ខ្មែរប៉ុស្ដិ៍ Close

    សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1614
    សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាសម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងក្រុមគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរកជំងឺនេះដូចគ្នានៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈសម្ដេចផ្ទាល់ក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាផងដែរ។

    តាមរយៈសារសំឡេងដែលផ្ញើជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មន្ដ្រីយើងទាំងអស់ណាដែលមានការជាប់ពាក់ព័ន្ធ ធ្វើការជាមួយ លោក ឆែម សាវុធ សុំទៅក្រសួង (សាលប្រជុំ S) ដើម្បីគេយកសំណាកទៅពិនិត្យ»

    សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យលោក ឆែម សាវុធ ត្រូវអំពាវនាវបន្ដដល់អ្នកដែលបានរួមធ្វើការ ឬមានទំនាក់ទំនងដោយផ្ទាល់ជាមួយខ្លួន ត្រូវភ្ញាក់រលឹកទៅធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា។

    គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួងមួយ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះលោក ឆែម សាវុន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានចូលរួមផងដែរ។ បន្ថែមពីនេះ ក៏មានថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងប្រធានស្ថាប័នមួយចំនួនទៀត ចូលរួមប្រជុំនោះដែរ។

    លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួន នៃការធ្វើសេត្តរកវីរុសកូវីដ-១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។

    លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត។

    គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញ៦ករណីវិជ្ជមានកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀតផងដែរ។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ-១៩នេះនៅឡើយ។

    សម្ដេចតេជោ ហ៊ុន សែន តាមរយៈសារសំឡេងកាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ក៏បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោ រហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពីគ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការប្រមូលផ្តុំណាមួយ។

    សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងមិនអំពាវនាវឱ្យមានការបិទសាលារៀននៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពតែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ត្រូវទុកសាលារៀនដំណើរការធម្មតាទៅតាមគន្លងថ្មី៕

     

    អត្ថបទទាក់ទង