ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសបារាំង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1356
    កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសបារាំងកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១នាក់បន្ថែមទៀត ជាអ្នកដែលទើបត្រឡប់មកពីប្រទេសបារាំង

    បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃអាទិត្យ ទី ៧ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១ករណីបន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់ ១២៦នាក់ ខណៈពេលដែលចំនួនអ្នកជាសះស្បើយមាន ១២៣នាក់ និងកំពុងសម្រាកព្យាបាលបន្តកើនដល់ ៣នាក់ ។

    បើតាមក្រសួងសុខាភិបាល អ្នកដែលទើបឆ្លងថ្មីនោះ គឺជាបុរសជនជាតិខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំងដោយប្ដូរជើងហោះហើរនៅសាធារណរដ្ឋកូរ៉េ មកដល់កម្ពុជាកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដោយបានដាក់ខ្លួនគាត់អោយនៅដាច់ដោយឡែកនៅគេហដ្ឋានរបស់គាត់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែលទ្ធផលអវិជ្ជមាននៅថ្ងៃទី ២៥ ខែឧសភា។ ក្រោយមក នៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ក្ករបស់គាត់ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅវិភាគឡើងវិញម្ដងទៀតហើយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ៦ ខែមិថុនា ម្សិលមិញនេះ។

    បច្ចុប្បន្នបុរសរូបនេះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    គួរជម្រាបថា ប្រទេសដែលបុរសរូបនេះបានឆ្លងកាត់ និងស្នាក់នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយមុនមកដល់កម្ពុជា មាន អង់គ្លេស អាល្លឺម៉ង់ បារាំង និងកូរ៉េខាងត្បូង។ ខណៈពេលនេះដែរ ក្រុមការងារនៃក្រសួងសុខាភិបាលកំពុងស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសខាងលើ។

    សូមជម្រាបថា អ្នកដែលកំពុងសម្រាកព្យាបាលបន្តចំនួន ៣នាក់នោះមានដូចជា៖

    • បុរសជនជាតិខ្មែរ ១នាក់ដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
    • បុរសជនជាតិខ្មែរ-បារាំង ១នាក់ដែលបានវិលត្រឡប់មកពីប្រទេសបារាំង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ
    • បុរសជនជាតិខ្មែរ ១នាក់ដែលវិលត្រឡប់ពីប្រទេសថៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុន ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

    ចំណែកឯចំនួនធ្វើតេស្តលើអ្នកដំណើរតាមយន្តហោះ ក្រសួងបានអោយដឹងថា មកទល់ពេលនេះ ខ្លួនបានធ្វើតេស្តរកមេរោគកូវីដ-១៩បានចំនួន ៣.៦៣៧ សំណាក។ រីឯចំនួននៃការធ្វើតេស្តសំណាកវត្ថុវិភាគទូទាំងប្រទេសវិញ គឺកើនដល់ ២១.៧៤៩សំណាក ដែលគិតជាមធ្យមគឺស្មើនឹង ១.៣១០សំណាក ក្នុងចំណោមប្រជាជនមួយលាននាក់ ដែលតួរលេខនេះខ្ពស់ជាងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានរបស់យើង។

    សូមអាននូវសេចក្ដីជូនដំណឹងទាំងស្រុងរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង