ខ្មែរប៉ុស្ដិ៍ Close

    ឥណ្ឌា​ដែលមាន​ប្រជាជន ជាង ១៣០០​លាននាក់​ចាប់ផ្តើម​បិទទីក្រុង ដោយសារ ​កូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 1416
    ឥណ្ឌា​ដែលមាន​ប្រជាជន ជាង ១៣០០​លាននាក់​ចាប់ផ្តើម​បិទទីក្រុង ដោយសារ ​កូវីដ-១៩ប្រជាជន​ឥណ្ឌា​សម្រុកគ្នា​ឡើង​រថភ្លើង បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បិទទីក្រុង​ញូវដេលី ដោយសារ​កូវីដ ១៩ REUTERS - PRASHANT WAYDANDE

    រដ្ឋ និងទីក្រុង​ធំៗ​របស់​ឥណ្ឌា​បាន​បិទ​ព្រំដែន ចាប់​ពីព្រឹកថ្ងៃចន្ទ ទី ២៣មីនា ចំណែក​ប្រជាជន​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ស្ថិតនៅក្នុង​ផ្ទះ ក្នុង​ក្របខ័ណ្ឌ នៃ​យុទ្ធនាការ​របស់រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លងរីករាលដាល កូវីដ ១៩។ វិធានការ​បិទទីក្រុង និង​រដ្ឋ នៅទូទាំង​ប្រទេស ត្រូវ​បាន​នាយករដ្ឋមន្រ្តី​ឥណ្ឌា ប្រកាស កាលពី​យប់​ថ្ងៃ​អាទិត្យ នៅបន្ទាប់ពី បម្រាមគោរព​ស្ម័គ្រចិត្ត រយៈពេល ១៤ម៉ោង​បាន​ឈាន​ចូលដល់ទីបញ្ចប់។

    សម្រាប់​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោកណារិនដ្រា ម៉ូឌី បម្រាមគោរព ស្ម័គ្រចិត្ត រយៈពេល ១៤ម៉ោង កាលពីថ្ងៃអាទិត្យ ជា​ការហាត់សម​របស់​ប្រជាជន​ឥណ្ឌា ដើម្បី​ត្រៀម ខ្លួន ស្ថិតនៅ​តែក្នុង​ផ្ទះ ក្នុងរយៈពេល​យូរអង្វែង​ដែល មានការបិទទីក្រុង ដើម្បី ចូលរួម​កាត់បន្ថយ ការឆ្លងមេរោគកូរ៉ូណា។

    “នេះគ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​ការប្រយុទ្ធប្រឆាំង​ដ៏យូរអង្វែងមួយ។ ប្រជាជន​របស់​ប្រទេស​ឥណ្ឌា បាន​ប្រកាស​ថា ពួកគេ​អាច​បន្តប្រយុទ្ធយកឈ្នះ បើសិន គេ​សម្រេចចិត្តថា ធ្វើ” នេះជា​សាររបស់​លោកនាយករដ្ឋមន្រ្តី​នៅក្នុង​បណ្តាញ​សង្គម​Twitter កាលពីថ្ងៃ​អាទិត្យ។

    ទីក្រុង​ញូវដេលី ដែល​មាន​ប្រជាជន ២០លាននាក់ បាន​បិទព្រំដែន​របស់ខ្លួន បិទហាង និងការិយាល័យ​ឯកជន រហូត​ដល់​ថ្ងៃទី ៣១​មីនា។ រដ្ឋផ្សេងទៀត បាន​បិទ ព្រំដែន​ទាំងមូល ឬ បិទតែ​ស្រុកណា​ដែលមាន​ផ្ទុះការរាតត្បាត​កូរ៉ូណាវីរុស កាត់បន្ថយ ការធ្វើដំណើរ និង​បិទមធ្យោបាយធ្វើដំណើរ​សឹងទាំងស្រុង។ ក្រុមហ៊ុន​អយស្ម័យយាន​ឥណ្ឌា​បាន​លុបចោល សេវាដឹកជញ្ជូន​របស់ខ្លួន​ភាគច្រើន ដោយរក្សា​ទុក​តែ​ការដឹកជញ្ជូន​ទំនិញ និង​ចរាចរណ៍​នៅជាយក្រុង។

    ឥណ្ឌា ដែល​មាន​ប្រជាជន​ច្រើនជាងគេ​ទី២ ក្នុង​ពិភពលោក បន្ទាប់ពី​ប្រទេស​ចិន ប្រមាណ ១៣០០លាននាក់ រកឃើញ​មាន​ចំនួន​អ្នកឆ្លង ៣៦០នាក់ និង​មនុស្ស​ស្លាប់ ៧នាក់ ដោយសារ​កូរ៉ូណាវីរុស។ សម្រាប់អ្នកជំនាញ កង្វះ​តេស្ត​រកមេរោគ ធ្វើ​ឲ្យគេជឿថា ចំនួនអ្នកឆ្លងមេរោគ​កូរ៉ូណា មាន​ចំនួន​ច្រើនជាងនេះ​ឆ្ងាយណាស់។ មន្រ្តី​ឥណ្ឌា​អះអាងថា តេស្ត​រកមេរោគ​កូរ៉ូណា​ធ្វើសម្រាប់​តែ​អ្នកដែល​​ចេញ​រោគសញ្ញា និង​ដែល​ធ្លាប់​ប៉ះពាល់​អ្នកជំងឺ​កូវីដ ១៩ កន្លងមក។

    ឥណ្ឌា​ស្ថិតក្នុង​ចំណោម​ប្រទេស​ផ្សេងទៀត នៅក្នុង​តំបន់ អាស៊ី​ខាងត្បូង ដែលមាន​ប្រជាជន​រស់នៅ​កកកុញ ជិតគ្នា ដែល​អាច​ប្រឈមខ្លាំង​នឹង​ការឆ្លងមេរោគកូរ៉ូណា។ អ្នកជំនាញ​ព្រមានថា ឥណ្ឌា​ដែល​កំពុង​មានវិស័យសុខាភិបាល​ខ្សត់ខ្សោយ ខ្វះ​គ្រូពេទ្យ និង​មន្ទីរពេទ្យ នឹង​មិនអាច​ជៀសផុត ពីការកើនឡើង​នៃ​ចំនួនអ្នកឆ្លងមេរោគកូរ៉ូណា​នោះទេ។ នៅទីក្រុង​ប៊ុមបៃ ប្រជាជន​នៅ​តំបន់ជាយក្រុង ដ៏ក្រីក្រ​ធំជាងគេ​ក្នុង​ពិភពលោក​បាននិយាយ​ថា ដោយសារ​តែ​ប៉ូលិស​ហាមមិន​ឲ្យ​ប្រជាជន​ដើរចេញក្រៅ ពួកគេ​ត្រូវ​ស្ថិតនៅ​ប្រជ្រៀតគ្នា ក្នុង​ខ្ទម ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ខ្លាចខ្លាំង​ពីលទ្ធភាព​ឆ្លងមេរោគកូរ៉ូណា៕ RFI

    អត្ថបទទាក់ទង