ខ្មែរប៉ុស្ដិ៍ Close

    លិខិត្តមិត្តអ្នកអាន៖ ទាំងអស់គ្នាចូលរួមអនុវត្តវិធានការដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 975
    លិខិត្តមិត្តអ្នកអាន៖ ទាំងអស់គ្នាចូលរួមអនុវត្តវិធានការដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩លិខិត្តមិត្តអ្នកអាន៖ ទាំងអស់គ្នាចូលរួមអនុវត្តវិធានការដាក់ចុះដោយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រឆាំងនឹងវិបត្តិជំងឺកូវីដ-១៩

    ប្រឈមមុខនឹងការរាតត្បាតនៃមហន្តរាយវីរ៉ុសកូវីដ-១៩ ដែលកំពុងតែវាយលុកពិភពលោកបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចុះនូវកញ្ចប់វិធានការលើផ្នែកសុខុមាលភាព សាធារណៈនិងសេដ្ឋកិច្ច សង្គមដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយវីរ៉ុសជំងឺកូវីដ ១៩។ ការប្រយុទ្ធប្រឆាំងនឹងវីរ៉ុសជំងឺកូវីដ ១៩ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យក្រសួងស្ថាប័នទាំងរដ្ឋនិងឯកជន ព្រមទាំងពលរដ្ឋម្នាក់ៗត្រូវចាត់ទុកថាជាការងារអាទិភាពទី១ និងចាំបាច់បំផុត។

    វិធានការដែលបានត្រៀមរៀបចំមុនពេលដែលបុរសជនជាតិខ្មែរម្នាក់ ត្រូវបានរកឃើញថាបានឆ្លងវីរ៉ុសកូវីដ ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ដែលធ្វើការនៅកន្លែងជាមួយគ្នាក្នុងទីរួមខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០។ អ្នកជំងឺដែលត្រូវបានថែរក្សាព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ហើយបើតាមក្រុមគ្រូពេទ្យស្ថានភាពសុខភាពរបស់គាត់មិនមានអ្វីគួរឱ្យព្រួយបារម្ភឡើយ។ ជាមួយគ្នានេះក្រុមគ្រួសារ៣នាក់ផ្សេងទៀតរបស់គាត់រួមនឹងអ្នកមានទំនាក់ទំនងជាមួយអ្នកជំងឺជនជាតិខ្មែរ និងជប៉ុនសរុបជិត៣០នាក់ ត្រូវបានធ្វើតេស្តស្វែងរករោគសញ្ញាដោយវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែនៅល្ងាចថ្ងៃទី៨ និងទី៩ ខែមីនានេះបានបង្ហាញថាមានភាពអវិជ្ជមានមិនមានការឆ្លងវីរ៉ុសកូវីដ-១៩ ឡើយ។

