ខ្មែរប៉ុស្ដិ៍ Close

បុរាណវិទូអាជ្ញាធរជាតិអប្សរារកឃើញគ្រឹះកំពែងបុរាណនៅជុំវិញប្រាសាទលលៃដែលកប់ក្នុងដីជាង ១០០ឆ្នាំក្រោមសំណង់សាសនាសម័យក្រោយៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1504

ប្រាសាទលលៃបច្ចុប្បន្នមានទីតាំងនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង គឺជាកោះដ៏ពិសិដ្ឋស្ថិតនៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក (បារាយណ៍លលៃ) នាបុរាណកាល។

ទីនេះបានប្រែប្រួលបន្តិចម្តងៗដោយការរៀបចំថ្មីនិងមានសំណង់សាសនាមួយចំនួនតាមសម័យកាលជាបន្តបន្ទាប់។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ សំណង់សាសនាទាំងនោះត្រូវបានព្រះគ្រូចៅអធិការវត្តលលៃ អាចារ្យនិងគណៈកម្មការគ្រប់គ្រងវត្តលលៃទាំងអស់ ព្រមទាំងពុទ្ធបរិស័ទជុំវិញវត្ត ជាពិសេសការឯកភាពពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រមទាំងការជួយជ្រោមជ្រែងពីក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ ដែលមានព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ជាព្រះប្រធានកិត្តិយស ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះប្រធាននៃក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ សម្រេចរំកិលចុះមកក្រោមដើម្បីទុកលទ្ធភាពឱ្យអាជ្ញាធរជាតិអប្សរាធ្វើការអភិរក្សនិងស្រាវជ្រាវបុរាណវិទ្យា។

ក្នុងន័យនេះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការស្រាវជ្រាវនិងប្រទះឃើញអាថ៌កំបាំងដ៏អស្ចារ្យនៃរចនាសម្ពន្ធសំណង់បុរាណជាច្រើនដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែង ដែលបានកប់ក្នុងដីក្រោមសំណង់សាសនាតាំងពីសម័យអាណានិគមបារាំងមក។ ការប្រទះឃើញរចនាសម្ពន្ធដ៏សម្បើមនេះ គឺជាការផ្តល់នូវទិន្នន័យថ្មីៗសម្រាប់កិច្ចការស្រាវជ្រាវបុរាណវិទ្យា ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងកិច្ចការអភិរក្ស អភិវឌ្ឍន៍ និងលើកតម្លៃប្រាសាទលលៃឱ្យកាន់តែល្អប្រសើរជាងមុន។

លោក ថូ ថុន ប្រធានក្រុមកំណាយស្រាវជ្រាវនៅប្រាសាទលលៃបានឱ្យដឹងថា ក្រុមការងារបានបើករណ្តៅកំណាយបានចំនួន១០រណ្តៅនៅក្រោមអតីតសំណង់សាសនានៅផ្នែកខាងកើត ខាងជើង និងខាងលិច ហើយបានប្រទះឃើញរចនាសម្ពន្ធសំណង់ខ្លោងទ្វារចូលទាំង៣ទិស កំពែង៣ជាន់ព័ទ្ធជុំវិញតួប៉មទាំង៤នៃប្រាសាទ រចនាសម្ពន្ធកំពែងប្រាសាទក្នុងក្រៅ កម្រាលថ្មបាយក្រៀម កម្រាលឥដ្ឋជាច្រើនទីតាំង ចម្លាក់ដែលមានក្បាច់លម្អ រួមនឹងភាពខុសគ្នានៃខឿនប្រាសាទត្រង់ព្រះវិហារ។

ទាក់ទងនឹងមូលហេតុនៃការកប់រចនាសម្ពន្ធប្រាសាទនៅក្នុងដីនេះ លោក ថូ ថុន សន្និដ្ឋានថា ប្រហែលបណ្តាលមកពីការសាងសង់នាសម័យក្រោយៗភ្លេចគិតថាមានអ្វីក្រោមដី ព្រោះមានដីលុបពីលើសំណង់បុរាណបាត់អស់។ រីឯការអភិវឌ្ឍសំណង់នាសម័យក្រោយៗ ក៏ពុំបានធ្វើឱ្យសំណង់បុរាណក្រោមដីនេះរងការបំផ្លាញច្រើនទេ ព្រោះចាស់ៗបានរក្សាផ្នែកខាងក្នុងដោយកម្រាលឥដ្ឋនិងខាងក្រៅក្រាលថ្មបាយក្រៀមដើម្បីការពារ៕

អត្ថបទទាក់ទង