឬ ចូលហាង។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​ក្រសួង​។

នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong ដែល​មិន​ច្រាន​ចោល​អំពី​លទ្ធភាព​សិង្ហបុរីធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ បាន​ព្រលយ​ឱ្យ​ដឹង​តាំង​ពី​សប្តាហ៍មុន​ម្ល៉េះ​ថា​ ​កូវីត​ថ្មី ជះ​ឥទ្ធិពល​អាក្រក់​​លើ​សេដ្ឋកិច្ច​សិង្ហបុរី​ធ្ងន់ជាង​កាលផ្ទុះ​រោគ​សារស៍។ រដ្ឋាភិបាល​សិង្ហបុរី ត្រូវ​បង្ហាញ​គម្រោង​ថវិកា​ដែល​មាន​បញ្ចូល​វិធានការ​សម្រាប់​ទប់​ស្កាត់​ផលវិបាក​បង្ក​ឡើង​រោគរាតត្បាត​កូរ៉ូណា​ថ្មី នៅ​ថ្ងៃ​នេះ​អង្គារ​ទី ១៨​កុម្ភៈ​នេះ។

សូម​បញ្ជាក់​ថា ឱ្យតែ​មាន​វិបត្តិ​អ្វី​មួយ​​លេចសញ្ញា​ឡើងភ្លាម សេដ្ឋកិច្ច​សិង្ហបុរី តែង​រង​គ្រោះ​​មុន​គេ។ តែនៅពេល​​ស្ថានភាព​ប្រសើរ​ឡើង​វិញ​តែបន្តិច សេដ្ឋកិច្ច​សិង្ហបុរីក៏​ស្ទុះ​ឡើង​វិញ​ភ្លាម​ មុន​គេដែរ៕

RFI

អត្ថបទទាក់ទង