ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាលរកព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១នាក់ និងរកឃើញករណីវិជ្ជមាន ១នាក់បន្ថែមទៀត ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1525
    ក្រសួងសុខាភិបាលរកព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១នាក់ និងរកឃើញករណីវិជ្ជមាន ១នាក់បន្ថែមទៀត ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូងក្រសួងសុខាភិបាលរកព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ១នាក់ និងរកឃើញករណីវិជ្ជមាន ១នាក់បន្ថែមទៀត ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង

    ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថាខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន១នាក់ថែមទៀត ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងក៏បានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ចំនួន ១នាក់បានជាសះស្បើយ។

    អ្នកដែលទើបរកឃើញឆ្លងថ្មីនេះ គឺបុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុសអាយុ ២២ឆ្នាំ មុនថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

    បុរសជនជាតិខ្មែរ ឈ្មោះ សាយ សៅលាង អាយុ ២១ឆ្នាំ រកឃើញមានផ្ទុកកូវីដ-១៩ នៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២០

    រីឯអ្នកដែលជាសះស្បើយវិញ គឺបុរសជនជាតិនេប៉ាល់ ឈ្មោះ ហ្គូរ៉ុង កាម៉ា ស៊ុលទីម (GURUNG Karma Tsultim) អាយុ ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

    ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមសំណាកចំនួន ៦២៥ ដែលប្រមូលយកមកពីតាមបណ្ដាខេត្ត រាជធានី និងនៅសល់កាលពីមួយថ្ងៃមុនចំនួន ៥១សំណាក ត្រូវបានធ្វើតេស្ត និងរកឃើញករណីវិជ្ជមានចំនួន ១ករណី លើបុរសជនជាតិខ្មែរខាងលើនេះតែម្ដង។

    ក្រសួងសូមអំពាវនាវអោយអ្នកដែលពាក់ព័ន្ធនឹងថ្ងៃទី ២៨ វិច្ឆិកា ទាំងអស់ត្រូវមកធ្វើតេស្តជាលើកទី២ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ដែលក្រសួងនឹងរៀបចំទីតាំងធ្វើតេស្តនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅតាមន្ទីរសុខាភិបាលរាជធានីខេត្ត។

    ទន្ទឹមនេះ ក្រសួងក៏បានអំពាវនាវអោយអ្នកដែលបានចូលទៅទិញសម្លៀកបំពាក់នៅហាង Zando សាខាបឹងកេងកង នៅអំឡុងពេលចាប់ពីម៉ោង ១៩:៣០នាទីយប់ ដល់ពេលបិទហាង នាយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់នៅវិទ្យាស្ថានសុខភាពសាធារណៈ រៀងរាល់ម៉ោងធ្វើការ និងតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះ ឬនៅសណ្ឋាគារ ឬនៅតាមមណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តឲ្យបានគ្រប់ចំនួន ១៤ថ្ងៃ និងត្រូវអនុវត្តវិធានការពារខ្លួនកុំអោយចម្លងទៅអ្នកដទៃ អោយបានត្រឹមត្រូវជាទីបំផុត និងសូមកុំដើរចេញពីទីកន្លែងដែលខ្លួនកំពុងធ្វើចត្តាឡីស័កនេះឡើយ។

    សូមអាននូវសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

    អត្ថបទទាក់ទង