ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ចំនួន ៦២៨នាក់ ទទួលលទ្ធផល «អវិជ្ជមានកូវីដ-១៩» ខណៈអ្នកជំងឺ ៣នាក់ផ្សេងទៀតបានជាសះស្បើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1715
    ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ចំនួន ៦២៨នាក់ ទទួលលទ្ធផល «អវិជ្ជមានកូវីដ-១៩» ខណៈអ្នកជំងឺ ៣នាក់ផ្សេងទៀតបានជាសះស្បើយក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ចំនួន ៦២៨នាក់ ទទួលលទ្ធផល «អវិជ្ជមានកូវីដ-១៩» ខណៈអ្នកជំងឺ ៣នាក់ផ្សេងទៀតបានជាសះស្បើយ

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី នៅកម្ពុជា ខណៈអ្នកជំងឺ៣នាក់ព្យាបាលជាសះស្បើយ។

    ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថា ធ្វើតេស្តលើសំណាកអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មប្រទេសហុងគ្រី លើមនុស្ស៦២៨នាក់ ដោយលទ្ធផលតេស្តបង្ហាញថា មិនមានឆ្លងកូវីដ-១៩ នោះទេ។

    ចំពោះអ្នកជំងឺដែលជាសះស្បើយទាំង ៣នាក់នោះរួមមាន៖

    * បុរសជនជាតិខ្មែរអាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាអ្នកធ្វើដំណើរមកពីប្រទេសអ៉ីរ៉ាក់ បន្តជើងហោះហើរនៅទីក្រុងដូហា និងនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០។

    * បុរសជនជាតិប៉ូឡូញអាយុ ៤៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបណ្ដោះអាសន្ន នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ បានធ្វើដំណើរមកពីប្រទេសប៉ូឡូញ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

    * បុរសជនជាតិបារាំងអាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។

    បុគ្គលទាំង៣នាក់ខាងលើ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

    ដោយឡែកសម្រាប់អ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ត្រូវបានក្រសួងបញ្ជាក់ថា ក្រោយពីទទួលបានសេចក្ដីជូនព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅថៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវ ភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបាន និងកំពុងយកវត្ថុសំណាកអ្នកដែលប៉ះពាល់ ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

    គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាល់សរុបចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាក ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល «អវិជ្ជមានវីរុសកូវីដ-១៩» ទាំងអស់គ្នា ហើយក្រសួងកំពុងស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀត។

    សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៩២នាក់ (ស្រី ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៦នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៦នាក់៕

    អត្ថបទទាក់ទង