ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា និងព្រះសង្ឃ សហការគ្នាដើម្បីអភិរក្សសំណង់បេតិកភណ្ឌសាសនា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1674
    អាជ្ញាធរជាតិអប្សរា និងព្រះសង្ឃ សហការគ្នាដើម្បីអភិរក្សសំណង់បេតិកភណ្ឌសាសនាអាជ្ញាធរជាតិអប្សរា និងព្រះសង្ឃ សហការគ្នាដើម្បីអភិរក្សសំណង់បេតិកភណ្ឌសាសនា

    ព្រះគ្រូចៅអធិការវត្តព្រះឥន្ទទេព បានឱ្យដឹងថា ព្រះអង្គបានសម្រេចព្រះទ័យសាងសង់រោងឧបោសថធ្វើអំពីឈើបែបប្រពៃណី ដែលមិនប៉ះពាល់ដល់បុរាណដ្ឋានវិញ បន្ទាប់ពីអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាពិគ្រោះយោបល់ឃើញថា សំណង់ធ្វើពីបេតុងជាសំណង់អាចប៉ះពាល់ខ្លាំងដល់បុរាណដ្ឋាន ហេដ្ឋារចនាសម្ពន្ធសំណង់បុរាណនៅខាងក្រោមដីដោយមិនអាចរក្សាបាននូវស្ថាបត្យកម្មដើម។

    រោងឧបោសថនេះ ស្ថិតនៅវត្តព្រះឥន្ទទេពស្ថិតនៅទិសខាងលិចឈៀងខាងត្បូងនៃប្រាសាទបាយ័ន្តដែលជារាជធានីបុរាណនាសម័យអង្គរ។​ រោងឧបោសថនេះ បានចាប់ផ្តើមជួសជុលតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ហើយក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យការដ្ឋាននោះជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។

    គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការជួសជុលបានរួចរាល់ប្រមាណ៧០% ហើយ។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការជួសជុលបានរួចរាល់១០០%។

    ជាមួយគ្នានេះ ព្រះតេជគុណបានអំពាវនាវដល់វត្តអារាមទាំងអស់ រាល់សំណង់គឺសុំសាងសង់ពីឈើជំនួសបេតុងវិញ ព្រោះថាការអភិរក្សមរតកវប្បធម៌នេះជាសម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុនឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត៕