ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន សន្ទនាតាមទូរស័ព្ទ អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំង COVID-19 និងទំនាក់ទំនងទ្វេភាគី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ឯកសារ 1413
រដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន សន្ទនាតាមទូរស័ព្ទ អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំង COVID-19 និងទំនាក់ទំនងទ្វេភាគីរដ្ឋមន្រ្តីការបរទេសកម្ពុជា-ចិន សន្ទនាតាមទូរស័ព្ទ អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំង COVID-19 និងទំនាក់ទំនងទ្វេភាគី

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវេលាម៉ោង ១៥:៣០ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ អំពីការរួមកំលាំងគ្នាប្រយុទ្ធប្រឆាំង COVID-19។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក ប្រាក់ សុខុន បានចាប់ផ្តើមជាមួយនឹងការកោតសរសើរជោគជ័យដែលប្រទេសចិនសម្រេចបានក្នុងការទប់ស្កាត់ជំងឺ COVID-19 តាមរយៈការធ្វើពលិកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជំងឺ។ លោកក៏បានសរសើរ និងអរគុណចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើលោកតាមការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនេះជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានអរគុណចិនដែលបានបញ្ជូនគ្រូពេទ្យ និងសម្ភារពេទ្យទាំងពីខាងស៊ីវិល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឱ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្តល់បទពិសោធន៍ដល់កងកំលាំងមួកខៀវកម្ពុជានៅលីបង់ និងនៅម៉ាលី។

លោក វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិនទាំងមូលក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិ តាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នតទៅទៀត។

លោក វ៉ាង យី បានលើកឡើងអំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជាការគាំទ្រដ៏ពេញទំហឹងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងនៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។

លោក វ៉ាង យី បានអរគុណកម្ពុជា ដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុសក្នុងពេលដែលយើងត្រូវរួមគ្នា ដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។ លោក វ៉ាង យី បានចាត់ទុកការដែលកម្ពុជាគាំទ្រកិច្ចប្រឹប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ។

ស្តីពីទំនាក់ទំនងទ្វេភាគីវិញ លោក វ៉ាង យី បានលើកឡើងថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់យើងទៅកាន់កំរិតកាន់តែខ្ពស់ថែមទៀត។ លោក វ៉ាង យី បានលើកឡើងថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។

លោក វ៉ាង យី បានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត។

តបនឹងគំនិតផ្តួចផ្តើមរបស់ លោក វ៉ាង យី ក្នុងការជំរុញការពិភាក្សាផ្លាស់ប្តូរយោបល់រវាងថ្នាក់ដឹកនាំនានាតាមរយៈ Video Conference លោក ប្រាក់ សុខុន បានគាំទ្រគំនិតនេះ ហើយបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានបូកបី កាលពីថ្ងៃទី១៤ ខែមេសា កន្លងទៅ គឺជាការបញ្ជាក់យ៉ាងច្បាស់ អំពីការប្តេជ្ញារបស់មេដឹកនាំរបស់យើង ក្នុងការផ្គុំកំលាំងគ្នា ស្វែងរកចម្លើយរួមប្រឆាំង COVID-19 ។

លោកឧបនាយករដ្ឋមន្រ្តីក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ចិន ដែលអំពាវនាវឱ្យមានការឯកភាពគ្នាក្នុងការប្រឆាំងCOVID-19 (“Covid-19: A Call for Unity”) ដោយអះអាងថា ពេលនេះគឺជាពេលវេលាដែលយើងត្រូវរួបរួមគ្នា មិនមែនជាពេលដែលត្រូវបែកគ្នានោះទេ។ លោក ប្រាក់ សុខុន ក៏បានគាំទ្រការប្រកាន់អភិក្រមបែបវិទ្យាសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងCOVID-19 គាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ WHO និងគាំទ្រគំនិតថ្លឹងថ្លែងរវាងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹងការអភិវឌ្ឍ។

ចុងបញ្ចប់ លោក វ៉ាង យី បានពាំនាំការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី លី ខឺឈាង ក៏ដូចជាពីសំណាក់លោកផ្តល់ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងរង់ចាំស្វាគមន៍សម្តេចទៅទស្សនកិច្ចនៅទីក្រុង Wuhan ក្រោយវិបត្តិ COVID-19 នេះចប់៕

អត្ថបទទាក់ទង