ខ្មែរប៉ុស្ដិ៍ Close

ឥណ្ឌូណេស៊ី​​ ប្រកាស​​ពី​​ភាព​​អាសន្ន​​នៅពេល​​ដែល​​ចំនួន​​អ្នក​ស្លាប់​​ដោយ​​កូវីដ​១៩​​ ហក់​​ឡើង​ខ្ពស់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1389
ឥណ្ឌូណេស៊ី​​ ប្រកាស​​ពី​​ភាព​​អាសន្ន​​នៅពេល​​ដែល​​ចំនួន​​អ្នក​ស្លាប់​​ដោយ​​កូវីដ​១៩​​ ហក់​​ឡើង​ខ្ពស់ឥណ្ឌូណេស៊ី​​ ប្រកាស​​ពី​​ភាព​​អាសន្ន​​នៅពេល​​ដែល​​ចំនួន​​អ្នក​ស្លាប់​​ដោយ​​កូវីដ​១៩​​ ហក់​​ឡើង​ខ្ពស់

មេដឹកនាំ​ឥណ្ឌូណេស៊ី​លោក​ជូកូ​ វីដូដូ​ បាន​ប្រកាស​ពី​ភាពអាសន្ន​ នៅ​ថ្ងៃ​អង្គារ ទី៣១ មីនា ខណៈពេល​ដែល​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូវីដ-១៩​ ហក់​ឡើងខ្លាំង​នៅក្នុង​ប្រទេស​។ តែ​ទោះជា​បែបនេះ​ក្តី​ លោក​ជូកូ​ វីដូដូ​ បាន​បដិសេធចំពោះការ​អំពាវនាវ​ឲ្យ​ចាត់​វិធានការ​បិទ​ប្រទេស​ទាំងមូល​។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជូកូ​ វីដូដូ​ បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ ចំពោះ​ការ​បដិសេធ​មិនព្រម​បិទទ្វារ​ចាក់សោ​ការធ្វើដំណើរ​ចេញចូល​ក្នុងទីក្រុងធំៗ​ រួមទាំង​រដ្ឋធានី​​ហ្សាការតា​ ដែល​មាន​ប្រជាជន​ប្រមាណ​ ៣០​ លាន​នាក់​។ គឺ​នៅ​ហ្សាការតា​នេះ​ហើយ​ ដែល​មាន​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូវីដ-១៩​ ច្រើន​ជាងគេ​បំផុត​ នៅក្នុង​ទឹកដី​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។

វិធានការ​បិទទីក្រុងធំៗ ឬក៏បិទប្រទេសទាំងមូល ត្រូវបានអ្នកជំនាញខាងជំងឺឆ្លង​ទទួល​ស្គាល់ថា មានប្រសិទ្ធភាព ក្នុងការការពារកុំឲ្យវីរុសកូវីដ-១៩ ឆ្លងរីករាលដាលខ្លាំង។ ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ​ គេ​ក៏ទទួលស្គាល់​ដែរថា​ វិធានការណ៍​នេះ​ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាពក្រីក្រ រកមួយថ្ងៃ​ ​រស់​មួយថ្ងៃ​ ហើយបញ្ហានេះ​ ទំនង​ជា​កត្តា​មួយ​ដែល​ជំរុញឲ្យ​មេដឹកនាំ​ឥណ្ឌូណេស៊ី​ បដិសេដ​មិន​ព្រមបិទ​ទីក្រុង​ធំៗដែរ។

នៅ​ពេល​ប្រកាស​ពី​ភាពអាសន្ន​ ក្រៅតែពី​បានអំពាវនាវ​ឲ្យមានការ​រក្សាគំលាតសង្គម​ លោក​ប្រធានាធិបតី​ជូកូ វីដូដូ​ ក៏បាន​ប្រកាស​បញ្ចេញថវិកា​ជំនួយសង្គម​ និងប្រាក់​ឧបត្ថម្ភចំនួន​ ១,៥ ពាន់លានដុល្លារផងដែរ​ ដល់អ្នក​ដែល​មានប្រាក់​ចំណូលទាប​។

គួរជម្រាបជូនថា នៅឥណ្ឌូណេស៊ី មានមនុស្ស​រាប់​សិបលាន​នាក់​ ធ្វើការ​ដោយ​ទទួលបាន​ប្រាក់កម្រៃ​ទាប​។ លោកប្រធានាធិបតី​ជូកូ វីដូដូ បាន​និយាយថា​ ដើម្បី​ដោះស្រាយ​វិបត្តិ​បង្ក​ឡើងដោយ​មេរោគកូរ៉ូណាថ្មី​ ឥណ្ឌូណេស៊ី​ បាន​ជ្រើសរើស​វិធីសាស្ត្រ​រក្សា​គំលាតសង្គម​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយធំ​។

“យើង​ត្រូវ​តែរៀនពី​បទ​ពិសោធន៍​របស់​ប្រទេស​ដទៃទៀត​ ក៏ប៉ុន្តែ​ យើង​មិនអាច​ចម្លងបទ​ពិសោធន៍​របស់​គេ​ទាំងដុល​ យកមក​អនុវត្ត​នៅក្នុង​ប្រទេសឥណ្ឌូណេស៊ី​យើង​នោះទេ​ ពីព្រោះថា​ប្រទេស​នីមួយៗ​មានស្ថានភាព​ខុសៗគ្នា​”។ លោក​ប្រធានាធិបតី​ជូកូ​ វីដូដូ​ បញ្ជាក់បន្ថែម​។

សូមរំឭកជូនថា​ គិតត្រឹម​ថ្ងៃអង្គារ​ ទី៣១​ មីនា​ ឥណ្ឌូណេស៊ី​មានករណី​ឆ្លង​វីរុសកូវីដ​១៩​ ចំនួន​ ១ ៥២៨ ករណី​ ហើយ​មានអ្នកស្លាប់​ ១៣៦ នាក់​។ នេះ​បើតាម​តួលេខ​របស់អាជ្ញាធរ​ឥណ្ឌូណេស៊ី​។ ក៏ប៉ុន្តែ​ គេ​គិតថា​ តួលេខ​ដែល​ចេញ​ដោយអាជ្ញាធរ​ឥណ្ឌូណេស៊ី​នេះ​ មាន​ចំនួន​ទាបជាង​តួលេខ​ពិតប្រាកដ​ឆ្ងាយណាស់​៕ RFI

អត្ថបទទាក់ទង