ខ្មែរប៉ុស្ដិ៍ Close

    ដំណើរការសិក្សារបស់សិស្សត្រៀមប្រឡងឆ្នាំនេះ នៅបន្តជាធម្មតា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1550
    ដំណើរការសិក្សារបស់សិស្សត្រៀមប្រឡងឆ្នាំនេះ នៅបន្តជាធម្មតាដំណើរការសិក្សារបស់សិស្សត្រៀមប្រឡងឆ្នាំនេះ នៅបន្តជាធម្មតា

    បើទោះបីជាជំនន់ទឹកភ្លៀងបានធ្វើឱ្យសាលារៀនមួយចំនួនបិទទ្វារក៏ដោយ ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងនាពេលខាងមុខនេះដែរ។

    លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា សាលារៀនដែលបានផ្អាកការសិក្សាជាបណ្តោះអាសន្នក្នុងពេលដែលមានទឹកជនន់នេះ ភាគច្រើនជាសាលានៅកម្រិតបឋមសិក្សា។ ចំណែកសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យវិញ មិនសូវប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ លោកបានបន្ថែមថា ក្នុងករណី សិស្សថ្នាក់ទី៩ និងសិស្សទី១២ ផ្អាកដោយសារសាលាលិចទឹកនោះ ក្រសួងអប់រំសហការជាមួយមន្ទីរអប់រំ និងគណៈគ្រប់គ្រងសាលានីមួយៗដើម្បីឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញមិនឱ្យសិស្សខកខានក្នុងការចូលរួមប្រឡងនាពេល ខាងមុខឡើយ។ « ក្នុងចំណោមសាលាជាង ៥០០ នេះគឺមានការប៉ះពាល់ដល់កម្រិតថ្នាក់ទី ១២ មួយចំនួនតូច ដែលទទួលការលិចទឹកជំនន់ទឹកភ្លៀងនេះ គណៈគ្រប់គ្រងសាលារៀនបានផ្អាកដំណើរការ សាលារៀន មួយចំនួនតូចកម្រិតថ្នាក់ទី ១២នេះ ដោយបង្វែរការសិក្សាតាមអនឡាញតាមយន្ដការដែលមានស្រាប់»។

    លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ក្រសួងមិនបន្ធូរបន្ថយស្តង់ដារប្រឡងនោះទេ ទាំងថ្នាក់ទី៩ និងថ្នាក់ទី១២ ទោះបីមានការផ្អាកការសិក្សាមួយរយៈពេលក៏ដោយ។ លោកបានអំពាវនាវឱ្យ សិស្សានុសិស្ស ដែលត្រៀមប្រឡង ទាំងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ គឺត្រូវបង្កើនការយកចិត្តទុកដាក់ រៀនសូត្រ ដោយត្រូវធ្វើស្វ័យសិក្សាឱ្យបានជាប់ជាប្រចាំ មិនថារៀននៅក្នុងថ្នាក់ ឬនៅផ្ទះនោះទេ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងខាងមុខនេះ។ «ខ្ញុំសុំឱ្យសិស្សដែលត្រៀមប្រឡង ថ្នាក់ទី៩ និងទី១២ ត្រូវរំលឹកមេរៀនឡើងវិញ ខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យ ដោយត្រូវធ្វើស្វ័យសិក្សាផង និងរៀងសូត្រនៅក្នុងថ្នាក់រៀនផង ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់ដែលបណ្តាលមកពីកូវីដ-១៩នេះ មកលើវិស័យអប់រំ។ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ដើម្បីត្រៀមប្រឡង ដោយក្រសួងមិនមានចេតនាដើម្បីទម្លាក់ស្តង់ដារឱ្យទាបនោះទេ ដោយក្រសួងនិងអនុវត្តទៅតាមស្តង់ដារ ដែលយើងរៀបចំដូចពេលមុនៗ»។

    រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបានផ្តល់ ពេលវេលាសិក្សាបន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រចិត្ត បង្រៀន បន្ថែមម៉ោងដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អ មុនដំណើរការប្រឡង ។

    សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ៕

    អត្ថបទទាក់ទង