ខ្មែរប៉ុស្ដិ៍ Close

ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2326
ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់ប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅប្រាសាទកណ្តាលស្រះស្រង់

ការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលដឹកនាំដោយឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលមានលោក ម៉ៅ សុខនី ប្រធានការដ្ឋាន បានរាយការណ៍ស្ដីពី ក្រុមបុរាណវិទូកំពុងកំណាយស្រាវជ្រាវ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។

ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន២ ដែល១នៅមានរូបរាងពេញលេញ និង១ទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។

ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។ លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញ ឯកឧត្ដមអគ្គនាយករងបានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក ៕