ខ្មែរប៉ុស្ដិ៍ Close

    បទយកការណ៍៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងបន្តការអភិវឌ្ឍ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជា

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នគរគំនិត 2682
    បទយកការណ៍៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងបន្តការអភិវឌ្ឍ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជាបទយកការណ៍៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងបន្តការអភិវឌ្ឍ និងពង្រីកមាត់ច្រកសេដ្ឋកិច្ចកម្ពុជា

    ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០២០ –លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ បានបញ្ជាក់ថា កំពង់ផែនៅតែបន្តមាននិរន្តភាព​ និងស្ថេរភាពទោះជាមានវិបត្តិ​ដែលផ្ទុះឡើង​ដោយកូវីដ​-១៩ ហើយកំពង់ផែក៏កំពុងតែអនុវត្តការ​បន្តអភិវឌ្ឍ​កំពង់ផែជាបន្តបន្ទាប់ ។

    លោកបានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះ នាវាដែលចេញចូលនៅទីនេះ គឺនៅតែជានាវាខ្នាត​តូចនៅឡើយ ប៉ុន្តែដើម្បីធ្វើឲ្យកំពង់ផែក្លាយជាមាត់ច្រកនៃការអភិវឌ្ឍរបស់ប្រទេស និងជាមាត់ច្រក​នៃ​សេដ្ឋកិច្ចដោយឯករាជ្យដែលភ្ជាប់កម្ពុជាទៅបណ្តាប្រទេសនានា ថ្នាក់ដឹកនាំ​ដែលជាអាណាព្យាបាល​កំពង់ផែ និងថ្នាក់ដឹកនាំកំពង់ផែផ្ទាល់បានគិត អំពីការអភិវឌ្ឍ ជាបន្តបន្ទាប់។លោកបានបញ្ជាក់ថា៖ “នៅពេលនេះដំណាក់កាលសាងសង់កំពងផែទឹកជ្រៅដំណាក់កាលទីមួយគឺបានចាប់ផ្តើមហើយ ដោយនៅពេលនេះគម្រោងប្លង់លំអិតនោះគឺបានបញ្ចប់។ ហើយឥឡូវនេះយើងបាន​ឈានចូល​ទៅក្នុងដំណាក់កាលជ្រើសរើសអ្នកសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ២០២១ ហើយ​គ្រោង​​នឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤ ដោយយើងរំពឹងថានឹងទទួលបានផែប្រវែង ៣៥០ ម ដែលមាន​ជម្រៅ​ទឹក ១៤,៥០ម ដូច្នេះនាវាដឹកកុងតឺន័រដែលមានជម្រៅទឹក ១៣ ម អាចចូលបាន ហើយយើងក៏អាច​ទទួល​បាននាវាខ្នាតមធ្យមដែលមាន ចំណុះផ្ទុកប្រមាណជា ៥.០០០ TEUបាន ។

    លោកបានបន្តទៀតថា នៅពេលនោះ នៅតំបន់អ៊ីនត្រាប៉ាស៊ីហ្វិក គឺយើងអាចបម្រើការទំនាក់ទំនង ខាងនាវាបាន​​។ នេះគឺជាសកម្មភាពដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុកំពុងតែដំណើរការ ប៉ុន្តែទោះបី​ជាយ៉ាងណាក៏ ដោយ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល និង កំពង់ផែផ្ទាល់កំពុងតែ​បន្តសិក្សាបន្ថែម​ទៀតអំពី​លទ្ធភាពថា ធ្វើម៉េចដើម្បីកំពង់ផែអាចភ្ជាប់ កម្ពុជាទៅកាន់ប្រទេសនៅសហគមន៍អឺរ៉ុប ក៏ដូចជា​សហរដ្ឋអាមេរិក ។​

    លោក ថៃ ឫទ្ធី បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំផ្ទាល់របស់កំពង់ផែ និង អ្នកបច្ចេកទេស គឺកំពុង​តែ​សិក្សាធ្វើយ៉ាងម៉េចដើម្បីឲ្យជំហានទី​២ និង ជំហានទី៣ នៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះ អាច ឲ្យនាវាធុនយក្សចេញចូលបាន នៅក្នុងរង្វង់ពីឆ្នាំ២០២៧ ទៅ ២០២៨ ។​

