ខ្មែរប៉ុស្ដិ៍ Close

កូវីដ​១៩​៖ ហេតុអ្វី​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​ជា​ស្តេច​នៃ​រូបិយប័ណ្ណ​ពិភពលោក​?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ នគរគំនិត 2409
កូវីដ​១៩​៖ ហេតុអ្វី​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​ជា​ស្តេច​នៃ​រូបិយប័ណ្ណ​ពិភពលោក​?កូវីដ​១៩​៖ ហេតុអ្វី​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​ជា​ស្តេច​នៃ​រូបិយប័ណ្ណ​ពិភពលោក​?

សហរដ្ឋ​អាមេរិក​ កំពុងតែ​រងគ្រោះ​ជា​ទម្ងន់​ ពី​ជំងឺ​រាតត្បាត​សកល​-កូវីដ​១៩​។ រហូតមកទល់​នឹង​ពេលនេះ​ កូវីដ​១៩​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​អាមេរិក​ជាង​ ១​ម៉ឺននាក់​ស្លាប់​ និង​បានធ្វើឲ្យមនុស្ស​រាប់លាន​នាក់​បាត់បង់​ការងារ​។ រង​ការ​វាយប្រហារ​ខ្លាំង​ សង្វាក់​ផលិតកម្ម​នៅ ​អាមេរិក​ត្រូវ​ជាប់គាំង​ ជា​ហេតុនាំ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ធ្លាក់ចូល​ក្នុង​វិបត្តិ​។ ដោយឡែក​ ទោះបី​ជា​កូវីដ-១៩​ អាច​បំបាក់​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ បាក់ធ្មុង​យ៉ាងណា​ក្តី​ ក៏​កូវីដ​១៩​ គ្មាន​ឥទ្ធិពល​ធ្វើឲ្យ​ប្រាក់​ដុល្លារ​អាមេរិក​ធ្លាក់ចុះ​បាត់បង់​តម្លៃ​ឡើយ​។ ហេតុអ្វី​បានជា​ប្រាក់​ដុល្លារ​អាមេរិក​ នៅតែ​អាច​រក្សា​តម្លៃ​ និង​នៅតែ​ជា​ស្តេច​រូបិយប័ណ្ណ​ពិភពលោក​?

ទោះបីជា​ប្រទេស​អាមេរិក​ កំពុង​រង​ផលប៉ះពាល​ធ្ងន់ធ្ងរ​ខ្លាំង​ដោយសារ​វីរុស​កូវីដ​១៩​ ក្តី​ ក៏​ប្រាក់​ដុល្លារ​អាមេរិក​ នៅតែ​ត្រូវបាន​គេ​ចាត់​ទុកថា​ ជា​រូបិយប័ណ្ណ​ដែល​មាន​សុវត្ថិភាព​បំផុត​និង​មាន​ស្ថិរភាព​បំផុត​នៅលើ​ពិភពលោក​ដដែល​។

ផ្ទុយពី​កំណើន​សេដ្ឋកិច្ច​អាមេរិក​ ដែល​ត្រូវ​ទាញឲ្យ​ធ្លាក់​ពី​កាំជណ្តើរ​ដោយ​កូវីដ​១៩ តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ បាន​កើនឡើង​ចំនួន ​៦%​ បន្ទាប់​ពី​ធ្លាក់ចុះ​ដល់​ចំណុច​ទាប​បំផុត​កាល​ពី​ដើម​ខែមីនា​។ នេះ​ បើយោង​ទៅតាម​សន្ទស្សន៍​ប្រាក់​ដុល្លារ​អាមេរិក​ (The US dollar Index) ធៀបនឹង​រូបិយប័ណ្ណ​ផ្សេងទៀត​ មាន​ដូចជា​ ប្រាក់អឺរ៉ូ​ ផោន​ និង​រូបិយប័ណ្ណ​ហ្វ្រង់​ របស់​ស្វីស​ជាដើម​។

មាន​ហេតុផល​ចំបង​មួយចំនួន​ នៅពី​ក្រោយការ​ពិត​ដែល​ថា​ប្រាក់ដុល្លារ​អាមេរិក​ នៅតែ​ខ្លាំង​ និង​រក្សា​តំណែង​ជា​ស្តេច​នៃ​រូបិយប័ណ្ណ​ពិភពលោក​បាន​។ មូលហេតុ​ទី​១​ នោះ​ដោយសារ​ តែ​វិនិយោគិន​ នៅ​ជុំវិញ​ពិភពលោក​ នៅតែ​មាន​ទំនុកចិត្ត​លើ​អាមេរិក​ ថា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ឈានមុខ​គេ​ក្នុង​ពិភពលោក​ហើយ​ប្រាក់​ដុល្លារ​ គឺជា​រូបិយប័ណ្ណ​មួយ​ ដែល​គេ​នៅតែ​ប្រើប្រាស់​យ៉ាង​សកម្ម​បំផុត​ក្នុង​ទីផ្សារ​អន្តរជាតិ​។

