ខ្មែរប៉ុស្ដិ៍ Close

    ជប៉ុនធ្វើតេស្តសាកល្បងយកថ្នាំផ្តាសាយ Avigan មកព្យាបាលជំងឺកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2127
    ជប៉ុនធ្វើតេស្តសាកល្បងយកថ្នាំផ្តាសាយ Avigan មកព្យាបាលជំងឺកូវីដ-១៩ជប៉ុនធ្វើតេស្តសាកល្បងយកថ្នាំផ្តាសាយ Avigan មកព្យាបាលជំងឺកូវីដ-១៩

    តើថ្នាំ​ប្រឆាំង​ជំងឺ​ផ្តាសាយ អាវីហ្កង់ Avigan (favipiravir) ​មានប្រសិទ្ធភាពអាច​ព្យាបាល​ជំងឺ​កូវីដ-១៩​ ​យ៉ាងណា ? បន្ទាប់​ពី​បានឃើញ​លទ្ធផល​សិក្សា ​​នៅ​ក្នុង​ប្រទេស​ចិន គួរ​ជា​ទី​សង្ឃឹមមក ក្រុមហ៊ុន​ហ្វូជីហ្វីម Fujifilm របស់​ជប៉ុន បាន​ចាប់ផ្តើម​ការ​ធ្វើ​តេស្ត​សាកល្បង ដោយ​ប្រើ​ថ្នាំ​ អាវីហ្កង់​ ព្យាបាលអ្នក​ជំងឺ​កូវីដ-១៩ ចំនួន​១០០នាក់ នៅ​តូក្យូ។ ការសាកល្បង​នឹង​ប្រព្រឹត្ត​ទៅរហូត​ដល់​ដំណាច់ខែ​មិថុនា។

    ថ្នាំ អាវីហ្កង់ (Avigan) នឹង​ត្រូវ​យកទៅ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ ដែលបានធ្លាក់​ខ្លួន​ឈឺរលាកសួត ដំណាក់កាលដំបូង និង​មានអាយុ ពី​២០​ទៅ​៧៤ឆ្នាំ។ ការព្យាបាល​ដោយ​លេប​ថ្នាំ​នេះ​ត្រូវ​មាន រយៈពេល​យ៉ាង​យូរ​បំផុត ១៤​ថ្ងៃ។ ស្ត្រី​មាន​ផ្ទៃពោះមិន​ត្រូវបានអនុញ្ញាត​ឱ្យ​ធ្វើ​ការ​សាកល្បង​ប្រើ​ថ្នាំ​នេះទេ ព្រោះ​ខ្លាច​មាន​ផលរំខានដល់​ទារក​ក្នុង​ផ្ទៃ។ ប្រសិន​បើ​ការ​សាកល្បង​នេះទទូល​បាន​​លទ្ធផល​ល្អ ​ប្រសិទ្ធភាព​នៃ​ថ្នាំត្រូវ​​បាន​បញ្ជាក់ នោះ​ក្រុមហ៊ុន​អាច​សុំ​សិទ្ធិ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ទូទៅសម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩​ហើយ។ នេះបើ​តាមសេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ ដែលមាន​សកម្មភាពខ្លាំង​ក្នុង​វិស័យ​សុខាភិបាល តែ​​សាធារណជន​ទូទៅ​ស្គាល់ច្រើន​ត្រឹម​​ជា​​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខារការិយាល័យ​និង​ថតរូប។

    ក្រុមហ៊ុន​បាន​សម្រេច​ធ្វើ​ការ​សាកល្បងនេះ ក្រោយ​ពី​នាយករដ្ឋមន្ត្រីជប៉ុន​ បាន​ប្រកាស​កាលពីចុងសប្តាហ៍​មុន​ថារដ្ឋាភិបាល​ជប៉ុន​នឹង​រៀប​ចំ​សំណើបែបបទ​តាមច្បាប់​ដើម្បី​អនុម័ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ អាវីហ្កង់ សម្រាប់ព្យាបាលជំងឺ​កូវីដ-១៩។

    សូមបញ្ជាក់ថា​ ថ្នាំ​ អាវីហ្កង់ ដែល​មាន​ធាតុសកម្ម​ favipiravir ត្រូវបាន​អាជ្ញាធរ​ចិន​ធ្វើ​ការ​សាកល្បង​គ្លីនិក និង​បានផ្តល់លទ្ធផល​គួរ​ជា​ទី​សង្ឃឹមកាលពី​ខែ​មុន។ បើ​តាម​ប៉េកាំង អាវីហ្កង់ (favipiravir) បាន​ជួយ​ឱ្យអ្នកជំងឺ​ឆាប់​ជាពី​កូរ៉ូណាវីរុសថ្មី។

    ស្ថិត​ក្នុង​ចំណោម​ថ្នាំ​Antiviraux អាវីហ្កង់ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ នៅ​ជប៉ុន នៅ​ឆ្នាំ​២០០៤សម្រាប់​ព្យាបាល​ជំងឺ​គ្រុនផ្តាសាយ​ធំធ្ងន់ធ្ងរ​ខ្លាំង ដែលពុំអាច​ព្យាបាល​ដោយ​ថ្នាំ​អ្វីផ្សេងទៀត​បាន។ ធាតុសកម្ម​របស់​ថ្នាំអាវីហ្កង់ មាន​សមត្ថភាព​ពិសេស​អាច​ទៅ​ទប់​វីរុស​ផ្តាសាយប្រភេទ ARN polymérase ​មិន​ឱ្យ​ធ្វើ​សកម្មភាព។ ចំណែកកូរ៉ូណាវីរុស​ថ្មី ក៏​ជា​ប្រភេទ​វីរុសនេះដែរ ទើបអ្នក​ស្រាវជ្រាវ​មានសង្ឃឹម​ថា​ថ្នាំ​អាវីហ្កង់​អាច​ព្យាបាល​កូវីដ-១៩​បាន​ដែរ។ ​ប៉ុន្តែ​អាវីហ្កង់ គ្មានដាក់លក់​តាមឱសថស្ថាន និង​ស្តុក​ក្នុង​មន្ទីរពេទ្យ​ នៅ​ជប៉ុន​ឬនៅ​បរទេស​ទេ។

    អ្នកស្រាវជ្រាវ​និង​ក្រុមហ៊ុន​ឱសថ​នៅ​លើ​ពិភពលោក កំពុង​ប្រជែងគ្នា​ស្វែង​រក​ថ្នាំ​ព្យាបាល​និងថ្នាំ​បង្ការប្រឆាំងនឹង​ជំងឺកូវីដ-១៩​​យ៉ាង​សកម្ម​។ ក្តីសង្ឃឹម​កំពុង​រំពឹង​ខ្លាំង​ជាងគេ​ ទៅ​លើ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំពន្យារជីវិត​ប្រឆាំង​នឹង​ជំងឺស៊ីដា និង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ អ៊ីដ្រូស៊ីក្លរ៉ូគីន Hydroxychloroquine និងក្លរ៉ូគីន Chloroquine ដែលមាន​ស្រាប់៕

    អត្ថបទទាក់ទង