ខ្មែរប៉ុស្ដិ៍ Close

    ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1580
    ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជំរុញឲ្យមន្ត្រីពាក់ព័ន្ធផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អ

    កំពង់ធំ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ពិសេសគឺការផ្តល់សេវាសាធារណៈជូនពលរដ្ឋអោយបានល្អ ស្របតាមអភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព សំដៅធ្វើអោយប្រជាពលរដ្ឋមានការទុកចិត្ត ជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ ។

    ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នៅក្នុងសាលាខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ និងសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក ព្រមទាំងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ ជាច្រើនរូបផងដែរ។

    ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ មានដូចជា ការងារឆ្វៀលដីតំបន់៣ តំបន់២ ស្ថិតនៅក្នុងស្រុកទាំង៥ នៃខេត្តកំពង់ធំ បញ្ហាតំបន់អភិរក្សសត្វខ្សឹប និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

    ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ លោករដ្ឋមន្ត្រី ថោង ខុន បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដូចខាងក្រោម៖

    ១- បន្តអនុវត្តការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការ ចេញសាលកប័ត្រព័ត៌មានឲ្យដល់ដៃរបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ដូចជា នៅភូមិគោកត្របែក ឃុំស្រឡៅជាដើម។

    ២- បន្តជំរុញការងារចុះវាស់វែង រៀបចំបែបបទ និងលិខិតស្នាមក្នុងការ ស្នើសុំកាត់ ឆ្វៀល ដី ពី តំបន់២ មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ពិ សេសនៅឃុំម្សាក្រង ស្រុកស្ទោង។

    ៣- ចំពោះដីតំបន់អភិរក្សសត្វខ្សឹប ត្រូវបន្តចុះវាស់វែង និងកំណត់ទីតាំង និងទំហំដីអោយបាន ច្បាស់ឡើងវិញ ដូចជាដីលំនៅដ្ឋាន ដីកសិកម្ម សាលារៀន វត្តអារាម ដើម្បីរៀបចំជា ទិន្នន័យ ច្បាស់លាស់ និងធ្វើការប្រជុំពិភាក្សាជាមួយក្រសួងបរិស្ថាន និងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដើម្បីស្នើសុំកាត់ដីមួយចំនួនរបស់ប្រជាពលរដ្ឋចេញពីតំបន់អភិរក្សសត្វខ្សឹបនេះ។

    ៤- បន្តពន្លឿននីតិវិធី និងបែបបទនៃការកាត់ដីជូនប្រជាពលរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌ របស់ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត។

    ៥- បន្តពិភាក្សាជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី ពិនិត្យ លើសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ រណបនៃតំបន់ អភិរក្ស ប្រាសាទសំបូរព្រៃគុក សំដៅធានាបានឲ្យការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភ័ណ្ឌ ពិភពលោកមួយនេះ ប្រកបដោយនិរន្តរភាព។

    ៦- បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលកំពុង កើត មានបទល្មើសជាច្រើន និងបង្កើនការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វ ព្រៃតាម តំបន់អភិរក្ស ពិសេសតំបន់ព្រៃឡង់ និងព្រៃអង់តែន។

    ៧- ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរដើម្បីសម្រួលឲ្យ ប្រជា ពលរដ្ឋមានអត្តសញ្ញាណបណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ ដល់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។

    ៨- យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អ ត្រូវខិតខំចុះផ្ទាល់ ដល់គ្រួសារប្រជាពលរដ្ឋ និងខិតខំដោះស្រាយសេវាសំណូមពរអោយបានល្អ ស្របតាម អភិក្រម ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយមានប្រសិទ្ធភាព ៕

    អត្ថបទទាក់ទង