ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការអនុញ្ញាតឱ្យបើកដំណើរការសាលារៀននិងស្តាតអូឡាំពិកឡើងវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1729
ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការអនុញ្ញាតឱ្យបើកដំណើរការសាលារៀននិងស្តាតអូឡាំពិកឡើងវិញ ក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងផ្លូវការអនុញ្ញាតឱ្យបើកដំណើរការសាលារៀននិងស្តាតអូឡាំពិកឡើងវិញ

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើយវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារព្រឹត្តិការណ៍ ០៣វិច្ឆិកា។

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «ក្រោយពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០»។

ជាមួយគ្នានេះ ក្រសួង នៅតែរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានបន្តថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារ នៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។ ជាមួយគ្នានេះ ក្រសួងអប់រំ អនុញ្ញាតឲ្យមានការហាត់ប្រាណលេងកីឡា និងការចេញចូល បរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកានេះតទៅដោយបន្តអនុវត្តនូវវិធានសុវត្ថិភាព សុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម។

សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ចូលសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ក្រសួងអប់រំ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេល១៤ថ្ងៃ។ ជាមួយគ្នានេះ ស្តាតអូឡាំពិក ក៏ត្រូវប្រកាសបិទជាបណ្តោះអាសន្នផងដែរ។ តែនៅពេលនេះ ក្រសួងប្រកាសបើកឡើងវិញដូចធម្មតា៕

អត្ថបទទាក់ទង