    លោកបានបញ្ជាក់ថា កំពង់ផែបានធ្វើសំណើទៅក្រសួងអាណាព្យាបាលរូចរាល់ហើយ ជាការឆ្លើយតប ដៃគូអភិវឌ្ឍ ជាពិសេសគឺជប៉ុន គឺបានធានាថា នឹងជួយកម្ពុជានៅក្នុងការអភិវឌ្ឍកំពង់ផែជំហានទី​២ ​និង​ទី​៣ នេះ ។លោកបានបន្ថែមថា “គេនឹងបញ្ជូនអ្នកជំនាញការ ក្រោយពេល ដែលកូវីដ-១៩ ធូរស្រាល ទាក់ទងនឹងផែនការការអភិវឌ្ឍ ជំហានទី២ និងទី៣ ដោយជំហានទីពីរយើងមាន ផែនការកសាងផែដែលមានប្រវែង ៤១០ ម ជម្រៅទឹក ១៦ ម ហើយជំហានទី៣ គឺ ៤៤០ ម ជម្រៅទឹក ១៧,៥០ ម ។ ជំហានទី ២ និងទី៣ តាមការចង់បាន តាមការព្យាករណ៍អំពីកំណើននៅទីនេះយើងដាច់ខាត ត្រូវតែសង់ នៅក្នុងពេលតែមួយ” ។

    លោកបានឲ្យដឹងថា ឥឡូវនេះ បើយើងមើលពីសមត្ថភាពផែ គឺយើងទទួលបាន ៧០០.០០០ TEU ដូច្នេះ គឺបានន័យថា វាកៀកទៅដល់សមត្ថភាពផែរបស់យើងហើយ ។

    លោកបានបញ្ជាក់ថា ” សមត្ថភាព ប៉ុណ្ណឹង សឹងតែពេញហើយ ពីព្រោះថា ផែបើកាលណាយើងប្រើចាប់ពី ៨០ ភាគរយទៅ គឺត្រូវគេចាត់ទុក ថា ជាផែដែលស្ទះ ដូច្នេះប្រសិនបើមានកំណើនគំហុកគឺប្រមាណជា ១៥ភាគរយឡើងទៅនោះ គឺយើងស្ទះតែម្តង” ។

    លោក អគ្គនាយករងបានមានប្រសាសន៍បន្តថា ឆ្នាំ២០២០ នេះ វាគឺជារឿងកូវីដ-១៩ ។ បញ្ហាកូវីដ-១៩នេះ វាគឺជាការគំរាមកំហែងកំពង់ផែ ប៉ុន្តែវាក៏ជាឱកាសមួយ សម្រាប់ទុកឲ្យកំពង់ផែរៀបចំខ្លួន តាំងពីមធ្យោបាយ តាំងពីផែ តាំងពីទីលានជាដើមសម្រាប់កំពង់ផែ ។

    លោកបានថ្លែងបន្តថា ចាប់ពីឆ្នាំ២០២១ ទៅប្រសិនបើកំពង់ផែ បន្តទទួលបានកំណើនតែ ១៥ ភាគរយទៀត បានន័យថា កំពុងផែយើងសឹង តែលើសពីសមត្ថភាព ដូច្នេះយើងត្រូវតែពង្រីកផែដែលមានស្រាប់ ពង្រីកទីលាន ដើម្បីទទួល នាវាបាន និង ជម្រុញដំណាក់កាលអភិវឌ្ឍជំហានទី១និងទី២ ទី៣ នេះ កុំឲ្យប្រតិបត្តិការផែរបស់យើងនៅក្រោម សមត្ថភាព ។ ធ្វើម៉េចឲ្យសមត្ថភាពផែនៅលើសកម្មភាពដែលអនុវត្តជាក់ស្តែង ពីព្រោះបើផែយើងស្ទះ សេដ្ឋកិច្ចយើងក៏អាចនឹងស្ទះបានដែរ ។កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ១២៥ហិកតា ។ កំពង់ផែស្ថិតនៅឈូងសមុទ្រកំពង់សោមដែលជាកំពង់ផែទឹកជ្រៅតែមួយគត់សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិ ដូចជាមានជម្រៅទឹកជ្រៅ មានកោះជារបាំងខ្យល់ និងរលកធំៗ ហើយស្ថិតនៅចំទីតាំងដែលពុំតម្រូវឱ្យមានការបូមស្តារឃ្លងនាវាជាប្រចាំឡើយ ។

    កំពង់ផែនេះត្រូវបានសាងសង់ឡើងនៅដើមឆ្នាំ១៩៥៦ និងបានពង្រីកជាលំដាប់ ហើយឥឡូវនេះ កំពង់ផែមានចំណតនាវាចំនួន៨ចំណត ដែលបំពាក់ ដោយឧបករណ៍លើកដាក់ទំនើបទាន់សម័យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះបរិមាណទំនិញឆ្លងកាត់មានការកើនឡើងជាបន្តបន្ទាប់៕

    អត្ថបទទាក់ទង