ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គោលដៅទី១)

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1504
ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គោលដៅទី១)ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គោលដៅទី១)

(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែងនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់នោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ខាងក្រោមជាខ្លឹមសារសំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅគោលដៅទី១៖

  1. សម្តេចតេជោ ហ៊ុន សែន បាននាំយកនូវការផ្តាំផ្ញើរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សួរសុខទុក្ខប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់
  2. សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខមរណទុក្ខ ចំពោះពលរដ្ឋដែលបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងត្រូវធ្វើជាបឋម គឺការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព
  4. សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដែលនេះជារឿងមិនធ្លាប់ជួបក្នុងរយៈពេលជាង៤០ឆ្នាំ ក្រោយរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលករណីបែបនេះ៧០ឆ្នាំមានម្តង
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនរងគ្រោះធ្ងន់ធ្ងរជាងយើងទៅទៀត
  6. សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀងពេលនេះកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ខណៈជិតដល់រដូវរំហើយ
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ-១៩ បានបំផ្លាញយើងរួចទៅហើយ តែពេលនេះជំនន់ទឹកភ្លៀងចូលមកបំផ្លាញយើងទៅទៀត ហើយទំហំនៃការខូចខាតនៅមិនទាន់បូកសរុបនៅឡើយទេ
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រថយន្តកងទ័ព២៩០គ្រឿង ដែលបានទទួលរងការវាយប្រហារ កាលពីពេលកន្លងទៅ បានក្លាយជាមធ្យោបាយសម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំធ្វើការ អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ បើគ្មានការអន្តរាគមន៍ទេ ប្រហែលជាមានប្រជាពលរដ្ឋស្លាប់ និងរងគ្រោះច្រើនជាងនេះ
  10. សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី នៅពេលប្រជាពលរដ្ឋដែលជម្លៀសវិលត្រឡប់ទៅផ្ទះវិញ ត្រូវជួយដឹកជញ្ជូន និងដោះស្រាយបញ្ហាផ្សេងទៀត ដែលពួកគាត់នឹងត្រូវជួបការលំបាក
  11. សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ខណៈដែលបណ្តារាជធានី-ខេត្តមួយចំនួន ជួបគ្រោះទឹកជំនន់ សប្បុរសជនជាច្រើនបានចូលខ្លួនមកជួយឧបត្ថម្ភ
  12. សម្តេចតេជោ ហ៊ុន សែន លើកសរសើរ ឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ ព្រមទាំងយកអំណោយអង្ករ៥០តោនចែកជូនពលរដ្ឋដោយផ្ទាល់ថែមទៀតនៅខេត្តបន្ទាយមានជ័យ
  13. សម្តេចតេជោ ហ៊ុន សែន យល់ស្របជាមួយសំណើអភិបាលខេត្តបន្ទាយមានជ័យ ដែលសុំបើកទ្វារទឹក ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀង តែត្រូវធ្វើការជាមួយក្រសួងពាក់ព័ន្ធ
  14. សម្តេចតេជោ ហ៊ុន សែន គាំទ្រការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោកដែលបានថ្លែងថា ការរីករាលជំងឺកូវីដ-១៩ ដោយសារការបន្ទោសគ្នា
  15. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តតាមវិធានការសុខាភិបាល និងបន្តការប្រុងប្រយ័ត្នចំពោះកូវីដ-១៩ តទៅទៀត
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងដោះស្រាយចំពោះបញ្ហាទឹកជំនន់ យើងត្រូវរួមគ្នាប្រយុទ្ធជាមួយជំងឺកូវីដ-១៩ តទៅទៀត
  17. សម្តេចតេជោ ហ៊ុន សែន បានបង្គាប់ឱ្យទេសរដ្ឋមន្រ្តី គន់ គីម បន្តតាមដានការវិវឌ្ឍបញ្ហាទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ
  18. សម្តេចតេជោ ហ៊ុន សែន បានផ្តល់រង្វាន់ជាទីគាប់ចិត្តដល់ពលរដ្ឋម្នាក់ ដែលសរសេរលិខិតថ្លែងអំណរគុណដាក់ក្នុងបាយកញ្ចប់ យកទៅប្រគល់ជូនកងទ័ពកន្លងទៅ
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើមិនធ្វើតាមការនិយាយរបស់ពួកប្រឆាំងទេ
  20. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងទៀត ឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចុះពិនិត្យមើលតាមខ្នងផ្ទះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និងត្រូវការពារទ្រព្យសម្បត្តិពលរដ្ឋ
  21. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
  22. សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលនេះ
  23. ប៉ុន្តែសម្តេចព្រមឱ្យរឹបអូស ប្រសិនបើនរណាម្នាក់ អនុវត្តតាមការញុះញង់របស់ក្រុមឧទ្ទាម ដោយមិនសង់លុយធនាគារ ឬនាំគ្នាសម្រុកទៅដកលុយពីធនាគារ នៅដំណាក់កាលនេះ
  24. សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ តុលា ជាមួយនឹងពាក្យ «ប្រយ័ត្នខន្តិញោម»
  25. សម្តេចតេជោ ហ៊ុន សែន ចំអកឱ្យ លោក សម រង្ស៉ី ដែលត្រូវពលរដ្ឋថៃ ព្រមានរឿងលើកម្រាមដៃបី ថាកុំឱ្យជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងថៃ
  26. សម្តេចតេជោ ហ៊ុន សែន បានជឿជាក់ថា កម្ពុជានឹងជំនះបានទាំងជំកូវីដ-១៩ និងគ្រោះទឹកជំនន់ ហើយកម្ពុជានឹងស្តារអ្វីបានឡើងវិញ
  27. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលទិតៀនរឿងទិញរថយន្តយោធា២៩០គ្រឿង មិនសាកសមនៅក្នុងប្រទេសទេ ព្រោះបើនៅក្នុងប្រទេសនឹងត្រូវគេវ៉ៃ
  28. សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន កំពុងព្យាបាលជំងឺនៅក្រៅប្រទេស
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកនយោបាយចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សូមធ្វើដោយកុំរើសអើងប្រជាពលរដ្ឋ
  30. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលប្រជាជនជួបការលំបាក គឺជាទម្លាប់សម្តេចតែងរត់រកប្រជាជន មិនឱ្យប្រជាជនរត់ទៅរកសម្តេចនោះទេ
  31. សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីប្រវត្តអាវពណ៌ខៀវ ដែលចុះជួបប្រជាពលរដ្ឋរាប់ឆ្នាំមកនេះ រហូតដល់ស្លេកក្លាយទៅជាពណ៌ប្រផេះ
  32. សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា នៅវេលាម៉ោង៩៖១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៕

អត្ថបទទាក់ទង