ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ឯកសារ 1950
រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបន្ថែមជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19

រាជរដ្ឋាភិបាលម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ស្តីពីវិធានការបន្ថែមសំដៅជួយដល់វិស័យឯកជន និងកម្មក-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។

សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល បានលើកឡើងថា បើទោះបីមានការវាយតម្លៃជារួមថា សេដ្ឋកិច្ចកម្ពុជានៅមានភាពរឹងមាំ និងក្នុងខណៈដែលរាល់វិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញមក នៅជុំទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងវិធានការពាក់ព័ន្ធជាបន្តបន្ទាប់ នឹងនៅតែអនវុត្តជាធម្មតា, រាជរដ្ឋាភិបាលបានសម្រេចចិត្តដាក់ ចេញនូវវិធានការបន្ថែមជាជុំទី២ មួយទៀត សំដៅជួយដល់វិស័យឯកជន ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ឲ្យអាចបន្តរស់រានបាន ក្នុងពេលដ៏លំបាកនេះ ក៏ដូចជាជួយដល់កម្មករ និយោជិត នៅក្នុងវិស័យពាក់ព័ន្ធ។

វិធានការថ្មីនេះ ត្រូវបានជួយដល់វិស័យដូចជា វិស័យអាកាសចរណ៍ វិស័យទេសចរណ៍ វិស័យឯកជនជាច្រើនពាក់ព័ន្ធការជួយអគារ ទីតាំងអាជីវកម្ម និងរោងចក្រជាដើម។វិធានការទាំងនោះរួមមាន៖

ទី១៖ វិស័យអាកាសចរណ៍

  • លើកលែងការបង់ពន្ធអប្បបរមា (Minimum tax) សម្រាប់រយៈពេល៣ខែ ចាប់ពីខែមីនា រហូត ដល់ខែឧសភា ឆ្នាំ២០២០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជា
  • ពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិលសម្រាប់រយៈពេល៦ខែ ជាមួយនឹងការអនុញ្ញាត ឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំបង់ប្រាក់ជំពាក់នោះ ជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ។

ទី២៖ វិស័យទេសចរណ៍

  • ពង្រីកវិសាលភាពបន្ថែម លើវិធានការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះ បញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល៣ខែ ដោយគិតចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២០។ អាជីវកម្មទាំងនេះ នៅតែមានកាតព្វកិច្ច ដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធ អនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (EVAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃ ការលើកលែងនេះ។
  • កំណត់ឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមិនា ឆ្នាំ២០២០, ប៉ុន្តែប្រាក់ពន្ធត្រូវបានអនុញ្ញាតឲ្យបង់ រំលាស់ជារៀងរាល់ខែ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០
  • ពង្រីកវិសាលភាព នៃយន្តការនៃការចូលរួមចំណែកឧបត្ថម្ភ២០% នៃប្រាក់ខែអប្បបរមា (២០% នៃ១៩០ ដុល្លារ) ពីរាជរដ្ឋាភិបាលដល់កម្មករ និយោជិត ដែលរងផលប៉ះពាល់ពីការព្យួរ ឬផ្អាកដំណើរការអាជីវកម្មរបស់សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ។ ការផ្តល់ប្រាក់ឧបត្ថម្ភ២០% នៃប្រាក់ខែអប្បបរមានេះ តម្រូវឲ្យភ្ជាប់ជាមួយនូវលក្ខខណ្ឌ នៃការចូលរួមវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីៗ រវាងពី១ ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍។
  • ការបើកប្រាក់ឧបត្ថម្ភនេះ ទាមទារនូវការរៀបចំយន្តការផ្ទៀងផ្ទាត់ និងជ្រើសរើសសិក្ខាកាម ចូលរួមជាកម្មករ និយោជិត តាមរយៈការពិនិត្យលើបញ្ជីរាយនាមកម្មករ-និយោជិតពី សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដោយមានឈ្មោះភ្ជាប់ជាមួយលេខបណ្ណ ប.ស.ស ឬការបញ្ជាក់ពីម្ចាស់អាជីវកម្មទេសចរណ៍។
  • មិនចាំបាច់បង់ប្រាក់វិភាគទានធានារ៉ាប់រង របបហានិភ័យការងារ និងថែទាំសុខភាព (បសស) ក្នុងអំឡុងពេលព្យួរ ឬ ផ្អាកដំណើរការអាជីវកម្ម។

ទី៣៖ ដោយវិស័យឯកជនជាច្រើន មានកង្វល់ពីការធានាប្រក្រតីភាព នៃការជួលអគារ-ទីតាំងអាជីវកម្ម និងរោងចក្រនានា ក្នុងដំណាក់កាលលំបាកនេះ រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង-ស្ថាប័នរដ្ឋ និងអំពាវនាវដល់បុគ្គលឯកជន ដែលជាម្ចាស់អគារ-ទីតាំងអាជីវកម្ម និងរោងចក្រឲ្យជួយសម្រួលដល់ ភាគីអ្នកជួល ដោយជៀសវាងការបញ្ឈប់កិច្ចសន្យា ឬការបណ្ដេញចេញ ក្នុងករណីដែលអ្នកជួលមិនមានលទ្ធភាពបង់ថ្លៃសេវាជួល បានទាន់ពេលវេលា និងសូមលើកទឹកចិត្តឲ្យភាគីម្ចាស់អគារ-ទីតាំងអាជីវកម្ម និងម្ចាស់រោងចក្រ ចរចាគ្នាជាមួយនឹងអ្នកជួល លើការពន្យារពេលសម្រាប់ការបង់ថ្លៃសេវាជួល និងការដេញថ្លៃសេវាជួលជាយថាហេតុ។

ទី៤៖ ក្រសួងស្ថាប័នទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់

ទី៥៖ រាជរដ្ឋាភិបាល នឹងបន្ដតាមដានសភាពការណ៍ផលប៉ះពាល់ ពីជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គម និងត្រៀមជាស្រេចក្នុងការដាក់ចេញ នូវវិធានការបន្ថែមទៀត ដើម្បីផ្ដល់នូវការជួយគាំទ្រសមស្រប និងតាមការចាំបាច់ ដល់ក្រុមហ៊ុនអាជីវកម្ម និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ៕

សូមអានសេចក្តីប្រកាសព័ត៌មាន របស់រាជរដ្ឋាភិបាលទាំងស្រុង៖

អត្ថបទទាក់ទង