ខ្មែរប៉ុស្ដិ៍ Close

    ដំណាំការ៉ុតនិងដំឡូងបារាំងនៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារក្នុងស្រុក

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ មុខរបរ 3104
    ដំណាំការ៉ុតនិងដំឡូងបារាំងនៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារក្នុងស្រុកដំណាំការ៉ុតនិងដំឡូងបារាំងនៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារក្នុងស្រុក

    ដំណាំការ៉ុតនិងដំឡូងបារាំង នៅខេត្តមណ្ឌលគិរីកំពុងមានតម្រូវការខ្ពស់ នៅលើទីផ្សារក្នុងស្រុក ដោយសារតែវាត្រូវបានចាត់ទុកជាបន្លែសុវត្ថិភាពកំពុងមានការទទួលស្គាល់ ពីអ្នកបរិភោគ ។

    លោក គ្រី ម៉េងឈាង ជាម្ចាស់ចំការនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់ អោយដឹងថា លោកទទួលបានជោគជ័យលើការ ដាំការ៉ុតនិងដំឡូងបារាំង នៅលើទឹកដីខេត្តមណ្ឌលគិរី ក្នុងរយៈពេល៣ឆ្នាំមកនេះ ដោយដំណាំមួយមុខៗទទួលបានពី ៨តោនទៅ១០តោនក្នុងមួយរដូវ។ សព្វថ្ងៃនេះ ដំណាំការ៉ុត និងដំឡូងបារាំង ដែលលោកបានដាំក្នុងក្រុងសែនមនោរម្យ ដោយទទួលទិន្នផលច្រើនក៏ដោយប៉ុន្តែគឺមិនទាន់អាចផ្គត់ផ្គង់អ្នកបរិភោគបានគ្រប់គ្រាន់ទេ។ លោកបន្តថា ក្នុងមួយឆ្នាំ លោកអាចទទួលបានផល៤ដង នៅលើផ្ទៃដីជិត២ហិកតា។ ចំពោះបន្លែវិញ លោកដាំសម្រាប់ផ្គត់ផ្គង់នៅតាមទីផ្សារទំនើបនានា នៅរាជធានីភ្នំពេញ ជាមួយនឹងតម្លៃបោះដុំពី៦០០០រៀល ទៅ៧០០០រៀល ក្នុងមួយគីឡូក្រាម ។
    សំឡេង៖ ចំពោះទីផ្សារវិញ មានប៉ុន្មានក៏មិនចេះសល់ដែរ ព្រោះថាឥឡូវភ្ញៀវត្រូវការបន្លែពីធម្មជាតិ នៅខេត្តមណ្ឌលគិរីយើង គឺគាត់មានការទទួលស្គាល់ច្រើន គាត់ចង់បានបន្លែរបស់យើង គឺបន្លែរបស់យើងដាំតាមបែបធម្មជាតិសុទ្ធ និយាយរួមទៅទីផ្សារមិនចេះខ្វះ មានប៉ុន្មានក៍មិនចេះសល់ដែររឿងការ៉ុត ហើយទីផ្សារដំឡូងបារាំងអីហ្នឹង ឲ្យតែមាន គឺមិនចេះសល់ អ្នកទិញម្នាក់ៗត្រូវការច្រើន ហើយអ្នកដាំមានតិច នៅក្នុងខេត្តមានតែខ្ញុំទេដាំច្រើនជាងគេ ហើយម៉ូយខ្ញុំមានច្រើន ខ្ញុំផ្គត់ផ្គង់អត់ទាន់ទៅតាមតម្រូវការទេ» ។
    លោកបន្ថែមថា ការធ្វើកសិកម្មលើបន្លែនេះ គឺមានការគាំទ្រដោយមន្ទីរកសិកម្មខេត្ត ដោយបានផ្គត់ផ្គង់ពូជ និងផ្តល់បច្ចេកទេសកសិកម្មបែបទំនើប។ ដូចជា ការដាំបន្លែក្នុងផ្ទះសំណាញ់ ការប្រើប្រព័ន្ធដំណក់ទឹកនិងសាច ការប្រើប្រាស់ជី និងថ្នាំកសិកម្មត្រឹមត្រូវ ទៅតាមបច្ចេកទេសធម្មជាតិ ។
    លោកបានបន្ថែមថា មន្រ្តីជំនាញរបស់មន្ទីរ ក៏បានចុះបង្រៀនអោយកសិករយើង ចេះសន្សំ និងផលិតជីធម្មជាតិ ដូចជាជីកំប៉ុស ជីអាចម៍មាន់ ជីអង្កាម និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិផងដែរ ។
    សូមបញ្ចាក់ថា ក្នុងរយៈពេលបីខែ ចម្ការរបស់លោក គ្រី ម៉េង ឈាង បាននាំចេញការ៉ុត និងដំឡូងបារាំង បានពី១៥តោន ទៅ២០តោនទៅកាន់ទីផ្សារ ដោយក្នុងមួយគីឡូក្រាមមានតម្លៃពី៦០០០រៀលទៅ ៧០០០រៀល ដាំលើផ្ទៃដីជិត២ហិកតា ។ ផ្ទៃដីចម្ការដាំបន្លែសុវត្ថិភាពចំរុះរបស់លោក សរុបមានជាង១០ហិកតា បានដាំនូវបន្លែចំរុះដូចជា ៖ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង ខ្ទឹមស ស្ពៃក្តោប ស្ពៃបូកគោជាដើម៕

    អត្ថបទទាក់ទង