ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់រមនីយដ្ឋានភ្នំឡែងកៅ (ឡែងកៅ អូរងឺន) ក្នុងភូមិសាស្ត្រ ស្រុកអូរាំង ខេត្តមណ្ឌលគិរី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២០ ឯកសារ 1979

ភ្ញៀវទេសចរធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តមណ្ឌលគិរី សូមកុំភ្លេចភ្នំឡែងកៅ ជាពិសេស ទឹកជ្រោះឡែងកៅតែម្តង ដែលមានសម្រស់ស្រស់ស្អាតដូចគ្នានឹងទឹកជ្រោះប៊ូស្រា។

ធនធានធម្មជាតិ និងជីវ:ចម្រុះសំបូរបែបដែលទាក់ទាញរួមមាន៖ ទឹកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដា រួមផ្សំជាមួយ​សម្រែក​សត្វទោច ​(ប្រភេទសត្វដែលមានតម្លៃអភិរក្ស) និងបក្សាបក្សី។ សម្រស់ធម្មជាតិ នៃ ព្រៃស្រោងសើមដុះតាម ជ្រលងភ្នំ សងខាងមាត់ជ្រោះ លប់ទៅដោយដើម​ស្លាព្រៃ និងរុក្ខជាតិតិណ្ណជាតិគួរឱ្យចង់ទៅលេងកំសាន្ត។
សណ្ឋានដី និងភូគម្ភសាស្ត្រ ជាតំបន់ភ្នំមានសោភ័ណភាពទាក់ទាញ ប៉ុន្តែនៅមិនទាន់ដឹងថាជាប្រភេទថ្មអ្វី។

ផ្នែកតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌វិញ៖ ជនជាតិដើមភាគតិចព្នងតែងតែ ជឿថាតំបន់ភ្នំឡែងកៅមានភាពស័ក្តសិទ្ធ។ ទឹកជ្រោះឡែងកៅ ជាឈ្មោះ ដែលហៅតាមព្រៃអារក្ស ឬ ព្រៃតំណមរបស់ជនជាតិដើមភាគតិច។ នៅមានរឿងរ៉ាវជាច្រើនដែលមិនទាន់ដឹងអស់នៅទីនោះ។

សារ:សំខាន់ផ្នែកអភិរក្សវិញ គឺថាលក្ខណ:ពិសេសរបស់ព្រៃភ្នំសក្ការ:បូជានេះ បូកនឹងការប្រឈមនឹងការកាប់រុករាន និងដុតដីព្រៃដើម្បី​ធ្វើចម្ការអាចធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីតំបន់ព្រៃភ្នំនេះប្រែប្រួល។

ភ្នំនេះ ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី(រយ:ទទឹង: ១២° ១៩’ ១៥.១១” និងរយ:កំពស់: ១០៧° ៦’ ៣៩.៥១”)។ ទឹកជ្រោះមានចម្ងាយ១ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៧៦។ ត្រង់ផ្លូវបត់ចូលទៅទឹកជ្រោះមានចម្ងាយ៣៤៥ គ.ម ពីរាជធានីភ្នំពេញ ឬហួសស្នាក់ការអូររាំង នៃដែនជម្រកសត្វព្រៃកែវសីមាប្រមាណ១គ.ម នៅខាងស្តាំដៃ ឬ ២៦ គ.ម ពីក្រុងសែនមនោរម្យ នៅខាងឆ្វេងដៃ។

រដ្ឋាភិបាលបានចេញលិខិតលេខ ៨៣អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឱ្យក្រសួងបរិស្ថានរៀបចំបង្កើតជាដែនជម្រកសត្វព្រៃកែវសីមា លើផ្ទៃដី២៩២,៦៩០ហិកតា គ្របដណ្តប់ភ្នំឡែងកៅ សម្រាប់​ទុកជា​កេរ្តិ៍មរតកមនុស្សគ្រប់ជំនាន់។ ជនជាតិដើមភាគតិចព្នង បាននិង​កំពុង​ចូលរួមថែរក្សាការពារព្រៃភ្នំសក្ការបូជានេះ សម្រាប់កូនចៅពួកគាត់​គ្រប់​ជំនាន់ និងមានគម្រោងស្នើសុំក្រសួងបរិស្ថានថែរក្សាការពារ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានតែងយកចិត្តទុកដាក់ថែរក្សា និង​ការពារ ប្រពៃណី និងទំនៀមទំលាប់រស់នៅរបស់ជនជាតិដើម​ភាគតិចរស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ នៅកម្ពុជា។

សូមចូលរួមអភិរក្សសម្បត្តិធម្មជាតិ ជីវៈចម្រុះ និងវប្បធម៌ជនជាតិដើម​ភាគតិច តាមរយៈសកម្មភាពរបស់អ្នក!

អត្ថបទទាក់ទង