ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នគរគំនិត 1270
    សម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំងសម្តេចតេជោ អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ទន្លេ មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង

    (កណ្តាល)៖ ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទន្លេ ឬក្បែរផ្លូវទឹក មានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ចំពោះស្ថានភាពភ្លៀងធ្លាក់ខ្លាំង ខណៈដែលកម្ពុជា នឹងរងសម្ពាធនៃខ្យល់ព្យុះ ( Tropical Storm) ដែលបច្ចុប្បន្នបានបក់មកដល់ភាគខាងត្បូងប្រទេសវៀតណាម ហើយនឹងមកដល់កម្ពុជានៅល្ងាចថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ នេះ។

    សម្តេចតេជោ ទទូចឱ្យប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ដោយខិតខំធ្វើយ៉ាងណាទប់រក្សាស្តុកទឹកភ្លៀង ត្រៀម បង្ការ ក្នុងករណីដែលខែបន្តបន្ទាប់ មិនមានភ្លៀងគ្រប់គ្រាន់សម្រាប់ការធ្វើកសិកម្ម និងការស្រោចស្រពដំណាំនានា ។គួររម្លឹកផងដែរថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ​ការ​តាមដាន​នូវ​ការ​វិវត្ត ​និង​ប្រែប្រួល​ជាបន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ​ ក្រសួងបានសង្កេតឃើញ​ថា ​ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា​ដោយ​ភ្ជាប់​ទៅ​និង​វិសម្ពាធ​ទាប​សកម្ម​មួយ​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​។

    ក្រសួងធនធានទឹក បានបន្តទៀតថា តាម​ការវិភាគ ​និង​ព្យាករណ៍​សម្ពាធ​ទាប​សកម្ម ​ដែល​នៅ​លើ​សមុទ្ទ​ចិន​ខាងត្បូង​នោះ​ នឹង​វិវត្ត​ជាបន្តបន្ទាប់​ជា​វិសម្ពាធ (Tripical Depression​) ឬក៏​ជា​ព្យុះ (Tropical Storm​) ដោយ​ដើរ​ដល់​លើ​ភាគ​ខាងត្បូង​វៀតណាម​នៅ​ថ្ងៃទី ០៧ ខែតុលា​។

    ស្ថានភាព​បែបនេះ ធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ដោយឡែកនៅតាមតំបន់មាត់សមុទ្ទអាចមានភ្លៀងធ្លាក់ច្រើន។

    ក្រសួងធនធានទឹក អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានកា​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ​ផ្គរ​ រន្ទះ​ ខ្យល់​កន្ត្រាក់​ និង​ជំនន់​ទឹកភ្លៀង ​ជាពិសេស​ប្រជាពលរដ្ឋ ​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់​ភ្នំ​ ជួរភ្នំ​ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្ទ​។

    ជាមួយគ្នា​នោះ​ អ្នកនេសាទ​ និង​អ្នកដំណើរ​សមុទ្ទ ​ក្រសួងសូមប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀង​ខ្យល់បក់​ខ្លាំង​និង​រលក​សមុទ្រ​ខ្ពស់ ៗ ចាប់ពី​ថ្ងៃទី ០៧-០៩ ខែតុលា​ផងដែរ៕

    អត្ថបទទាក់ទង