ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1313
    អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ

    អាជ្ញាធរជាតិអប្សរាតែងតែចុះពិនិត្យសំណើសុំសាងសង់ ព្រមទាំងជួយសម្រួល និងរៀបចំគំនូសប្លង់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរជាប្រចាំ ដើម្បីបង្កភាពងាយស្រួល បង្ការកុំឱ្យមានកំហុសឆ្គងពេលសាងសង់សំណង់ នាំឱ្យខាតបង់ពេលវេលានិងថវិកា។

    ការសម្របសម្រួលទាំងនោះ គឺពេលទទួលបានពាក្យស្នើសុំពីម្ចាស់សំណើហើយ អ្នកជំនាញផ្នែកសាងសង់និងរៀបចំដែនដីនៃអាជ្ញាធរជាតិអប្សរាបានចុះពិនិត្យ អង្កេតដល់ទីតាំងស្នើសុំផ្ទាល់ ព្រមទាំងផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យមួយចំនួនទៅតាមនីតិវិធី ដើម្បីធ្វើលិខិតឆ្លើយតបទៅកាន់ពួកគាត់វិញឱ្យបានទាន់ពេលវេលាកំណត់ និងត្រឹមត្រូវតាមគោលការណ៍ច្បាប់ដែលកំពុងអនុវត្តជាធរមាន ក្នុងន័យរក្សាឱ្យបាននូវអត្តសញ្ញាណសំណង់មានលក្ខណៈជាខ្មែរ ដើម្បីលើកតម្លៃរបស់អង្គរ។

    ជាក់ស្តែង ក្នុងរយៈពេលមួយសប្តាហ៍នៃខែមេសាឆ្នាំ២០២០កន្លងមកនេះ ក្រុមការងារបានចុះពិនិត្យទីតាំងស្នើសុំសរុបចំនួន១៥ករណី ដែលរួមមានសំណើសុំសាងសង់លំនៅដ្ឋាន សាលារៀន ផ្លូវ និងត្រពាំង ព្រមទាំងសំណើសុំផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីជាមួយនឹងបុរាណដ្ឋានផងដែរ។

    ចំពោះសំណើសុំសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ទទួលបានការអនុញ្ញាតឱ្យសាងសង់ ក្រុមការងារជំនាញផ្នែកស្ថាបត្យកម្មនៃអាជ្ញាធរជាតិអប្សរានឹងជួយសម្រួល រៀបចំគំនូសប្លង់ជូនពួកគាត់យកទៅសាងសង់ដោយមិនគិតថ្លៃ។ ក្នុងរយៈពេល១សប្តាហ៍ដូចគ្នាដែរ ក្រុមការងារបានរៀបចំគំនូសប្លង់បានចំនួន១២ករណីហើយដែរ៕

    អត្ថបទ និងរូបភាពដោយ៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

    អត្ថបទទាក់ទង