ខ្មែរប៉ុស្ដិ៍ Close

អាកាសចរស៊ីវិលកម្ពុជា៖ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងករណីអ្នកដំណើរណាមិនគ្រប់លក្ខខណ្ឌ ត្រូវដឹកត្រឡប់ទៅកន្លែងដើមវិញ (Video inside)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 2048
អាកាសចរស៊ីវិលកម្ពុជា៖ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងករណីអ្នកដំណើរណាមិនគ្រប់លក្ខខណ្ឌ ត្រូវដឹកត្រឡប់ទៅកន្លែងដើមវិញ (Video inside)អាកាសចរស៊ីវិលកម្ពុជា៖ ក្រុមហ៊ុនអាកាសចរណ៍ហោះហើរមកកម្ពុជា ត្រូវគោរពលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល ក្នុងករណីអ្នកដំណើរណាមិនគ្រប់លក្ខខណ្ឌ ត្រូវដឹកត្រឡប់ទៅកន្លែងដើមវិញ (Video inside)

(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានចេញនូវសេចក្ដីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីគោលការណ៍មួយចំនួន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរចូលមកកាន់ប្រទេសកម្ពុជាត្រូវអនុវត្តន៍ ដើម្បីបង្ការការពារជំងឺកូវីដ-១៩។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា គោលបំណងដែលអាកាសចរណ៍ស៊ីវិលកម្ពុជា ចេញសេចក្ដីជូនដំណឹងនេះ គឺដើម្បីឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរចូលមកកាន់កម្ពុជា គោរពឲ្យបាននូវលក្ខខណ្ឌ ដែលក្រសួងសុខាភិបាលតម្រូវ និងលក្ខខណ្ឌថ្មីៗមួយចំនួនទៀត ដែលអាកាសចរណ៍ស៊ីវិលកម្ពុជា តម្រូវឲ្យក្រុមហ៊ុនអនុវត្តន៍ឲ្យបានត្រឹមត្រូវ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ក្រៅពីលក្ខខណ្ឌដែលក្រសួងសុខាភិបាលតម្រូវហើយនោះ សម្រាប់អាកាសចរណ៍ស៊ីវិលវិញ គឺតម្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ មិនត្រូវអនុញ្ញាតឲ្យមានការដឹកអ្នកដំណើរ ដែលមានជំងឺកូវី១៩ នៅលើយន្ដហោះរបស់ខ្លួន ចូលមកកាន់កម្ពុជានោះទេ ហើយក៏មិនត្រូវដឹកភ្ញៀវដែលខ្វះខាត នូវឯកសារដែលរាជរដ្ឋាភិបាលកម្ពុជាតម្រូវឲ្យមាននោះដែរ។

លោក ជា អូន បានសង្កត់ធ្ងន់ថា «ក្នុងលិខិតរបស់អាកាសចរណ៍ស៊ីវិលនេះ មានចំណុចមួយដែលតម្រូវឲ្យ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ អនុវត្តន៍ឲ្យខានតែបាន គឺប្រសិនបើអ្នកដំណើរ ដែលក្រុមហ៊ុនអាកាសចរណ៍បានដឹកមកដល់កម្ពុជា ប៉ុន្ដែខ្វះខាតនូវឯកសារ ដែលតម្រូវដោយរដ្ឋាភិបាលនោះ ក្រុមហ៊ុនអាកាសចរណ៍នោះត្រូវទទួលខុសត្រូវ ក្នុងការដឹកអ្នកដំណើរទាំងនោះត្រឡប់ទៅកន្លែងដើមវិញ»។

លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ទៀតថា ចំពោះក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ តម្រូវឲ្យផ្ញើបញ្ជីឈ្មោះ សញ្ជាតិ របស់អ្នកដំណើរ ឲ្យបានជាក់លាក់មុនពេលហោះហើរមកកាន់កម្ពុជា ដោយមានភ្ជាប់នូវឯកសារលក្ខខណ្ឌតម្រូវឲ្យបានត្រឹមត្រូវ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការណ៍សំខាន់ៗមួយចំនួន សម្រាប់អ្នកដំណើរដែលចូលមកកម្ពុជា រួមមាន៖

* លើកលែងវិញ្ញាបនបត្របញ្ញាក់សុខភាព (Health Cartificate) បញ្ជាក់ថាគ្មានមេរោគកូវីដ ១៩ សម្រាប់អ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែន នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើដំណើរចូលមក ព្រះរាជាណាចក្រកម្ពុជា។

* អ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ីបញ្ជាក់ថា គ្មានមេរោគកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង។ បន្ថែមលើសពីនេះ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារអាម៉េរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ)។

* អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ដែលធ្វើដំណើរចូលមកដល់កម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។

* ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ-១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀត ទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩។

* ក្នុងករណីអ្នកដំណើរទាំងអស់ មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា ជំងឺកូវីដ-១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ ម្ដងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕

ប្រភព ៖ FreshNews

អត្ថបទទាក់ទង