ខ្មែរប៉ុស្ដិ៍ Close

    ខ្នងផ្សា គឺជាតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលអ្នកទេសចរមិនគួររំលង

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6226
    ខ្នងផ្សា គឺជាតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលអ្នកទេសចរមិនគួររំលងខ្នងផ្សា គឺជាតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលអ្នកទេសចរមិនគួររំលង

    ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព និងបរិស្ថានសម្រាប់ភ្ញៀវទេសចរជាតិ អន្ដរជាតិឱ្យ​មក​​លេងកម្សាន្ដឱ្យបានកាន់តែច្រើនថែមទៀត នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក​ ក្រសួង​ទេសចរណ៍បានបង្ហាញនូវតំបន់ទេសចរណ៍ធម្មជាតិ​មួយកន្លែងដែលមាន​ឈ្មោះ​ថា ខ្នងផ្សា ដែលជាតំបន់​ព្រៃភ្នំដ៏ធំមួយស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតា​សាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

    ខ្នងផ្សា ជាទីតាំងប្រសព្វ​មុំបីដែលផ្សា​​ភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង កំពុងស្ពឺ និង​ខេត្ដ​ពោធិ៍សាត់  ហើយជាតំបន់មួយដែលសម្បូរ​ទៅ​​ព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាល​ស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។​ នេះបើយោងតាម​ក្រសួងទេសចរណ៍។

    នៅពេលព្រឹកព្រលឹម យើងគួរធ្វើដំណើរទៅកាន់ពយខ្នងផ្សា ដើម្បីទស្សនាភាពស្រស់​ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះ។ នៅពេលល្ងាច ​យើងអាចទស្សនាថ្ងៃលិចពីលើខ្នងភ្នំផងដែរ ដែលធ្វើឲ្យសម្រស់ទេសភាពមើលទៅពណ៌មាសក្រហមឆ្អិនឆ្អៅ។

    ចំពោះការធ្វើដំណើរទៅកាន់ភូមិ សហគមន៍ខ្នងផ្សា យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្ត​កំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង១គីឡូម៉ែត្រ យើងបត់តាមស្តុបតេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូម៉ែត្រ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញា​​ប្រាប់ផ្លូវទៅឱរ៉ាល់។ បន្ទាប់ពីបត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល៥០គីឡូម៉ែត្រ យើង​នឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំប្រមាណ ៣៥គីឡូម៉ែត ដោយ​ជិះកាត់តេទឹកពុះ យើងនឹងទៅដល់ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សា។

    ការធ្វើដំណើរទៅកាន់កំពូលភ្នំខ្នងផ្សាដើម្បីឡើងខ្នងផ្សា គឺត្រូវឱ្យយើងចូលទៅទី​ស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដើម្បីស្រង់ឈ្មោះអ្នកឡើងភ្នំ និងងាយស្រួលក្នុងការគ្រប់​គ្រង ហើយតម្រូវឱ្យមន្ត្រីបរិស្ថានទៅជាមួយដើម្បីមើលការខុសត្រូវ និងការពារផងដែរ ។

    ជាមួយគ្នានេះ អ្នកភូមិសហគមន៍ នឹងដឹកនាំសម្រាប់ការនាំផ្លូវ ហើយពួកគាត់ក៏នឹងជួយស្ពាយ​ឥវ៉ាន់ និងដាំស្លឱ្យយើងញាំផងដែរ។ ចំពោះការធ្វើដំណើរពីភូមិទៅដល់ជើងភ្នំ យើងអាចជិះគោយន្ត​សហគមន៍ ដែលចំណាយពេលប្រហែល ២ម៉ោង។ បន្ទាប់មកត្រូវដើរដោយថ្មើរជើងឡើងភ្នំ ហើយតាមផ្លូវមិនពិបាកណាស់​​​ណាទេ ដោយមានដីរាប និងទួល។ សម្រាប់អ្នកដើរលឿនល្មម និងមិនសូវ​ឈប់សម្រាក គឺចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលើសពីនេះទើបទៅដល់កំពូលភ្នំ។

    ជាការណែនាំសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្ដនៅទីនោះ គួរដាក់ទឹកសម្រាប់ញាំយ៉ាង​តិច​​ម្នាក់ ១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វើដំណើរ។ យើងក៏អាចច្រកទឹកសម្រាប់​ញាំតាមផ្លូវបាន តែគួរ​មាន​​ប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ។ សម្រាប់ការសម្រាកនៅលើកំពូល​ភ្នំ យើងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្រប ដើម្បីការពារជ្រាបទឹកភ្លៀង ឬសន្សើម។ លើសពីនេះ គួរត្រៀម​អាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង។

    ចំពោះការត្រៀមម្ហូបអាហារ និង​ទឹកសម្រាប់ញាំ យើងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលើភ្នំ។ ក្រៅពីនេះគួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារ​ពេល​ព្រឹក។ សម្រាប់ទឹកញាំ ក្នុងរដូវប្រាំង គឺអាចពិបាករឿងទឹកបន្តិច តែនៅលើ​នោះ​មានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រើប្រាស់​បានសម្រាប់ងូត ដាំញាំ ឬធ្វើម្ហូបអាហារ បើអាចគួរទិញ​ឧបករណ៍ចម្រោះទឹក ប្រើប្រាស់ផ្ទាល់ខ្លួន។

    ជាចុងក្រោយនេះ ក្រសួងទេសចរណ៍ ក៏សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលបានទៅទស្សនា​នៅ​តំបន់នោះ សូមចូលរួមជួយរក្សា​អនាម័យ និងរៀបចំប្រមូលសម្រាមឱ្យបានត្រឹមត្រូវ ដើម្បី​សហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រង​សម្រាប់​ យើង​ទាំងអស់គ្នា៕

    អត្ថបទទាក់ទង