ខ្មែរប៉ុស្ដិ៍ Close

    ក្រុមហ៊ុនចិនធំមួយត្រៀមវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយប្រមូលទិញផ្លែឈើស្រស់ កែច្នៃ និងនាំចេញទៅលក់នៅចិន

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នគរគំនិត 1169
    ក្រុមហ៊ុនចិនធំមួយត្រៀមវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយប្រមូលទិញផ្លែឈើស្រស់ កែច្នៃ និងនាំចេញទៅលក់នៅចិនក្រុមហ៊ុនចិនធំមួយត្រៀមវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយប្រមូលទិញផ្លែឈើស្រស់ កែច្នៃ និងនាំចេញទៅលក់នៅចិន

    (ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំរបស់ចិនមួយទៀតមានឈ្មោះថា ក្រុមហ៊ុនធៀនធៀន បានបង្ហាញពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយក្រុមហ៊ុននឹងប្រមូលទិញផ្លែឈើស្រស់ដែលដាំដុះបាននៅប្រទេសកម្ពុជា ដើម្បីកែច្នៃ វេចខ្ចប់ និងនាំចេញយកទៅលក់នៅប្រទេសចិន។

    គម្រោងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សារវាងលោក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Wang Bingham អគ្គនាយកក្រុមហ៊ុនធៀនធៀន និងសហការី នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម។

    ពាក់ព័ន្ធនឹងគម្រោងវិនិយោគនេះដែរ លោករដ្ឋមន្ត្រី វេង សាខុន បានបង្ហាញការស្វាគមន៍គាំទ្រយ៉ាងពេញទំហឹង ដោយបញ្ជាក់ថា គម្រោងវិនិយោគនេះ គឺពិតជាស្របតាមផែនការអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងកសិកម្មកម្ពុជា ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុក តាមរយៈការធ្វើទំនើបកម្មកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ដែលទាំងអស់នេះនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។

    លោក Wang Bingham បានបញ្ជាក់ថា បន្ទាប់ពីបានទស្សនកិច្ចសិក្សាស្វែងយល់អំពីផលិតផល និងគុណភាពនៃផ្លែស្វាយ មៀន ខ្នុរ ធុរេន ដូងក្រអូប និងក្រូចថ្លុងរបស់កម្ពុជាហើយ លោកពិតជាមានការជឿជាក់ថានឹងទទួលការគាំទ្រ និងមានទីផ្សារខ្ពស់នៅប្រទេចិន នៅពេលដែលក្រុមហ៊ុនដាក់លក់ផ្លែងឈើទាំងនោះនៅលើប្រព័ន្ធទីផ្សារពាណិជ្ជកម្មអេឡិចត្រនិក (E-Commerce) ផ្ទាល់របស់ក្រុមហ៊ុន។

    ដើម្បីឱ្យគម្រោនេះទទួលបានជោគជ័យ លោកអគ្គនាយក Wang ក៏បានស្នើសុំយោបល់ និងអនុសាសន៍ពីលោករដ្ឋមន្ត្រី វេង សាខុន និងមន្ត្រីជំនាញពាក់ព័ន្ធនឹងទីផ្សារប្រមូលទិញ និងនីតិវិធីនៃការនាំចេញផលិតផលខាងលើទៅប្រទេសចិន។

    ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានសហប្រតិបត្តិកាអន្តរជាតិ និងនាយកដ្ឋានកសិឧស្សាហកម្ម សិក្សាស្វែងយល់បន្ថែមអំពីសក្តានុពុលនៃផលិតកម្មឈើហូបផ្លៃខាងលើ រួចរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួង ដើម្បីក្រសួងមានលទ្ធភាពអាចជួយសម្របសម្រួល ក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ និងជាពិសេសនីតិវិធីនៃការនាំចេញ។

    បើតាមលោក វេង សាខុន រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិន តែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេសវិស័យកសិកម្ម។ មកទល់ពេលនេះ ភាគីចិនបានបង្កើនបរិមាណនៃការនាំចូលអង្ករកម្ពុជារហូតដល់ ៥០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យកម្ពុជានាំចេញចេកអំបូងលឿង និងស្វាយស្រស់ឆ្ពោះត្រង់ទៅកាន់ប្រទេសចិនផងដែរ៕

    អត្ថបទទាក់ទង