ខ្មែរប៉ុស្ដិ៍ Close

មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន១០០រូប បានទទួល ការបណ្តុះបណ្តាល ស្តីពី «ការរៀបចំដីធ្លី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1797

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំដីធ្លី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ” ជូនមន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន១០០នាក់ ។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ បង្រៀនដោយ លោក ស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ ក្នុងគោលបំណងដើម្បីពង្រីកចំណេះដឹងជូនមន្ត្រី-បុគ្គលិកឱ្យយល់កាន់តែច្បាស់ពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ និងសំណង់លំនៅដ្ឋានខ្មែរ។

នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ជុំ សុមករា អគ្គនាយករង ជាតំណាងឯកឧត្ដមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដើម្បីអនុវត្តការងាររៀបចំដីធ្លី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរឱ្យបានជោគជ័យ មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាដែលចុះអនុវត្តការងារនេះផ្ទាល់ ត្រូវមានការយល់ដឹងច្បាស់លាស់ពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា និងត្រូវចេះពន្យល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ពីតម្លៃនៃកិច្ចការពារ និងអភិរក្សសំណង់លំនៅដ្ឋានខ្មែរ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារទាំងអស់គ្នា។

ឯកឧត្តមក៏បានកោតសរសើរដល់ក្រុមការងារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏សំខាន់នេះឡើង និងបានសំណូមពរដល់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ជាគុណប្រយោជន៍សម្រាប់នាយកដ្ឋាន/អង្គភាពរៀងៗខ្លួន និងអាជ្ញាធរជាតិអប្សរា និងជួយផ្សព្វផ្សាយចំណេះដឹងទាំងនេះជូនដល់មន្ត្រី បុគ្គលិក និងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឧទ្យានអង្គរផងដែរ៕

អត្ថបទទាក់ទង