លោក​គីត​ ជុក​កេស​ (Kit Juckes) ប្រធាន​ផ្នែក​យុទ្ធសាស្រ្ត​ប្តូរប្រាក់​សកល​ នៅ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ​បារាំង​ Société Générale បាន​និយាយ​ថា​ “មនុស្ស​ជាច្រើន​ ចង់​បាន​ប្រាក់​ដុល្លារ​អាមេរិក​គ្រប់​ពេលវេលា​ទាំងអស់​មិន​ថា​ស្ថិតក្នុងកាលៈទេសៈ​ណានោះ​ទេ​”។

ជាមួយគ្នានេះ​លោក​គីត​ ជុក​កេស​ បាន​អះអាង​ទៀត​ថា​ មិនដូចជា​រូបិយប័ណ្ណ​ផ្សេងទៀត​នោះ​ទេ​ គេ​អាច​បោះពុម្ព​ប្រាក់​ដុល្លារ​ក្នុង​ចំនួន​ដ៏ច្រើន​ ហើយ​ប្រាក់​ដុល្លារ​មិនបាន​ធ្លាក់​បាត់បង់​តម្លៃ​ឡើយ​។

ឧទាហរណ៍​ជាក់ស្តែង​ គឺ​សកម្មភាព​របស់​ធនាគារ​កណ្តាល​អាមេរិក​នៅ​សប្តាហ៍ថ្មីៗ​នេះ​ ក្នុងការ​ចាក់បញ្ចូល​សាច់ប្រាក់​ចំនួន​រាប់​ពាន់លាន​ដុល្លារ​ទៅក្នុង​ទីផ្សារ​ មិន​បាន​ធ្វើឲ្យ​តម្លៃ​លុយ​ដុល្លារ​ធ្លាក់​បាក់ស្រុត​នោះទេ​។

មូលហេតុ​ទី​ ២​ ដែល​ធ្វើឲ្យ​ប្រាក់​ដុល្លារ​អាមេរិក​នៅតែ​មាន​តម្លៃ​បំផុត​ គឺ​ក្រុមហ៊ុន​ឯកជន​ និង​មនុស្ស​ទូទៅ​ជាច្រើន​ដែល​រស់​នៅ​ក្រៅ​សហរដ្ឋអាមេរិក​ ប្រើប្រាស់​លុយ​ដុល្លារ​ សម្រាប់​ការ​រកស៊ី​ ដោះដូរ​ពាណិជ្ជកម្ម​។ ពួកគេ​ យល់ថា​ប្រាក់​ដុល្លារ​អាមេរិក​ មាន​ស្ថិរភាព​ជាង​រូបិយប័ណ្ណ​របស់​ប្រទេស​កំណើត​ពួកគេ​។

ទន្ទឹមគ្នានេះ​ លុយ​អាមេរិក​ ក៏​ត្រូវ​បាន​គេ​ជួញដូរ​ច្រើន​បំផុត​ដែរ​នៅក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​ ហើយ​ធនាគារកណ្តាល​អាមេរិក​បាន​ប្រកាស​កាលពី​ខែមីនា​ហើយ​ថា​ នឹង​ជួយ​សម្រួល​ដល់​ការ​ផ្តោះប្តូរ​រូបិយប័ណ្ណ​ជាមួយ​ធនាគារ​កណ្តាល​ជាច្រើនទៀត ​​ដូច្នេះហើយ​ពួកគេ​អាច​បង្កើន​ប្រាក់​បម្រុង​ជា​លុយ​ដុល្លារ​អាមេរិក​បាន​។ បើ​ធៀប​នឹង​លុយ​អឺរ៉ូ​ លុយ​ដុល្លារ​អាមេរិក​ បានកើន​ឡើង​ចំនួន​ ៣,៥ ភាគរយ​ចាប់តាំងពី​ដើម​ខែមករា​ ឆ្នាំ២០២០​ នេះមក​។

មួយវិញទៀត​ តម្លៃ​ប្រេង​ធ្លាក់​ចុះ​ ក៏ជា​កត្តា​ចូលរួម​ចំណែក​ ជួយឱ្យ​ប្រាក់​ដុល្លារ​ឡើងថ្លៃ​ដែរ​ ធៀប​នឹង​ប្រាក់​រូប្លិ៍រុស្ស៊ី​ និង​លុយដុល្លារ​កាណាដា​ជាដើម​ ដែល​សុទ្ធសឹង​ជាប្រទេស​ពឹងផ្អែក​យ៉ាងខ្លាំង​លើវិស័យប្រេង​។

