ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1150
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកបញ្ជាក់ថា មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជាវិធានការក្នុងការទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ-១៩នោះឡើយ។

    ក្នុងសារផ្ញើជូនជនរួមជាតិលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សេន បានបញ្ជាក់ដូច្នេះ «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។

    ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានសំឡេងមួយចែកចាយតាមបណ្តាញសង្គម ដោយប្រឌិតព័ត៌មានថា នឹងមានការបិទរាជធានីភ្នំពេញ និងហាមធ្វើដំណើរឆ្លងខេត្តជាដើម។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកការប្រឌិតព័ត៌មាននេះ ជាការឃោសនាអកុសលរបស់ជនអាក្រក់ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

    ជាមួយនឹងការច្រានចោលព័ត៌មានប្រឌិតនេះហើយលោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

    ពាក់ព័ន្ធការពាក់ម៉ាស់នេះដែរ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីម្សិលមិញនេះ សម្តេចបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០វិញ។

    លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់អ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយ ជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក៕

    អត្ថបទទាក់ទង