ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជំនាញកសិកម្មខេត្តស្វាយរៀងចុះផ្តល់បច្ចេកទេសបណ្តុះផ្សិតចំបើងដល់ប្រជាកសិករ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ មុខរបរ 2634
មន្រ្តីជំនាញកសិកម្មខេត្តស្វាយរៀងចុះផ្តល់បច្ចេកទេសបណ្តុះផ្សិតចំបើងដល់ប្រជាកសិករមន្រ្តីជំនាញកសិកម្មខេត្តស្វាយរៀងចុះផ្តល់បច្ចេកទេសបណ្តុះផ្សិតចំបើងដល់ប្រជាកសិករ

មន្រ្តីជំនាញកសិកម្មខេត្តស្វាយរៀងចុះផ្តល់បច្ចេកទេសបណ្តុះផ្សិតចំបើងដល់ប្រជាកសិករ ក្នុងគោលបំណងជួយឱ្យប្រជាកសិករមានចំណេះជំនាញក្នុងការបណ្តុះផ្សិតសម្រាប់រកចំណូលផ្តត់ផ្គង់គ្រួសារ។ លោក ថាត់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានមានប្រសាសន៍ថា ក្រុមអ្នកជំនាញរបស់ការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានចុះបង្រៀនពីរបៀបបណ្តុះផ្សិតចំបើងទៅដល់កសិករចំនួន៤បណ្តុះ ដែលក្នុង១បណ្តុះមានប្រមាណ៥០គ្រួសារ ដើម្បីធ្វើយ៉ាងណាធានាឱ្យការបណ្តុះផ្សិតចំបើងទទួលបានទិន្នផលខ្ពស់ និងចំណេញពេលវេលា ។

លោកបានបន្តថា ការចុះផ្តល់បច្ចេកទេសដល់កសិករក្នុងការបណ្តុះផ្សិតចំបើងនេះ ពិតជាបានធ្វើឱ្យពួកគាត់អាចទទួលបានទាំងបទពិសោធបច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងកាត់បន្ថយការធ្វើចំណាកស្រុក ។
សំឡេង៖បច្ចេកទេសក្នុងការបណ្តុះផ្សិតនេះគឺយើងបានឱ្យមន្ត្រីជំនាញចុះណែនាំ ផ្សព្វផ្សាយ បង្រៀនផ្ទាល់ដល់កសិករ ហើយផ្សិតនេះគឺមានរយៈពេលខ្លីតែ១៥ថ្ងៃគឺអាចប្រមូលផលបាន កសិករភាគច្រើនគឺគាត់ចូលចិត្ត ដោយសារវាមានរយៈពេលខ្លីនិងទទួលបានតម្លៃល្អ។

លោក នាត ម៉ាច កសិករបណ្តុះផ្សិត រស់នៅខេត្តស្វាយរៀង បានឱ្យដឹងថា លោកបានសង់រោងបណ្តុះផ្សិតចំបើងចំនួន៥រោង មានទំហំ៤គុណ៦ម៉ែត្រ ដោយក្នុង១រោងប្រមូលផលបានពី៨០គីឡូក្រាម ទៅ១០០គីឡូក្រាមក្នុងមួយរដូវ ដែលមានតម្លៃចាប់ពីជាង១ម៉ឺនរៀលទៅ១ម៉ឺនពីរពាន់រៀលក្នុងមួយគីឡូក្រាម។លោកបានបន្តថា មន្ត្រីជំនាញកសិកម្ម បានយកចិត្តទុកដាក់ចុះបង្ហាត់បង្ហាញដល់ទីតាំងផ្ទាល់តែម្តង ដើម្បីបង្កលក្ខណៈងាយស្រួលដល់កសិករដែលខ្វះបច្ចេកទេសក្នុងការបណ្តុះ ដែលមុខរបរនេះ ធ្វើឱ្យជីវភាពគ្រួសាររបស់គាត់កាន់តែធូរធារជាងមុន ។

សំឡេង ៖ «ខ្ញុំរៀនចេញពីខាងគ្រូកសិកម្មដែលមុខរបរនេះបានជួយឱ្យខ្ញុំរកប្រាក់ចំណូលបានច្រើនជាងមុនធូរអត់សូវពិបាកដូចមុនយើងមានការងារច្បាស់លាស់សម្រាប់រកប្រាក់ចំណូលប្រចាំថ្ងៃ ព្រោះផ្សិតនេះត្រូវការកម្លាំងពលកម្មច្រើន អ៊ីចឹងទាមទារឱ្យមានមនុស្សច្រើននៅជួយធ្វើការ ។
សូមបញ្ជាក់ថា ផ្សិតចំបើង ផ្តល់វីតាមីនB ជួយធ្វើឱ្យដុះឈាមក្រហម មានកម្លាំង, ផ្តល់វីតាមីនD សម្រាប់ជួយបណ្តុះឆ្អឹង ព្រមទាំងជីវជាតិសំខាន់ផ្សេងៗទៀត សម្រាប់ជួយឱ្យរាងកាយមនុស្សទទួលបាននូវសុខភាពរឹងមាំ៕

អត្ថបទទាក់ទង