ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជប៉ុន ដែលបន្តផ្តល់ជំនួយអភិវឌ្ឍដល់ប្រទេសកម្ពុជា ដោយពុំពន្យារពេល ឬបញ្ឈប់ទេ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1245
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជប៉ុន ដែលបន្តផ្តល់ជំនួយអភិវឌ្ឍដល់ប្រទេសកម្ពុជា ដោយពុំពន្យារពេល ឬបញ្ឈប់ទេ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជប៉ុន ដែលបន្តផ្តល់ជំនួយអភិវឌ្ឍដល់ប្រទេសកម្ពុជា ដោយពុំពន្យារពេល ឬបញ្ឈប់ទេ ទោះបីជាស្ថិតក្នុងស្ថានភាពកូវីដ-១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់ជប៉ុន ដែលបានបន្តជួយកម្ពុជា ជាពិសេសបន្តជាមួយកម្មវិធីជំនួយអភិវឌ្ឍ (ODA) ដោយពុំមានការពន្យារពេល ឬបញ្ឈប់នោះទេ ទោះបីជា ស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩យ៉ាងណាក្តី។

ការថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានដកស្រង់សម្តីសម្តេចតេជោ ហ៊ុន សែន ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះថា «សម្តេចតេជោបានថ្លែងអំណរគុណជប៉ុនដែលបានបន្តជួយកម្ពុជា ជាពិសេសបន្តជាមួយកម្មវិធី ODA ជំនួយក្រៅប្រទេស ដែល ODA នៅកម្ពុជាពុំមានការពន្យារ ឬបញ្ឈប់ទេ ផ្ទុយទៅវិញកំពុងដំណើរការជាប្រក្រតី»

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០១៤ ហើយពេលនេះ លោកបានក្លាយជា រដ្ឋមន្រ្តីការបរទេសទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់តាំងពីពិភពលោករីករាលដាលជំងឺកូវីដ-១៩។ ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្រ្តីការបរទេសជប៉ុន បានសង្កេតឃើញអំពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍប្រទេស ព្រមទាំងបានកោតសរសើរចំពោះការគ្រប់គ្រងស្ថានការណ៍ ដែលបានចាត់វិធានការយ៉ាងល្អប្រសើរ ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ផងដែរ។

លោកបានជម្រាបជូនសម្តេចតេជោផងដែរថា ជប៉ុនបានត្រៀមថវិកាមួយចំនួន ដើម្បីចូលរួមជួយទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្នុងនោះក៏មានជំនួយមកដល់ប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន កាលពីខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ បានបន្តផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៤,៥០១លានយ៉េន (ជាង៤១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្ដន៍គម្រោងចំនួន៣ ក្នុងនោះមាន៖

* ទី១៖ អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន ៣៤៨លានយ៉េន (ប្រមាណ ៣.២លានដុល្លារ)
* ទី២៖ ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ២,១៥៣លានយ៉េន (ប្រមាណ ១៩.៨លានដុល្លារ)
* ទី៣៖ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០លានយ៉េន (ប្រមាណ ១៨.៤០លានដុល្លារ)។

ជប៉ុន ក៏បានផ្តល់ជំនួយ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ (The Project for the Expansion of Water Suppy System in Ta Khmau) ដែលមានទឹកប្រាក់ចំនួន ៣៤២១លានយ៉េនជប៉ុន (ប្រមាណជា៣២លានដុល្លារអាម៉េរិក)ផងដែរ៕

ពី Fresh News

អត្ថបទទាក់ទង