ខ្មែរប៉ុស្ដិ៍ Close

កូវីដ-១៩៖ ក្រុងម៉ូស្គូ ដាក់​កាមេរ៉ា១០ម៉ឺនគ្រឿង​ចាំ​ឃ្លាំមើល អ្នកដែលត្រូវសម្ងំនៅផ្ទះនិងអ្នក​ដំណើរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1515
កូវីដ-១៩៖ ក្រុងម៉ូស្គូ ដាក់​កាមេរ៉ា១០ម៉ឺនគ្រឿង​ចាំ​ឃ្លាំមើល អ្នកដែលត្រូវសម្ងំនៅផ្ទះនិងអ្នក​ដំណើរកូវីដ-១៩៖ ក្រុងម៉ូស្គូ ដាក់​កាមេរ៉ា១០ម៉ឺនគ្រឿង​ចាំ​ឃ្លាំមើល អ្នកដែលត្រូវសម្ងំនៅផ្ទះនិងអ្នក​ដំណើរ

នៅក្រុងម៉ូស្គូ ការឃ្លាំមើលដើម្បីកំណត់មុខមនុស្ស ក្លាយជា ឧបករណ៍គន្លឹះនៃយុទ្ធសាស្ត្រ ប្រឆាំងកូរ៉ូណាវីរុស។ ចំណែក ពួកអ្នករិះគន់ នាំគ្នាបរិហារតាំងពីយូរមកហើយ ហានិភ័យនៃការប្រើឧបករណ៍បែបនេះ គឺក្នុងគោលដៅ នយោបាយ តែម្តង។

តាំងពីខែកុម្ភៈមក អ្នកក្រុងម៉ូស្គូ ទាំងពាន់ៗនាក់ ជាពិសេស អ្នកដែលត្រឡប់មកពីប្រទេសដែលឆ្លង ដោយ កូវីដ-១៩ បានត្រូវដាក់ឲ្យនៅដាច់ដោយឡែង ឬបង្ខាំងខ្លួនឯង សម្រាប់រយៈពេល ១៤ ថ្ងៃ ដើម្បីទប់ ស្កាត់ ការសាយភាយនៃជំងឺរាតត្បាតនេះ។

អាស័យដ្ឋាន បទចម្លងនៃអត្តសញ្ញាណបណ្ណ និង លេខទូរសព្ទរបស់ពួកគេ ត្រូវចងក្រងនៅក្នុងស្តុកនៃទិន្នន័យរបស់ក្រុងម៉ូស្គូ។ ក្រុង​នេះ មានបណ្តាជន ប្រមាណ ១៦លាន នាក់ បើរាប់់ទាំង អ្នកចេញចូល រៀងរាល់ថ្ងៃ។ ម្នាក់ៗ សុទ្ធតែត្រូវព្រមានថា ការប្រព្រឹត្តល្មើសលើរបបសម្ងំនៅផ្ទះ គឺនឹងពិន័យជាប្រាក់ ឬថែមទាំងអាចជាប់គុកទៅផង។​ បើជា​ជនបរទេស នឹងត្រូវ បញ្ជូនខ្លួនចេញពីប្រទេសរុស្ស៊ី​។

អភិបាលក្រុងម៉ូស្គូ Serguei Sobianin ព្រមាន៖ «ការគោរពរបបសម្ងំនៅផ្ទះ ជា កម្មវត្ថុនៃការតាមដានឃ្លាំមើលជាប់ជានិច្ចពីខាងអាជ្ញាធរ ជាអាទិ៍​ ដោយ ប្រព័ន្ធខាងកំណត់មុខអ្នកប្រព្រឹត្តល្មើស»។ តាមអភិបាលក្រុងម៉ូស្គូ, មហិទ្ធិឫទ្ធិប្រព័ន្ធ ផ្អែកលើ ការរាយសំណាញ់គ្មានសល់ចន្លោះណាទេ។ ទោះរបៀងណាក៏ដោយនៃមេត្រូ ទោះវិថីណាក៏ដោយក្នុងក្រុង មិនអាចគេចផុតពី ភ្នែក១៧០.០០០ កាមេរ៉ា ដែលដំឡើងជា បន្តបន្ទាប់១០ឆ្នាំជាប់មកហើយ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។

