ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លង Covid-19 មិនអាចធ្វើឱ្យសាបរលាបបំណងល្អ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីទេ

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 896
    ប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លង Covid-19 មិនអាចធ្វើឱ្យសាបរលាបបំណងល្អ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីទេប្រមុខការទូតកម្ពុជា៖ ឧប្បត្តិហេតុនៃការចម្លង Covid-19 មិនអាចធ្វើឱ្យសាបរលាបបំណងល្អ នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រីទេ

    (ភ្នំពេញ)៖ ខណៈកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះដោយសារតែប៉ះពាល់ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Péter Szijjártó ដែលបំពេញទស្សនកិច្ចនៅកម្ពុជានោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា ឧប្បត្តិហេតុនៃការចម្លង Covid-19 នាថ្ងៃទី០៣ ខែវិច្ឆិកា មិនអាចធ្វើឱ្យសាបរលាបបំណងល្អនៃដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសហុងគ្រីទេ។

    នៅលើបណ្តាញសង្គម Facebook នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរៀបរាប់អំពីការមានសុខភាពធម្មតារបស់លោក នៅអំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃមកនេះ ជាមួយនឹងលទ្ធផលតេស្តលើកទី២ នៅតែ «អវិជ្ជមានមេរោគកូវីដ-១៩»។ បន្ទាប់មក លោកបានលើកឡើងអំពីគុណបំណាច់ និងសារសំខាន់នៃការធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

    ប្រមុខការទូតកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «ឧប្បត្តិហេតុនៃការចម្លង Covid-19 នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់ លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ»។

    «រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចម្រុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA 20% ពីកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន។

    លោក Péter Szijjártó បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការ និងចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ។ លោកជារដ្ឋមន្រ្តីការបរទេស នៃប្រទេសជាមិត្តទី៣ ដែលបានមកដល់ប្រទេសកម្ពុជាអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក Péter Szijjártó ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩ ក្រោយពេលចាកចេញពីប្រទេសកម្ពុជា ទៅដល់ប្រទេសថៃ។

    ការរកឃើញលទ្ធផលវិជ្ជមានមេរោគកូវីដ-១៩ លើខ្លួនលោករដ្ឋមន្រ្តីការបរទេសហុងគ្រី បានជំរុញឱ្យកម្ពុជា ប្រមូលអ្នកពាក់ព័ន្ធជាង១ពាន់នាក់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយក្នុងនោះក្រសួងសុខាភិបាល មានម នុស្សចំនួន៤នាក់ បានឆ្លងជំងឺនេះ ពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី។

    ក្នុងជំនួបតាមទូរស័ព្ទជាមួយប្រមុខការទូតកម្ពុជា លោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោក ចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ «លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ»។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ សុខុន។

    ហុងគ្រី ជាប្រទេសតូចមួយនៅអឺរ៉ុប ដែលចេញមុខការពារកម្ពុជា ជំទាស់ចំពោះការព្រមានរបស់អឺរ៉ុប ដើម្បីដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ជាមួយគ្នានេះ អំឡុងពេលដែលកម្ពុជា ត្រូវបានគំរាមកំហែងដោយប្រទេសមួយចំនួន នៅក្នុងសហភាពអឺរ៉ុប ហុងគ្រីបានបោះដៃបង្កើនទំនាក់ទំនងកាន់តែខ្លាំងក្លាជាមួយកម្ពុជា ដោយរៀបចំឱ្យមានទំនាក់ទំនងថ្នាក់ដឹកនាំកំពូលទៅវិញទៅមកផងដែរ៕

    អត្ថបទទាក់ទង