ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ បន្តរកឃើញអង្គភាពក្រោមឱវាទចំនួន៥បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1406
ក្រសួងអប់រំ បន្តរកឃើញអង្គភាពក្រោមឱវាទចំនួន៥បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកាក្រសួងអប់រំ បន្តរកឃើញអង្គភាពក្រោមឱវាទចំនួន៥បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា

ភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ បានរកឃើញគ្រឹះស្ថានសិក្សាចំនួន២៤ហើយ ដែលជាប់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា ។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមយប់ថ្ងៃទី១១ វិច្ឆិកា ២០២០ ក្រសួងអប់រំ បានរកឃើញអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍០៣ វិច្ឆិកា សរុបមានចំនួន២៤ គឺ៖ គ្រឹះស្ថានសិក្សាសាធារណៈចំនួន៩, គ្រឹះស្ថានសិក្សាឯកជនចំនួន១០, មន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន០៤ និង ក្លឹបហាត់កីឡាចំនួន១នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តមបន្តថា អង្គភាពទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ក្រសួងអប់រំ បានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀន ជាបណ្តោះអាសន្នរយ:ពេល០២សប្តាហ៍ និងបន្តការសិក្សាតាម អនឡាញនៅរាជធានីភ្នំពេញ ទីរួមខេត្តកណ្តាល និងទីតាំងគោលដៅ ។ ក្រសួងអប់រំ ក៏បានផ្អាកដំណើរការជាបណ្តោះអាសន្ន នៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់មានការជូនដំណឹងជាថ្មី ។

ឯកឧត្តមបានអំពាវនាវដល់អ្នកពាក់ព័ន្ធ ក្រោមឱវាទក្រសួង ត្រូវបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

ឯកឧត្តម​បញ្ជាក់​ថា​«ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធ ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ មេត្តាបន្តរាយការណ៍ ជូនក្រសួងតាមរយ:លេខទូរស័ព្ទ ០១២ ៣៣៥ ៩៩៩ ។ ចំពោះមុខនេះ អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាពសុខភាព តាមគោលការណ៍ប្រតិបត្តិស្តង់ដារ របស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល»។

សូមបញ្ជាក់ថា អង្គភាពក្រោមឱវាទក្រសួងអប់រំ ដែលជាប់ពាក់ព័ន្ធចំនួន៥បន្ថែមទៀតនេះ គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងរាជធានីភ្នំពេញ ដែលមានសិស្សចំនួន៩នាក់ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន២ផ្សេងទៀត ដោយមានបុគ្គលិក១រូប បានទទួលទានអាហារជាមួយអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា និង មានបុគ្គលិក១រូបទៀត បានចូលរួមប្រជុំជាមួយ អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍០៣ វិច្ឆិកា៕