ខ្មែរប៉ុស្ដិ៍ Close

    ស្ថានទូតចិន ប្រគល់ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់​មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2453
    ស្ថានទូតចិន ប្រគល់ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់​មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្ថានទូតចិន ប្រគល់ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់​មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានប្រគល់ថ្នាំបាញ់ចំនួន២០ធុង និង​ឧបករណ៍បាញ់ថ្នាំចំនួន៤០គ្រឿង សម្រាប់បាញ់សម្លាប់មេរោគលើយន្តហោះ ជូនរដ្ឋ​លេខា​ធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ដើម្បីទប់ស្កាត់ និងការពារ ការរាលដាល​មេរោគ​COVID-19 លើ​វិស័យ​អាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ នេះបើយោងតាមការផ្សាយរបស់​រដ្ឋលេខាធិការ​ដ្ឋាន​​អាកាសចរ​ណ៍​ស៊ីវិល។

    ក្នុងពិធីប្រគល់ និងទទួលថ្នាំបាញ់ចំនួន២០ធុង និង​ឧបករណ៍៤០គ្រឿង សម្រាប់បាញ់​សម្លាប់មេរោគលើយន្តហោះ ជូនរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល កាលពីព្រឹកថ្ងៃអង្គារ ៨ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាស​ចរណ៍ស៊ីវិលបានមានប្រសាសន៍ថា ថ្នាំបាញ់ចំនួន២០ធុង និងឧបករណ៍៤០គ្រឿង គឺពិតជា​មានសារៈសំខាន់ណាស់ សម្រាប់បាញ់លើយន្តហោះពិសេស ( VVIP Flight) ជាព្រះទីនាំងនៃ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​ថ្នាក់ដឹកនាំកំពូលៗនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់បាញ់លើក្រុមហ៊ុនអាកាសចរណ៍កម្ពុជា​ដែលត្រូវការ​ចាំបាច់។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានជូនលិខិតថ្លែងអំណរគុណដល់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជា​មានិត​ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់នូវឧបករណ៍ សម្ភារ និង ថ្នាំសម្លាប់​មេរោគខាងលើ ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងត្រូវការជាចាំបាច់។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា នេះជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្រោមពាក្យស្លោក «មិត្តភាពដែកថែប កម្ពុជា-ចិន» ដើម្បីទប់ស្កាត់ និងការពារ ការរាលដាល​​មេរោគCOVID-19។ ឯកឧត្ដមបានលើកឡើងថា ការទប់ស្កាត់មេរោគCOVID-19នេះ រដ្ឋ​លេខា​ធិការដ្ឋានអាកាសចរណ៍ស៊ីវិល កំពុងអនុវត្តន៍នូវវិធានការ វាស់កំដៅយ៉ាងតឹងរឹង​គ្រប់មន្ត្រីថ្នាក់​ដឹក​នាំ និងភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ពេលចូលធ្វើការ និងមកដល់ក៏បានបាញ់ថ្នាំ​សម្លាប់​មេរោគ ក្នុងបរិវេណ អគារធ្វើការ និងគ្រប់នាយកដ្ឋាន ព្រមទាំងការិយាល័យធ្វើការទាំងអស់ ក្នុងគោលបំណង ទប់ស្កាត់ និងការពារ ការរាលដាលមេរោគCOVID-19 ដែលជាសត្រូវមើល​មិនឃើញ។ ទន្ទឹមនេះ ចំពោះមន្ត្រីដែលបញ្ចប់បេសកម្មក្រៅប្រទេស ពេលមក​ដល់​នឹង​តម្រូវឱ្យនៅដាច់ដោយឡែក និងនៅគេហដ្ឋានចំនួន១៤ ថ្ងៃសិនមុនចាប់ផ្តើមធ្វើការ។

    គូរបញ្ជាក់ផងដែរថា ការផ្តល់សម្ភាររបស់ស្ថានទូតចិនជូនដល់រដ្ឋ​លេខា​ធិការដ្ឋាន​អា​កាសចរណ៍ស៊ីវិលនេះ គឺជាការឆ្លើយតបតាម​ការសន្យារបស់ លោកស្រី Zuo Wenxing អនុ​ប្រធានស្ថានបេសកកម្ម និងជាទីប្រឹក្សា នយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy) ប្រចាំស្ថានទូតចិននៅកម្ពុជា ដែលបានសន្យាផ្តល់ នូវឧបករណ៍ សម្ភារ និងថ្នាំសម្លាប់មេរោគ ក្នុងឱកាសជំនួបពិភាក្សារការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ កន្លងទៅ៕

    អត្ថបទទាក់ទង