ក្នុងនោះ ប្រមាណ ១០០ ០០០ កាមេរ៉ា តភ្ជាប់ទៅនឹងប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលអាចកំណត់អត្តសញ្ញាណ អ្នកណាដែលថតជាប់ និង ៧០.០០០ កាមេរ៉ាសល់ពីនេះ ត្រូវដំណើរការ ក្នុងពេលខាងមុខ​។

តាមប៉ូលីសម៉ូស្គូ តាំងពីខែកុម្ភៈមក ដោយសារការឃ្លាំមើលនៃភ្នែកកាមេរ៉ា មានកំណត់បាន អត្តសញ្ញាណ មនុស្សប្រមាណ ២០០ នាក់ ដែលបំពានលើរបបបង្ខាំងខ្លួននៅផ្ទះ។ រុស្ស៊ី ក៏ប្រើទាំងបច្ចេកវិជ្ជាផ្សេងទៀត សម្រាប់ប្រយុទ្ធទល់នឹង កូរ៉ូណាវីរុស គឺតាំងពី Online ពេទ្យ រហូតដល់ត្រួតពិនិត្យលើធ្នើរតាំងទំនិញក្នុងហាង ព្រមទាំងបណ្តាញសង្គម ដើម្បីច្រានចោល ពាក្យចចាមអារ៉ាម និង ព័ត៌​មានក្លែងបន្លំ អំពីកង្វះស្បៀង។

តាំងពីខែកុម្ភៈម៉្លេះ លោកអភិបាលក្រុង បានអួតអំពី ប្រសិទ្ធភាពគួរឲ្យខ្លាច នៃការត្រួតពិនិត្យនេះ ដោយ លើកយកមកបង្ហាញជាឧទាហរណ៍ គឺ ស្ត្រីចិនម្នាក់ដែលលួចចេញដោយខុសច្បាប់ពី របបសម្ងំនៅផ្ទះ និងមិត្តនារីរបស់នាង​ ដែលទៅលេងនឹងគាត់ ព្រមទាំង អ្នកបើកតាក់ស៊ី ដឹកមិត្តនារី​នេះ។ អាជ្ញាធរ ក៏បានចងក្រងទុក ទិន្នន័យនៃអ្នកជិតខាង ៦០០ នាក់ របស់យុវស្ត្រី ពីរនាក់នោះ។

ចៅហ្វាយក្រុងរូបនេះ បានលម្អិតដែរថា កាមេរ៉ា ក៏ប្រើសម្រាប់ឃ្លាំមើល ទំហំគ្រឿងបរិភោគ ដែលតាំងនៅ លើធ្នើរក្នុងហាង ដើម្បីបញ្ចៀសពីការខ្វះខាតវា ខណៈដែលអ្នកក្រុងម៉ូស្គូជាច្រើន ដោយបារម្ភនឹងការឆ្លង រាលដាលនៃ កូវីដ-១៩ ក្នុងសប្តាហ៍​មុន ស្រាប់តែនាំគ្នាសម្រុកទៅបារយកខ្ទេចពីលើធ្នើរទំនិញទាំងនោះ។

ការឃ្លាំមើលតាមវីដេអូនេះ ដើម្បីកំណត់មុខមនុស្ស ត្រូវបានសាកល្បងជាលើកដំបូង គឺ នាពេល ប្រកួត បាល់ទាត់ពិភពលោក World Cup ឆ្នាំ ២០១៨ មុននឹងលើកវាយកមកប្រើជាទូទៅ ក្នុងខែមករា​ឆ្នាំ ២០២០នេះ ចំពេលដែល កូរ៉ូណាវីរុស ឈានដល់ប្រទេសរុស្ស៊ី។

