ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានឹងមានកម្មវិធីគ្រប់គ្រងទិន្នន័យ បទល្មើសព្រហ្មទណ្ឌនៅពេលខាងមុខនេះ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០ បច្ចេកវិទ្យា 1571
កម្ពុជានឹងមានកម្មវិធីគ្រប់គ្រងទិន្នន័យ បទល្មើសព្រហ្មទណ្ឌនៅពេលខាងមុខនេះកម្ពុជានឹងមានកម្មវិធីគ្រប់គ្រងទិន្នន័យ បទល្មើសព្រហ្មទណ្ឌនៅពេលខាងមុខនេះ

កម្មវិធីគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ ឬហៅជាភាសាបរទេសថា E- Crime នឹង​ដាក់ឱ្យដំណើរការនៅពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍន៍នៃស្ថានភាព​បច្ចេក​វិទ្យានាពេលបច្ចុប្បន្ននេះ។ កម្មវិធីនេះត្រូវបានលើកមកពិភាក្សាគ្នាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាន​បញ្ជាក់ថា ការៀបចំកម្មវិធីគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌនេះ គឺដើម្បីឆ្លើយតប​ទៅ​នឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងភាពពេញនិយមក្នុងការប្រើប្រាស់​មាន​លក្ខណៈ​ជាសកល។ ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបញ្ជាក់ថា ការរៀបចំកម្មវិធី​ខាងលើ​នេះ គឺធ្វើឡើងផ្អែកតាម​ផែន​ការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក៏ដូចជាផែនការយុទ្ធ​សាស្ត្រ​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការជំរុញឱ្យនាយកដ្ឋាន អង្គភាព​ចំណុះ​អគ្គស្នងការដ្ឋាននគរបាលជាតិប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាជំនួយក្នុងការគ្រប់គ្រងប្រតិបត្តិការជំនាញ។ សម្រាប់ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រព័ន្ធនេះ គឺជា​ទូរដាក់ឯកសារតាមបែបឌីជីថល ដែលអាចស្វែងរកទិន្នន័យបទល្មើសបានងាយ​ស្រួល​ឆាប់​រហ័ស ទាន់ចិត្តតាមកុំព្យូទ័រ និងទូរស័ព្ទដៃ Smartphone ប៉ុន្តែមានទិន្នន័យក្នុងទូរ ឬ អត់ វាអាស្រ័យទៅលើមនុស្ស ជាអ្នកបញ្ចូល។

ពាក់ព័ន្ធនឹងបញ្ហានេះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួល​ផែន​យុត្តិធម៌បានសាទរ និងចាត់ទុកថា កម្មវិធីគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌជា​នវានុវត្តន៍ថ្មី ក្នុងកងកម្លាំងនគរបាលជាតិ និងសូមគាំទ្រទាំងស្រុង ហើយការងារនេះ គឺជាការចង់បានរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង​ការនគរបាលជាតិ ៕