ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើងតាមផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់មុខប្រាសាទអង្គរវត្ត

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1614
    អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើងតាមផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់មុខប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើងតាមផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់មុខប្រាសាទអង្គរវត្ត

    នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិង អន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា បាននិងកំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើង (គ្រាប់ភ្នែកកង្កែប) នៅលើកំណាត់ទ្រូងផ្លូវប្រវែង ៦.៧១២ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ រហូតទៅដល់ចំណតរថយន្ត មុខប្រាសាទអង្គរវត្ត។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្ត្រីអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា។

    លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា ការអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើងនេះ ជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំណើរបានងាយស្រួល ព្រមទាំងអាចបញ្ចៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ ។

    ការចាប់ផ្ដើមធ្វើគំនូស និងដាក់ចំណាំងភ្លើងនៅលើទ្រូងផ្លូវនេះ បានចាប់ផ្តើមពីផ្លូវជាតិលេខ៦ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ មកដល់ព្រលានយន្តហោះប្រវែង ២.១៨១ម៉ែត្រ ពីមុខព្រលានយន្តហោះទៅដល់ភោជនីយដ្ឋានប្រាសាទនាងពៅ ប្រវែង ៩៨៥ម៉ែត្រ និងចាប់ពីភោជនីយដ្ឋាន ប្រាសាទនាងពៅ មកដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត ប្រវែង ៣.៥៤៦ម៉ែត្រ។ ក្នុងចម្ងាយផ្លូវដែលកំពុងអ៊ុតគំនូសចរាចរណ៍ និងដាំឧបករណ៍ចំណាំងភ្លើងនេះដែរ ត្រូវបាន អាជ្ញាធរជាតិអប្សរាជួសជុលតាំងពីពាក់កណ្តាលខែមករា រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ទើបបានរួចរាល់ជាស្ថាពរមក។

    លោក ឡុង កុសល ក៏បានឱ្យដឹងអំពីគម្រោងផែនការខាងមុខផងដែរថា បន្ទាប់ពីបញ្ចប់ការគូសទ្រូងផ្លូវ ចាប់ពីមុខព្រលានយន្តហោះ រហូតមកដល់មុខប្រាសាទអង្គរវត្តរួចរាល់ អាជ្ញាធរជាតិអប្សរា នឹងបន្តទៅគូសគំនូសចរាចរណ៍នៅលើផ្លូវពីរកំណាត់ទៀត គឺកំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ មកដល់រង្វង់មូលអប្សរា និងមួយកំណាត់ទៀតចាប់ពីប្រាសាទប្រែរូប ទៅដល់ស្រះស្រង់ ផងដែរ៕

    អត្ថបទទាក់ទង