    ទោះជាស្ថានភាពនៃការរាតត្បាតនៃវីរ៉ុសនេះលឿនរហ័ស និងមានភាពគួរឱ្យព្រួយបារម្ភជាពិសេសសម្រាប់មនុស្សវ័យចំណាស់ដែលមានភាពស៊ាំនៃសព៌ាង្គកាយខ្សោយ ប៉ុន្តែភាពភ័យខ្លាចរបស់មនុស្សចំពោះវីរ៉ុសកូវីដ-១៩ នេះមានសភាពធ្ងន់ធ្ងរខ្លាំងជាងលើសពីហានិភ័យពិតរបស់វា។ ដោយសារតែភាពភ័យខ្លាចជ្រុលនេះបានធ្វើឱ្យបុគ្គលមួយចំនួនបាត់ម្ចាស់ការភ័យស្លន់ស្លោរនិងងាយនឹងជឿតាមការបំពុលព័ត៌មានរបស់ក្រុមជនអគតិមួយចំនួនដែលបានឆ្លៀតប្រើប្រាស់ការភ័យខ្លាចជ្រុលហួសហេតុរបស់ប្រជាពលរដ្ឋមួយចំនួនទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនដូចជាការលក់ម៉ាស់ការពារ ទឹកអាកុលលាងដៃក្នុងតម្លៃថ្លៃ ការបំផុសបំផុល បំភិតបំភ័យពលរដ្ឋឱ្យទិញអង្ករ ត្រីសាច់ និងរបស់ឧបភោគដើម្បីរក្សាស្តុកទុកជាដើម។ ឈ្មួញមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃទំនិញខុសពីធម្មតាដែលនៅព្រឹកថ្ងៃទី៩ ខែមីនា នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យមានការលក់ដូរឡើងតម្លៃ។ ចំណែកឯក្រុមជនអគតិមួយចំនួនដែលមានចរិតបំផ្លាញជាតិ បង្កចលាចលខិតខំបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិតដោយគ្មានសីលធម៌ គ្មានគុណធម៌។ ថាវីរ៉ុសកូវីដទៅដែលមានភាពសាហាវបង្កើតការភ័យខ្លាចប៉ុន្តែក្រុមជនបំពុលព័ត៌មានអំពីកូវីដ-១៩ពិតជាគួរឱ្យខ្លាចនិងស្អប់ខ្ពើមរាប់លានដងហើយជនរបៀបនេះគឺជា«ជនមេរោគចង្រៃជាតិ» ដែលមិនគួរឱ្យរួចខ្លួនពីសំណាញ់ច្បាប់ឡើយ។ សារព័ត៌មានឬអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏ត្រូវមានការយល់ដឹងនិងគោរពក្រមសីលធម៌វិជ្ជាជីវៈជាពិសេសភាពឯកជននិងការសម្ងាត់នៃអ្នកជំងឺមិនត្រូវប៉ុស្តិ៍ឬចែកចាយរូបថតនិងអត្តសញ្ញាណអ្នកជំងឺឡើយ។ ការផ្សព្វផ្សាយពីអត្តសញ្ញាណអ្នកជំងឺជាសាធារណៈមិនត្រឹមតែធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គលទេ ថែមទាំងធ្វើឱ្យអ្នកជំងឺ និងក្រុមគ្រួសារពួកគេរងគ្រោះផ្លូវចិត្តនិងការរើសអើងផងដែរ។ ចាប់តាំងពីការផ្ទុះឡើងនៃការរាតត្បាតចម្លងវីរ៉ុសកូវីដ ១៩ នេះដែលចាប់ផ្តើមចេញពីទីក្រុងវូហាន ប្រទេសចិន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដើរតួនាទីសំខាន់ក្នុងសកម្មភាពមនុស្សធម៌អន្តរជាតិទាំងការ លើកទឹកចិត្តនិងការសហការជាលក្ខណៈអន្តរជាតិដើម្បី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺសម័យថ្មីនេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ ១៩ រហូតមកដល់ពេលនេះ និងរហូតទៅដល់ការបញ្ចប់នៃជំងឺកូវីដ ១៩ នេះ ការងារអាទិភាពខ្ពស់បំផុតរបស់កម្ពុជាគឺប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃកូវីដ ១៩ ដែលនេះគឺជា ការងារដែលយើងត្រូវធ្វើទាំងអស់គ្នា»។

    សម្តេចបានបន្តថា កម្ពុជាត្រូវតែរៀបចំផែនការនិងវិធានការនានាដែលត្រូវ ប្រកាន់យកក្នុងករណីកូវីដ-១៩ បានឆ្លងមកដល់កម្ពុជានិងបានឆ្លងរាលដាលពីពលរដ្ឋម្នាក់ទៅពលរដ្ឋម្នាក់ដែលមានល្បឿនលឿន និងទ្រង់ទ្រាយធំ។ រដ្ឋបានត្រៀមថវិកា សម្រាប់ជួយពលរដ្ឋក្នុងករណីចាំបាច់នៃការឆ្លងរាលដាល កូវីដ ១៩ តាមរយៈការសម្រេចកាត់បន្ថយការចំណាយរបស់ ក្រសួងស្ថាប័នទាំងអស់ចំនួន ៥០ភាគរយ លើកលែងតែ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលតម្រូវកាត់បន្ថយ ២៥ ភាគរយ ដើម្បីសន្សំប្រាក់ទាំងនោះ។ ការចំណាយរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ត្រូវកាត់បន្ថយដែរដើម្បីសន្សំប្រាក់ទាំងនោះទុកសម្រាប់បង្វែរការចំណាយចាំបាច់ទៅលើវិស័យសុខាភិបាល។ ជាវិធានការជាក់ស្តែង ក្រោយពីបរុស ម្នាក់នៅខេត្តសៀមរាបត្រូវបានរកឃើញថាមានភាពវិជ្ជមាន ចំពោះវីរ៉ុសកូវីដ ១៩ វិធានការបន្ទាន់គឺសម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងអប់រំបិទសាលារៀនទាំងអស់ក្នុងក្រុងសៀមរាបជាបណ្តោះអាសន្នដើម្បីជៀសវាងកុំឱ្យមាន ការឆ្លងវីរ៉ុសកូវីដ ១៩ ជាយថាហេតុ រហូតដល់មានការជូនដំណឹងជាថ្មី។ គម្រោងរៀបចំប្រារព្ធសង្ក្រាន្តសៀមរាបក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលបញ្ជាឱ្យលុបចោលផងដែរ។ នៅថ្ងៃទី៩ ខែមីនា នេះ សាលារៀនទាំងរដ្ឋនិងឯកជនសរុបចំនួ ១១០ រាប់តាំងពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាល័យនិងសាលាបណ្តុះវិជ្ជាជីវៈត្រូវបានបិទបណ្តោះអាសន្ន។ នេះគឺជាវិធានការដើម្បីបង្ការការរីករាលដាលនៃការឆ្លងជំងឺ កូវីត។

