ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់ថ្មីទៀត និងមិនមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡា - សុខភាព 1024
    កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន ១នាក់ថ្មីទៀត និងមិនមានករណីជាសះស្បើយនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះរូបតំណាង (rfi)

    ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងនៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន១នាក់ទៀត ដែលជាករណីនាំចូល។

    បើតាមក្រសួងសុខាភិបាល អ្នកដែលឆ្លងថ្មីនោះគឺស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្របុរី ខេត្តក្រចេះ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៩ តុលា ២០២០ កន្លងទៅ។

    ក្រសួងបានបញ្ជាក់ថា ស្ត្រីនោះជាអ្នកដែលបានរួមដំណើរជាមួយនឹងបុរសជនជាតិប៉ូឡូញដែលរកឃើញមានវិជ្ជមានកូវីដ-១៩កាលពីពេលកន្លងទៅ។  រីឯអ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ ចំនួន ៥២នាក់ទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារចំនួន ៣កន្លែងក្នុងរាជធានីភ្នំពេញ (២៦នាក់) និងនៅមណ្ឌលទ័ពអាកាសចំនួន ២៦នាក់ (ដែលក្នុងចំនួននោះ មានស្ត្រីដែលរកឃើញមានវិជ្ជមានកូវីដ-១៩នេះដែរ)។ ដូចនេះអ្នកដំណើរដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលទ័ពអាកាសទាំង ២៥នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ ត្រូវតម្រូវអោយបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាព។

    សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្ត្រី ៦០នាក់ និងបុរស២៣២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៨៣នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញកើនដល់ចំនួន ៩នាក់៕

    អត្ថបទទាក់ទង