ខ្មែរប៉ុស្ដិ៍ Close

    ផ្លូវការ៖ កម្ពុជាទទួលបាន ២កៅអី ដើម្បីប្រកួតពាន AFC Cup ចាប់ពីឆ្នាំ២០២១ តទៅ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ កីឡា - សុខភាព 1667
    ផ្លូវការ៖ កម្ពុជាទទួលបាន ២កៅអី ដើម្បីប្រកួតពាន AFC Cup ចាប់ពីឆ្នាំ២០២១ តទៅផ្លូវការ៖ កម្ពុជាទទួលបាន ២កៅអី ដើម្បីប្រកួតពាន AFC Cup ចាប់ពីឆ្នាំ២០២១ តទៅ

    (ភ្នំពេញ)៖ កម្ពុជាបានទទួលសិទ្ធិចំនួន២កៅអី ដើម្បីចូលរួមប្រកួតពានរង្វាន់ AFC Cup ចាប់ពីឆ្នាំ២០២១ តទៅ។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC។

    ប្រភពខាងលើបានបញ្ជាក់ថា ២កៅអីដែលត្រូវចូលរួមប្រកួតពានរង្វាន់ AFC Cup ឆ្នាំក្រោយ កៅអីទី១ ត្រូវបានទៅក្លិបជើងឯកពានមិត្តហ្វូនខេមបូឌានលីគ(លីគកំពូលកម្ពុជា) ឆ្នាំ២០២០ ដែលនឹងទទួលបានសិទ្ធិចូលរួមប្រកួតវគ្គចែកពូល(Group Stage) ។ ចំណែកកៅអីទី២ បានទៅក្លិបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដែលត្រូវប្រកួតវគ្គជម្រុះ(Play-Off)។

    នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាទទួលបាន ២កៅអី ដើម្បីចូលរួមប្រកួតពានដ៏ធំប្រចាំទ្វីបនេះ ផ្ទុយពីសព្វដងកម្ពុជាទទួលបានត្រឹមកន្លះកៅអីប៉ុណ្ណោះ ។ ការទទួលបានសិទ្ធពិសេសនេះ ដោយសារចំណាត់ថ្នាក់បាល់ទាត់កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៣១ ក្នុងចំណោមសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ី(AFC) ទាំង ៤៦ និងឈរលេខនៅចំណាត់ថ្នាក់លេខ ៦ ក្នុងតំបន់អាស៊ាន(AFF) ។

    យ៉ាងណាមិញ CNCC បានសង្កត់ធ្ងន់ថា ក្រុមទទួលបានសិទ្ធចូលរួមប្រកួតពាន AFC Cup 2021 ត្រូវបំពេញលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្ដរជាតិ AFC Club Licensing 2020 ឲ្យបានត្រឹមត្រូវ ។ ក្នុងករណីក្លិបជើងឯកទាំងពីរ មិនបានបំពេញគ្រប់លក្ខខណ្ឌក្លិបអន្ដរជាតិ ឆ្នាំ២០២០ ទេ សិទ្ធចូលរួមនេះ នឹងត្រូវប្រគល់ទៅក្លិបចំណាត់ថ្នាក់បន្ទាប់ ដែលបានបំពេញគ្រប់លក្ខខណ្ណអាជ្ញាបណ្ណក្លិបអន្ដរជាតិ ហើយចំណាត់ថ្នាក់បន្ទាប់នោះ គឺគិតពីលេខ២ ដល់លេខ៦ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ ។

    គួរបញ្ជាក់ថា ចំពោះការប្រកួតពានរង្វាន់ AFC Cup ឆ្នាំ២០២០ នេះ កម្ពុជាទទួលបានកន្លះកៅអីប៉ុណ្ណោះ ដើម្បីចូលរួមប្រកួត ដែលតំណាងឲ្យក្រុមជើងឯកឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង កំពុងធ្វើការប្រកួតវគ្គ Play-Off នាពេលបច្ចុប្បន្ន នៅក្នុងពូល G៕

    អត្ថបទទាក់ទង