    តើប្រជាពលរដ្ឋ អាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ?
    ទី១៖ បញ្ឈប់ការភ័យខ្លាចហួសហេតុដែលនាំឱ្យមានការបង្កចលាចលធ្វើឱ្យសង្គមមានការជ្រួលច្របល់និងផ្តល់ឱកាសដល់ជនអគតិឆ្លៀតធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា។ ក្រុមប្រឆាំងរត់ចោលស្រុកបានខិតខំបំភ្លៃព័ត៌មានជុំវិញវីរ៉ុសកូវីដ ១៩ ដើម្បីញុះញង់ និងបង្អើលប្រជាពលរដ្ឋឱ្យភ័យស្លន់ស្លោរ បាត់ម្ចាស់ការ ហើយនឹងអាលពួកគេបង្កើតកលយុគផ្សេងៗ។

    ទី២៖ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត ហើយមុន នឹង ចែករំលែកបន្ត គួរពិនិត្យមើលប្រភពព័ត៌មានឱ្យច្បាស់លាស់ ហើយនេះក៏ជាការចូលរួមអនុវត្តវិធានការរាជរដ្ឋាភិបាលលើការគ្រប់គ្រងជំងឺកូវីដ។ ការសម្លាប់ព័ត៌មានក្លែងក្លាយដោយដាក់ការពិតឱ្យបានឆាប់រហ័ស ក៏ជាផ្នែកមួយនៃការលុបបំបាត់ភាពភ័យខ្លាចដែលកើតចេញពីព័ត៌មានក្លែងក្លាយ។

    ទី៣៖ ពលរដ្ឋជាអាជីករលក់ដូររបស់របរប្រើប្រាស់ដូចជាម៉ាស់ ទឹកអាកុលលាងដៃ ឬគ្រឿងឧបភោគបរិភោគត្រូវប្រកាន់ក្រមសីលធម៌ខ្ពស់ និងមានគុណធម៌ដោយមិនត្រូវឆ្លៀតយកចំណេញផលប្រយោជន៍ពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋជុំវិញការចម្លងជំងឺកូវីត ១៩ឡើយ។ ការធ្វើមានធ្វើបាន ពីលើការភ័យខ្លាចរបស់ពលរដ្ឋគឺជាទង្វើខ្វះគុណធម៌។

    ទី៤៖ ដើម្បីបង្ការពីការឆ្លងជំងឺកូវីត ១៩នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តការសម្អាតអនាម័យដោយសម្អាតផ្ទះសម្បែង ឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកអាកុល និងជែលផ្សេងៗ។ ប្រើម៉ាស់ ឬក្រម៉ាការងារនៅកន្លែងចាំបាច់មួយចំនួន ហើយក្នុងករណីមានការសង្ស័យក្រោយពីមានរោគសញ្ញាសង្ស័យមួយចំនួនគួរប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នកដើម្បីធ្វើតេស្តមើលជំងឺកូវីត ១៩។

    ទី៥៖ ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជាពិសេសអយ្យការអមតុលាការរាជធានីខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ចាត់វិធានការផ្លូវច្បាប់ដ៏តឹងរឹងចំពោះជនទាំងឡាយណាដែលបំពុលព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងនឹងជំងឺកូវីដ ១៩។ ប្រទេសផ្សេងៗទៀតដូចជាប្រទេសថៃជាដើមក៏បានចាត់វិធានការចំពោះអ្នកបំភកលៃព័ត៌មានអំពីជំងឺកូវីដដែរ។

    ទី៦៖ ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ រួមសាមគ្គីជាធ្លុងមួយទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ប្រឆាំងដាច់ខាតក៏បំពុលសង្គម និងការបំភិតបំភ័យដោយក្រុមជនទុច្ចរិត៕

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ, ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០

    អត្ថបទទាក់ទង