គួរ​ជម្រាប​ជូនថា​ មុខ​ទំនិញ​ធំៗ​នៅក្នុង​ពិភពលោក​មានជាអាទិ៍​ ប្រេង​ មាស​ និង​ប្រាក់​ជាដើម ត្រូវបាន​ដាក់​លក់​ជា​ប្រាក់​ដុល្លារ​អាមេរិក​ ដូច្នោះហើយ​សម្រាប់​អ្នក​ចង់​ទិញ​ទំនិញ​ទាំងនោះ​ ពួកគេ​ចាំបាច់​ត្រូវ​ប្រើប្រាស់​លុយ​ដុល្លារ​។

តែ​ទោះបីជា​ តម្លៃ​លុយ​ដុល្លារ​អាមេរិក​ នាពេល​បច្ចុប្បនេះ​មាន​ស្ថិរភាព​ល្អ​ពិតមែន​ក្តី​ ក៏​មាន​អ្នក​វិភាគ​មួយ​ចំនួន​ ព្យាករ​ថា​ លុយ​ដុល្លារ​អាមេរិក​ អាចនឹង​ធ្លាក់​ចុះទាប​ ក៏ថា​បាន​ ក្នុង​ពេល​អនាគត​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​ និង​ជំងឺរាតត្បាត​កូវីដ​១៩​។

“​ឧត្តមភាព​នៃ​ប្រាក់​ដុល្លារ​ នឹងក្លាយ​ជា​សំណួរ​នៅ​ក្នុង​សប្តាហ៍​ខាងមុខ​”។ នេះ ​គឺជា​ប្រសាសន៍​របស់​លោកស្រី​កាត់ធី​ លៀន​ អ្នក​ជំនាញ​ខាងទីផ្សារ​ហិរញ្ញវត្ថុ​។

ទោះបីជាយ៉ាងណា​ក៏​ដោយ​ វិនិយោគិន​ជាច្រើន​ បានគិត​ថា​ បើ​សភាពការណ៍​នៅតែ​មិនល្អ​ នោះ​សេដ្ឋកិច្ច​ពិភពលោក​នឹង​ធ្លាក់ជ្រៅ​ចូល​ក្នុង​វិបត្តិ​ ជាង​អាមេរិក​ទៅទៀត​ ហើយ​ប្រទេស​ដទៃ​ក្នុង​លោក​ នឹង​មិនអាច​ងើប​ចេញពី​វិបត្តិ​បាន​លឿន​ដូចជា​អាមេរិក​ឡើយ​។

ពាក់ព័ន្ធ​រឿងនេះ​ លោកស្រី​កាត់ធី​ លៀន​ អ្នក​ជំនាញ​ខាង​ទីផ្សារ​ហិរញ្ញវត្ថុ​ បាន​និយាយ​ថា​ ការលើកឡើង​របស់​អ្នក​វិនិយោគ​ អាច​ក្លាយជា​ការ​ពិត​។ ក៏ប៉ុន្តែ​ នៅ​ពេលនេះ​ គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេថា​ សេដ្ឋកិច្ច​អ្នកណា​រងគ្រោះ​ជាង​អ្នកណា​ ពីព្រោះថា​ ប្រទេស​មួយ​ចំនួនធំ​ ទទួល​រងគ្រោះ​ដោយសារ​ជំងឺកូវីដ​១៩​ មុន​អាមេរិក​ ដូច្នោះហើយ​ គេអាច​មើលឃើញ​ពី​ទំហំ​នៃ​ផលប៉ះពាល់​ច្រើន​របស់​ប្រទេស​ទាំងនោះ​ តាំងពី​ប៉ុន្មាន​សប្តាហ៍​មុន​មក​ម្ល៉េះ​។ ដោយឡែក​ សហរដ្ឋអាមេរិក​ដែល​ទទួលរងគ្រោះ​ដោយ​កូវីដ​១៩ ​ក្រោយ​ប្រទេស​ដទៃ​ ទើបតែ​ចាប់ផ្តើម​ឃើញមាន​ទិន្នន័យ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​។

ជាសរុប​ គេ​ត្រូវ​រង់ចាំ​មើល​បន្តិចទៀត​សិន​ ពោល​គឺ​រហូតដល់​មាន​ទិន្នន័យ​គ្រប់គ្រាន់​ និង​ចាំដល់​ស្ថានការណ៍​នៅអាមេរិក​ធូរស្រាល​បន្តិច​សិន​ ទើប​គេ​អាច​វាយតម្លៃ​បាន​ច្បាស់​អំពី​ជោគវាសនា​នៃ​តម្លៃ​ប្រាក់ដុល្លារ​ និង​ផល​ប៉ះពាល់​លើ​សេដ្ឋកិច្ច​អាមេរិក​ដែលបង្កដោយ​វិបត្តិ​កូវីដ​១៩​៕ RFI

អត្ថបទទាក់ទង