ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1470
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកកម្ពុជា ត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសដែលចូលមកក្នុងប្រទេសកម្ពុជា ត្រូវតែអនុវត្តន៍តាមវិធានកំណត់ដោយក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩។ តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា «ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា ត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ជាពិសេសនៅពេលពិនិត្យសុខភាពរួចហើយ អនុញ្ញាតឱ្យរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ គឺត្រូវទទួលខុសត្រូវធ្វើតាមបញ្ជាណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានដាច់ខាត ដើម្បីសុវត្ថិភាពសុខភាពខ្លួនឯងផង និងសម្រាប់អ្នកដទៃផង»។

    ការក្រើនរំលឹករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងស្របពេលដែលស្ត្រីខ្មែរមានសញ្ជាតិអាមេរិកាំងម្នាក់ បានលួចចេញពីកន្លែងធ្វើចត្តាឡីស័កកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅនេះ។ សូមបញ្ជាក់ថា តាមវិធានរបស់ក្រសួងសុខាភិបាល រាល់អ្នកដំណើរទាំងពលរដ្ឋខ្មែរ និងជនបរទេសចូលមកក្នុងប្រទេសកម្ពុជា ត្រូវពិនិត្យរកជំងឺកូវីដ-១៩ និងដាក់ចត្តាឡីស័ករយៈពេល២៤ម៉ោង។

    ក្នុងករណីមានអ្នកដំណើរណាម្នាក់រកឃើញមានជំងឺកូវីដ-១៩ នោះអ្នកដំណើរក្នុងយន្តហោះទាំងអស់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានរៀបចំ ឬទៅសណ្ឋាគារប្រសិនបើអ្នកដំណើរមិនចង់ធ្វើចត្តាឡីស័កនៅទីតាំងដែលក្រសួងបានរៀបចំទេនោះ។ តែប្រសិនបើក្នុងយន្តហោះមិនមាននរណាម្នាក់មានជំងឺកូវីដ-១៩ទេនោះ អ្នកដំណើរទាំងអស់អនុញ្ញាតឱ្យធ្វើដំណើរទៅកាន់គោលដៅរបស់ពួកគេរៀងៗខ្លួន ប៉ុន្តែត្រូវម្ចាស់ការក្នុងការធ្វើចត្តាឡីស័កខ្លួនឯងរយៈពេល ១៤ថ្ងៃផងដែរ។

    ប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយត្រូវពាក់ម៉ាសការពារឱ្យបានល្អ មិនត្រូវធ្វេសប្រហែសដោយប្រមាថថាមិនអីនោះឡើយ។ លោក ក៏បានណែនាំម្ចាស់កន្លែងធ្វើអាជីវកម្មតូចធំរួមទាំងផ្សាររដ្ឋ និងឯកជន តូបលក់ឥវ៉ាន់តូចធំ ដេប៉ូចែកចាយ ហាងកាហ្វេ ភោជនីយដ្ឋាន ការដ្ឋានសំណង់ ទីកន្លែងកាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូដែលបានអនុញ្ញាតឱ្យបើកទ្វារឡើងវិញ ធនាគារ និងកន្លែងប្តូរប្រាក់តូចធំ ក្លីនិកតូចធំ ក្លីនិកធ្មេញ មន្ទីរពេទ្យរដ្ឋ និង មន្ទីរពេទ្យឯកជន ត្រូវតែមានជែល ទឹកអាល់កុល និងម៉ាសសម្រាប់ផ្តល់ជូនអតិថិជន ឬក្រុមគ្រួសារអ្នកជំងឺ ដើម្បីទប់ស្កាត់ការរីករាលដាលចម្លងរោគពីម្នាក់ទៅម្នាក់ ហើយត្រូវបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរឱ្យពលរដ្ឋខ្មែរចៀសផុតពីជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ផងដែរ។

    សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់)។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១៣៦នាក់ (ស្រី ៣៩នាក់ និងបុរស ៩៧នាក់) ហើយ ៣៥នាក់កំពុងសម្រាកព្យាបាល។ ក្នុងងនោះ ៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ហើយ២នាក់ជាមន្ត្រីស្ថានទូតអាមេរិក សម្រាកព្យាបាលនៅក្នុងស្ថានទូតអាមេរិក៕

    អត្ថបទទាក់ទង