ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ លោក Patrick Murphy ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា គឺផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ឯកសារ 3156
    ក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ លោក Patrick Murphy ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា គឺផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្រសួងការបរទេសកម្ពុជា៖ ការលើកឡើងរបស់ លោក Patrick Murphy ពាក់ព័ន្ធនឹងសវនាការ លោក កឹម សុខា គឺផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ

    អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ សម្តែងការខកចិត្តជាខ្លាំងចំពោះមតិយោបល់របស់ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា ការថ្លែងបែបនេះ គឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ។

    សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy ដែលបានចូលស្ដាប់សវនាការ លោក កឹម សុខា ពីម្សិលមិញ បានលើកឡើងថា សហរដ្ឋអាមេរិកមានការរំខានចិត្តដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិតដែលត្រូវបានប្រឌិតរឿងទាក់ទងនឹងសហរដ្ឋអាមេរិក។

    អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានលើកឡើងថា ការថ្លែងយោបល់បែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធតុលាការកម្ពុជា ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។

    យោងតាមបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៕

    ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖

    អត្ថបទទាក់ទង