កម្រិតភាន់ច្រឡំ នៃការកំណត់មុខ ដោយប្រព័ន្ធនេះ​ គឺតែក្នុងសមាមាត្រ១នាក់ លើ១៥ លាន នាក់ ប៉ុណ្ណោះ ដោយថែមទាំង អាចកំណត់អត្តសញ្ញាណមនុស្ស តែតាមរយៈទ្រង់ទ្រាយរាងកាយ របស់ គេ ប៉ុណ្ណោះ ហើយ កំណត់បានដល់ ៨០% នៃ ករណី។ សេចក្តីនេះ ថ្លែងទៅ AFP ដោយលោក Alexandre Minin អគ្គនាយក នៃ ក្រុមហ៊ុនរុស្ស៊ី NTechLab ដែលចេះប្រជែងឈ្នះគេ ខាងទទួលកុម្ម៉ង់ របស់ សាលាក្រុងម៉ូស្គូ។ ឧបករណ៍ក្រុមហ៊ុននេះ បាននាំចេញ ទៅចិន ជាទីផ្សារដំបូងគេលើពិភពលោក និងទៅកាន់ អាមេរិកឡាទីន។

“បងធំ” និង សេរីភាពសាធារណៈ

«បច្ចេកវិជ្ជាឃ្លាំមើលរបស់រុស្ស៊ី និង ចិន ដែលសុក្រឹតជាងគេនៅក្នុងលោក ត្រូវបាននាំចេញទៅកាន់ ប្រមាណ ១០០ ប្រទេស ទៅហើយ។» នេះជាការ​លើកឡើងដោយលោក Valentin Weber អ្នកជំនាញ ខាងសន្តិសុខអ៊ិនធ័រនែត នៃ សាកលវិទ្យាល័យ Oxford ក្នុងអត្ថបទសិក្សារបស់គាត់ កាលពី ចុងឆ្នាំ ២០១៩។ លោក Weber ពន្យល់ថា៖ ដោយមកពីបណ្តុំច្បាប់តឹងតែងជាង ខាងការពារទិន្នន័យផ្ទាល់ខ្លួន នៅអឺរ៉ុប ប្រព័ន្ធកំណត់មុខមនុស្ស មិនបានត្រូវប្រើក្នុងទ្រង់ទ្រាយធំឡើយ។ ក្រុមហ៊ុនរុស្ស៊ី និង ចិន មិនសូវរាំងរាតាមផ្លូវច្បាប់ ដើម្បីចងក្រង ហើយប្រើ ទិន្នន័យបុគ្គល ដូចសហសេវិកគេនៅអឺរ៉ុបឡើយ។

មុនដល់វិបត្តិកូរ៉ូណាវីរុស ពួកអ្នកជំនាញ និង ពួកប្រឆាំង បានព្រមានទៅហើយទល់នឹង ប្រព័ន្ធ”បងធំ”នេះ ទល់នឹងហានិភ័យដែលថា ក្រោមលេស បំពេញបេសកកម្មបម្រើផលប្រយោជន៍ទូទៅ វាស្រាប់តែត្រូវប្រើ ដើម្បីឃ្លាំមើលពួកសត្រូវនយោបាយ ហើយកម្រិតសេរីភាពសាធារណៈ។

តាមមតិ អ្នកស្រាវជ្រាវបារាំងក្នុងវិស័យសន្តិសុខអ៊ិនធ័រនែត លោក Baptiste Robert ៖ គឺ ទឡ្ហីករណ៍ សន្តិសុខ ដែលជានិច្ចជាកាល តែងត្រូវគេលើកយកមកដោះសា ចំពោះការបាត់បង់ជីវិតឯកជន​ និង សេរីភាពផ្ទាល់ខ្លួន។ គឺចំណុចនេះ ដែលជា បញ្ហាធំបំផុត និងជា គ្រោះថ្នាក់ធំបំផុត ។

ចំណែក សកម្មជន និង ជាអ្នកច្បាប់ខាងក្រុមប្រឆាំងនៅរុស្ស៊ី លោកស្រី Aliona Popova បានថ្លែងទៅ AFP ៖ ការប្រើពាសពេញ បច្ចេកវិជ្ជាខាង កំណត់មុខមនុស្ស គឺជាការឃ្លាំមើលដោយរដ្ឋ តម្រង់ទល់នឹងពលរដ្ឋ ខ្លួន ហើយវិធីនេះ ត្រូវរដ្ឋប្រើ ដើម្បីធ្វើសរសៃ ពួកអ្នកនយោបាយខាងបក្សប្រឆាំង៕ RFI