ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ចិន ផ្សព្វផ្សាយសៀវភៅរបស់លោក ស៉ី ជីនភីង ស្ដីពីអភិបាលកិច្ចប្រទេសចិន ភាគ៣

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 1718
    កម្ពុជា-ចិន ផ្សព្វផ្សាយសៀវភៅរបស់លោក ស៉ី ជីនភីង ស្ដីពីអភិបាលកិច្ចប្រទេសចិន ភាគ៣កម្ពុជា-ចិន ផ្សព្វផ្សាយសៀវភៅរបស់លោក ស៉ី ជីនភីង ស្ដីពីអភិបាលកិច្ចប្រទេសចិន ភាគ៣

    (ភ្នំពេញ)៖ ដោយមានការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា ទើបនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីផ្សព្វផ្សាយសៀវភៅសង្ខេបខ្លឹមសាររបស់លោក ស៉ី ជីនភីង ស្ដីពី អភិបាលកិច្ចប្រទេសចិន ភាគ៣ ជាភាសាអង់គ្លេស។

    កម្មវិធីនេះនៅវិមានព្រឹទ្ធសភាកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ មកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា តំណាងក្រសួង ស្ថាប័ន អង្គការ សមាគម សង្គមស៊ីវិល ក្រុមហ៊ុនវិនិយោគ និងនិស្សិត។

    លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សៀវភៅលោក ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន គឺពិតជាកំណប់ទ្រព្យនៃពុទ្ធិដ៏មហាសាលស្តីពី ការគ្រប់គ្រងប្រទេស ហើយក៏ជាសម្បត្តិមួយយ៉ាងមានតម្លៃថ្លៃថ្លារបស់ប្រទេសចិនផងដែរ។ ជាមួយគ្នានេះ ប្រទេសចិនក៏មានឆន្ទៈក្នុងការបើកចំហចែករំលែកសុទ្ធចិត្តនូវបទពិសោធន៍ ប្រកបដោយភាពជោគជ័យរបស់ខ្លួន ជូនដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។

    លោក សារឹទ្ធ បានបន្តថា បើប្រៀបធៀបជាមួយបណ្តាប្រទេសនានា ប្រទេសចិនមានសម្ពាធយ៉ាងខ្លាំងដោយប្រឈមមុខនឹងភាពក្រីក្ររបស់ប្រជាជន។ ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសចិនបានកាត់បន្ថយភាពក្រីក្របានជាង ៣០០ លាននាក់ ចាប់តាំងពីការធ្វើដំណើរការកំណែទម្រង់ជាង ៤០ ឆ្នាំកន្លងមកនេះ។

    ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ចំនួនប្រជាជនក្រីក្រនៅតាមជនបទរបស់ប្រទេសចិនត្រូវបានកាត់បន្ថយពី ៩៨.៩៩ លាននាក់ មកត្រឹម ៣០.៣៦ លាននាក់ ហើយភាពក្រីក្រត្រូវបានកាត់បន្ថយចំនួន ៦៨.៥៣ លាននាក់ ក្នុងរយៈពេល៥ឆ្នាំ ដោយមានអត្រាកាត់បន្ថយភាពក្រីក្របានចំនួន ៧០%។

    នេះគឺជាលក្ខណៈពិសេសមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ក្នុងការលុបបំបាត់ភាពក្រីក្រដែលគ្មានប្រទេសណាអាចធ្វើដូចបានឡើយ។ ប្រទេសចិនបានចាត់ទុកការកាត់បន្ថយភាពក្រីក្រ គឺជាផ្នែកមួយយ៉ាងសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលត្រូវបានប្រវត្តិសាស្រ្តចារឹកទុកជាបទពិសោធន៍នៃការប្រឆាំងភាពក្រីក្រ ហើយជាគតិដ៏ល្អមួយដែលកម្ពុជាគួររៀនសូត្រតាម។

    លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងដែរថា ទំនាក់ទំនងកម្ពុជា-ចិនបានចូលរួមនៅក្នុងសហគមន៍ជោគវាសនារួម ហើយកម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយមានគំនិតរួមនៅក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍ។ សៀវភៅអភិបាលកិច្ចប្រទេសចិន គឺជាមាគ៌ាអភិវឌ្ឍប្រទេសចិន ហើយក៏ជាគន្លឹះដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវ និងមហាជនទូទៅឈ្វេងយល់ពីកិច្ចអភិវឌ្ឍប្រទេសចិន។

    គួរបញ្ជាក់ថា សៀវភៅលោក ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន ចាប់ពីភាគ ១ រហូតមកដល់ភាគ ៣ សៀវភៅនេះឆ្លុះបញ្ចាំងឱ្យឃើញនូវគតិបណ្ឌិតរបស់លោក ស៊ី ជីនភីង ដែលរួមមានគោលការណ៍ណែនាំអំពីគោលនយោបាយអភិបាលកិច្ចរដ្ឋ និងការគ្រប់គ្រងនយោបាយ សុបិន និងក្តីសង្ឃឹមរបស់ប្រជាជនចិន មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាលំបាកៗ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវែងឆ្ងាយ មាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន ព្រមទាំងការគិតពិចារណាអំពីពិភពលោក និងជោគវាសនារបស់មនុស្សជាតិផងដែរ។

    សូមជម្រាបថា សៀវភៅរបស់លោក ស៊ី ជីនភីង ស្តីពី អភិបាលកិច្ចប្រទេសចិន ភាគ១ និងភាគ២ ត្រូវបានបកប្រែមកជាខេមរភាសាដោយលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៕

    អត្ថបទទាក់ទង